កាលពីសប្តាហ៍ទី៤នៃកម្មវិធី The Voice Kids Cambodia រដូវកាលទី៣ នៃវគ្គ Blind Auditions កុមារីម្នាក់បានបង្ហាញសមត្ថភាពច្រៀងភាសាអង់គ្លេស និងលេងហ្គីតាបានយ៉ាងរស់រវើកធ្វើអោយទស្សនិកជនជាច្រើនមានការពេញចិត្តចំពោះការសម្តែងរបស់នាងនិងធ្វើការចែករំលែកបន្តគ្នានៅពាសពេញបណ្តាញសង្គម។
សង្កេតឃើញថាកុមារី ហ៊ លីអីញ ពិតជាមានភាពក្លាហានក្នុងការបង្ហាញសមត្ថភាពរបស់ខ្លួន និងឆ្លើយឆ្លងជាមួយគណៈកម្មការទាំងបីបានយ៉ាងល្អ ដែលកាន់តែធ្វើអោយមានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជន។ ហ៊ លីអីញ ទទួលបានការបង្វិលកៅអីពីគណៈកម្មការទាំង៣រូប និងត្រូវបានពួកគេប្រកួតគ្នាដណ្តើមយកយ៉ាងស្វិតស្វាញ។ មិនតែប៉ុណ្ណោះនៅពេលបញ្ចប់នៃការសម្តែង គណៈកម្មការថែមទាំងបានអោយនាងបង្ហាញសមត្ថភាពច្រៀងបទចម្រៀងមួយបទទៀត ហើយលីអីញក៏សំរេចចិត្តច្រៀងបទភាសាចិនមួយបទទៀតទាំងលេងហ្គីតាធ្វើអោយមហាជនកោតសរសើរពេញចិត្តសមត្ថភាពក្មេងស្រីអាយុ៨ឆ្នាំម្នាក់នេះមែនទែន។
ហ៊ លីអីញ បានបញ្ជាក់ថានាងបានទទួលបានបង្ហាត់បង្រៀនពីគ្រូតន្រ្តីម្នាក់ទៀតផង ធ្វើអោយលោក Zono ក្រាបននៀលសុំអោយលីអីញបង្ហាត់បង្រៀនលោកលេងហ្គីតាដែរផង។ គណៈកម្មការម្នាក់ៗមានការបង្ហាញលក្ខណៈពិសេសផ្ទាល់ៗខ្លួនដើម្បីចងចិត្តរបស់លីអីញ ទាំង Coach កញ្ញាជួយជ្រោមជ្រែងនាងកាន់ហ្គីតា និងCoach នីសាសន្យាថានឹងបង្ហាត់បង្រៀននាងច្រៀងបទភាសាខ្មែរអោយបានល្អ។ នៅទីបំផុតលីអីញក៏សំរេចចិត្តជ្រើសរើស Coach Zono ដោយសុំទោស Coach ពីររូបទៀតដោយខានមិនបាន។