ជាមិត្តភក្តិរួមផលិតកម្មនឹងគ្នា ប៉ុន្តែមិនមែនជាញឹកញាប់ទេដែលឃើញលោកថុលសុភិទិ និងលោកទេពពិសិដ្ឋបង្ហាញភាពស្និទ្ធស្នាលនឹងគ្នា។ លើកលែងតែត្រឹមតែមួយរយៈចុងក្រោយនេះ ដែលលោកថុលសុភិទិ រួមទាំងគ្នីគ្នារបស់លោកជាបេក្ខភាព Cambodian Idol បានឡើងរាំសម្តែងការគាំទ្រដល់លោកទេពពិសិដ្ឋនូវបទ«20 Out Now» នៅលើឆាកតន្រ្តីហង្សមាសដោយផ្ទាល់ និងពួកគេទាំង៥ធ្លាប់បានចូលរួមបកស្រាយចម្រៀងរួមគ្នានូវបទ«SEA Games ចងមេត្រី» កាលពីក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកន្លងទៅនេះ។
ប៉ុន្តែការសម្តែងការគាំទ្ររបស់លោកថុលសុភិទិចំពោះលោកថុលសុភិទិកាន់តែឃើញច្បាស់ឡើងៗជាងនេះនៅកាលពីម្សិលមិញនេះឯង ដោយលោកថុលសុភិទិបានធ្វើការចែករំលែកបទចម្រៀង Cover មួយបទលំនាំបទរ៉េប«ចាប់ក្តីស្រម៉ៃ» របស់លោកទេពពិសិដ្ឋនៅលើទំព័រហ្វេសប៊ុករបស់លោក និងឆាណែលយូធូបផ្លូវការរបស់លោកផងដែរ។
ជាមួយនឹងបទចម្រៀង Cover នេះផងដែរ លោកក៏បានបន្ថែមនូវចំណងជើងថ្មីជាភាសាអង់គ្លេសឡើងថា«Homeless» និងបានធ្វើការកែសំរួលបទរ៉េបនោះទៅជាចង្វាក់ភ្លេងបែប Acoustic វិញ។ ការកែច្នៃ និងច្រៀងឡើងវិញរបស់លោកថុលសុភិទិបានធ្វើអោយទស្សនិកជនមានការចាប់អារម្មណ៍បទរបស់លោកទេពពិសិដ្ឋកាន់តែខ្លាំង និងប្លែកអារម្មណ៍ដែលបទចម្រៀងមួយនេះក៏អាចច្នៃជាភ្លេង Acoustic បានដែរ ដែលស្តាប់ទៅពិរោះមួយបែបទៀត ។
គួររំលឹកផងដែរថា បទ«ចាប់ក្តីស្រម៉ៃ» របស់លោកទេពពិសិដ្ឋត្រូវបានចេញផ្សាយឡើងកាលពីថ្ងៃទី២៦ ខែកក្កដាកន្លងទៅនេះ និងទទួលបានចំនួនទស្សនារហូតទៅដល់១លានដងជាងត្រឹមតែរយៈពេល២ខែប៉ុណ្ណោះ។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះទាំងពីរបទនេះរបស់ពួកគេទាំងពីរ?