ថ្មីៗនេះម្ចាស់ពានកម្មវិធី The Voice Cambodia រដូវកាលទី១ លោកប៊ុតសីហាបានសម្តែងចំណាប់អារម្មណ៍នៅលើបណ្តាញសង្គមដើម្បីសំណូមពរការគាំទ្រពីសំណាក់ទស្សនិកជនគាំទ្រវិស័យតន្រ្តី ធ្វើអោយមហាជនមានការចាប់អារម្មណ៍និងបានធ្វើការចែករំលែកបន្តគ្នាជាច្រើន។ លោកប៊ុតសីហាបានបង្ហោះនៅលើហ្វេសប៊ុកផេកតែមួយគត់របស់លោក Buth Seyha Real ថាលោកនឹងងើបឈរដោយខ្លួនឯងក្លាយជាអ្នកចំរៀងម្នាក់ដោយធ្វើបទចំរៀងដាក់ផេក និងឆាណែលយូធូបដោយខ្លួនឯង។ ការអះអាងប្រកបឆន្ទៈបង្ហាញនូវជំហរមោះមុតរបស់លោក ធ្វើអ្នកអោយលេងក្នុងប្រពន្ធ័អ៊ីនធឺណែតបានជ្រួតជ្រាប និងចង់ផ្តល់ជាកំលាំងចិត្តសំរាប់រូបលោក។ កន្លងមកលោកប៊ុតសីហាធ្លាប់ពាក់ពន្ធ័នឹងពត៌មានមិនល្អមួយចំនួនដែលបានរុញច្រានធ្វើអោយកេរ្តិ៍ឈ្មោះ និងកិត្តិសព្ទ័របស់លោកបានធ្លាក់ចុះ។
យ៉ាងណាមិញអ្នកណាក៏ដោយក៏តែងតែមានកំហុស ហើយចំនែកអ្នកគាំទ្រស្មោះស្មគ្រ័របស់លោកតែងតែនៅក្បែរលោកជានិច្ចដោយនៅតែគាំទ្រសំលេងពិរោះក្រអួនក្រអៅរបស់លោក។ ជាក់ស្តែងឃើញថានៅពេលលោកថុលសុភិទិបានរើសបទចំរៀងស្នេហ៍ឯកាយកមកច្រៀងនៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤នេះ ក៏ត្រូវបានមហាជននឹកឃើញដល់បេក្ខជនជំនាន់មុនដូចជាលោកប៊ុតសីហា ដោយធ្វើការប្រៀបធៀបការបកស្រាយបទចំរៀងមួយនេះរបស់ពួកគេទាំងពីរ។ ហើយមានមតិជាច្រើនយល់ឃើញថាការបកស្រាយបទចំរៀងរបស់បេក្ខជនជំនាន់មុនបានពិរោះជាងបេក្ខជនប្រលងជំនាន់នេះ។ គួរបញ្ជាក់ផងដែរបទចំរៀង«ស្នេហ៍ឯកា» នេះជារបស់ម្ចាស់ដើមគឺលោកព្រាបសុវត្ថិទេ។ ប៉ុន្តែស្ទាយល៍ច្រៀងរបស់ពួកគេទាំងពីរខុសគ្នាយ៉ាងណា រឺតំរូវអោយដូចម្ចាស់ដើម មានតែទស្សនិកជនប៉ុណ្ណោះជាអ្នកយល់ឃើញដោយខ្លួនឯង។ យ៉ាងណាមិញផងដែរ ឃើញថាមួយរយៈចុងក្រោយនេះលោកប៊ុតសីហាមានការមមាញឹកនឹងការងារក្នុងផលិតកម្ម Morodok Media និងមុខរបរផ្ទាល់ខ្លួនរបស់លោក។បទថ្មីៗមួយចំនួនរបស់លោកប៊ុតសីហាមានដូចជាបទ មិនយំមុខអូន ខ្លាចអូនអាណិត ឈឺចាប់គ្រប់រឿង គ្មានអូនក៏បងអាចរស់បាន សង្ឃឹមថ្ងៃមួយ ជាដើម។ លោកប៊ុតសីហាក៏បានបកស្រាយបទចំរៀងរួមគ្នាជាមួយកញ្ញាលៀងចាន់ឡាមួយចំនួនផងដែរនៅក្នុងផលិតកម្មមានដូចជាបទ មុខខិលមាត់ខូច ក្រៅប្រពន្ធ័ កម្មណាស់ប្រុសៗ ជាដើម។