ខេត្តបាត់ដំបង ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទី លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វេីការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ រ៉ម មករា ហៅ រ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិភ្នំសំពៅកេីត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាតដំបង តាមបញ្ជារបស់ឯកឧត្ដមព្រះរាជអាជ្ញាមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដេីម្បីធ្វេីការសាកសួរពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វេីអោយខូចខាតដោយចេតនា (ប្រេីប្រាស់កាំបិតកាប់)។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថាកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៧:០០នាទី នៅចំណុចលេីផ្លូវហាយវេ ស្ថិតក្នុងភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលេីដែលជាសមាជិកក្រុម PSP (ភ្នំសំពៅ) រួមជាមួយបក្សពួកចំនួន ០៥នាក់ទៀត ជិះម៉ូតូចំនួន ០៣គ្រឿង បានធ្វេីសកម្មភាពអង្គុយចាំស្ទាក់ ដេីម្បីកាប់ទៅលេីក្រុមជនរងគ្រោះ ក្រុម HW (ហាយវេ) ចំនួន ០៤នាក់ ដែលកំពុងអង្គុយលេងនៅលេីផ្លូវហាយវេ បណ្តាលអោយឈ្មោះ ញ៉ាញ់ សុវណ្ណរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបុស្សខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង រងរបួសធ្ងន់ (មុតរយះក្បាលដល់លលាដ៍)។ កន្លងមកក្រុមទាំង ០២នេះ ធ្លាប់បានធ្វេីសកម្មភាពដេញកាប់គ្នា ចំនួនប្រហែល ១៣ដង មកហេីយដោយមូលហេតុផុសរូបភាពវីដេអូឌឺដងដៀមដាមដាក់គ្នា តាមរយៈបណ្ដាញសង្គម Tik Tok ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វេីការកសាងសំណុំរឿង ដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕