ទស្សនិកជនជាច្រើននាក់ធ្លាប់បានដឹងខ្លះៗរួចមកហើយពីសមាសភាពរបស់ Producer ទាំងពីររូបនៃកម្មវិធីប្រលងរ៉េប The Rapper Cambodia ចាប់តាំងពីដំណើរការនៃកម្មវិធីមក ដែលមានលោកវណ្ណដា និងលោក Juvie Lin ផ្ទាល់ជាអ្នកបើកនិងណែនាំអំពីកម្មវិធីមួយនេះ។ យ៉ាងណាមិញកាលពីដើមសប្តាហ៍នេះ កម្មវិធី The Rapper Cambodia ក៏ទើបតែបានណែនាំសមាសភាពមុខមាត់ថ្មីរបស់ Coach ទាំងបីរូបបន្ថែមទៀតសំរាប់កម្មវិធីមួយនេះ ដោយសង្កេតឃើញថាអ្នកទាំង៣សុទ្ធតែត្រូវបានសម្រិតសម្រាំងជ្រើសរើសចេញពីក្រុមជើងខ្លាំង និងបទពិសោធន៍យូរឆ្នាំតែម្តង ដែលក្នុងនោះរួមមាន ក្រុម CG Movement, ក្រុម Klapyahandz និងក្រុម Polarix។ គួរបញ្ជាក់ផងដែរថា Coach តំណាងពី CG Movement គឺមានលោក KingChi ខណៈ Coach តំណាងពី Klapyahandz គឺមានលោក RuthKo និង Coach តំណាងពី Polarix គឺមានលោក Norith។
អ្នកទាំង៣ត្រូវបានណែនាំខ្លួនឡើងដោយវិដេអូបទសម្ភាសន៍ខ្លីមួយបង្ហាញពីពួកគេ។ កត់សម្គាល់ឃើញថាលោក KingChi បានរៀបរាប់អោយដឹងថា តាមរយៈការរ៉េបនេះ ក៏អាចផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោកបានដែរ ស្របពេលដែលវិស័យរ៉េបកំពុងរីកលូតលាស់យ៉ាងខ្លាំងនៅលើជុំវិញពិភពលោក។
ចំណែកលោក RuthKo ក៏បានអោយដឹងថា សិល្បៈនៃការរ៉េបនេះក៏អាចបកស្រាយពីអ្វីដែលយើងមិនហ៊ាននិយាយចេញមកបានផងដែរ។ រីឯលោក Norith វិញក៏បានផ្តល់ពាក្យណែនាំថា បេក្ខជនទាំងអស់សូមបង្ហាញភាពជាខ្លួនឯង ជាមួយនឹងភាពជឿជាក់ នោះទើបពួកគេអាចរកឃើញ Colorរបស់ខ្លួនឯងបាន។ ចុះទស្សនិកជនទាំងអស់គ្នាយល់ឃើញយ៉ាងណាដែរ?