កាលពីពេលថ្មីៗនេះ ផលិតកម្ម Fun Entertainment បានដាក់ដំណើរការកម្មវិធីប្រកួតចម្រៀងរ៉េបថ្មីស្រឡាងមួយហៅថា«The Rap Fighter» ដែលត្រូវបានចូលរួមដាក់ពិន្ទុឡើងដោយគណៈកម្មការប្រឡូកក្នុងវិស័យនេះជាយូរឆ្នាំទាំងបីរូបរួមមានលោក MC Sey, លោកប៊ីអាយជី និងលោក Pammy ដែលជាសមាជិកនៃក្រុម Xenocryst។ យោងតាមទំព័រហ្វេសប៊ុក Fun Entertainment ផ្ទាល់បានអោយដឹងថា កម្មវិធី The Rap Fighter បានដាក់ដំណើរការ និងស្វែងរកជើងខ្លាំងទាំង៤០នាក់ពី Online Round បានតាំងពីថ្ងៃទី២២ ខែឧសភាមកម្ល៉េះ។ លុះមកទល់សប្តាហ៍នេះ ពួកគេក៏បានសម្រិតសម្រាំងបេក្ខជនជើងខ្លាំងទាំង១៦នាក់រួចជាស្រេច ដើម្បីយកទៅប្រកួតនៅវគ្គ Battle Round ចន្លោះពីថ្ងៃទី១ដល់ថ្ងៃទី៥ ខែកក្កដា អោយទស្សនិកជនបានទស្សនា ដែលនឹងត្រូវប្រកួតប្រជែងគ្នាជាដៃគូ មានរហូតទាំងអស់៨ក្រុម។ Fun Entertainment ក៏បានអោយដឹងទៀតផងដែរថា វិដេអូពេញដែលមានប្រកាសពីលទ្ធផលអ្នកឈ្នះទៅវគ្គបន្ទាប់នឹងត្រូវបានចេញផ្សាយឡើងនៅក្នុងសប្តាហ៍ក្រោយនេះ។ គួរបញ្ជាក់ផងដែរថា ម្ចាស់ជ័យលាភីនៃកម្មវិធីមួយនេះ នឹងទទួលបានរង្វាន់ទឹកប្រាក់ ក៏ដូចជា Professional Image និង Original Music Video របស់ខ្លួន រួមទាំងឳកាសការងារ
និងការសហការជាមួយនឹងក្រុមហ៊ុន Fun Entertainment ផងដែរ។ កត់សម្គាល់ឃើញផងដែរថា កម្មវិធី The Rap Fighter បានប្រកាសផ្សាយដំណឹងឡើងចាប់តាំងពីថ្ងៃទី៧ ខែមេសាមកម្ល៉េះ ដែលមានន័យថានៅមុនការចេញផ្សាយដំណឹងនៃកម្មវិធី The Rapper Cambodia របស់ខាងផលិតកម្មបារមីទៅទៀត។ ដូច្នេះមិនងឿងឆ្ងល់នោះឡើយថា ហេតុអ្វី The Rap Fighter អាចឈានមកដល់វគ្គ Battle Round បានមុន។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះកម្មវិធីប្រកួតរ៉េបទាំងពីរនេះ?