កាលពីថ្ងៃទី០២ ខែធ្នូកន្លងទៅនេះ ផលិតកម្មរស្មីហង្សមាសបានបញ្ចេញបទថ្មីមួយរបស់កំពូលតារាចម្រៀងលោកទេពពិសិដ្ឋ មានចំណងជើងថា«បេះដូងខ្មែរតែមួយ» ដែលជាបទរ៉េបថ្មីមួយមានលំនាំពីបទ«បេះដូងខ្មែរ» របស់ស្រាបៀអង្គរ ដែលត្រូវបានច្រៀងឡើងដោយលោកឆនសុវណ្ណរាជកាលពីមួយទសវត្សរ៍មុន។ បទ«បេះដូងខ្មែរតែមួយ» ត្រូវបានឧបត្ថម្ភផ្តាច់មុខដោយស្រាបៀអង្គរជាថ្មីម្តងទៀត និងផ្តល់ជូនលោកទេពពិសិដ្ឋជាអ្នកចំរៀងបន្តវេននៃដួងព្រលឹងនៃបទចម្រៀងដើមមួយនេះ ដែលគគាស់ឡើងវិញធ្វើអោយទស្សនិកជនមានការចងចាំដល់ស្រាបៀអង្គរជាថ្មីម្តងទៀត។
ម្យ៉ាងវិញទៀត បទនេះផងដែរ ក៏បានធ្វើអោយទស្សនិកជនអាចភ្លក់យករសជាតិ និងអារម្មណ៍ប្លែកមួយទៀតពីលោកទេពពិសិដ្ឋផងដែរ តាមរយៈការច្រៀងរ៉េប និងនិពន្ធតាក់តែងក្រោមស្នាដៃរបស់លោកខ្លួនឯង រួមជាមួយនឹងលោក Chit Tengrit។ យ៉ាងណាមិញទាក់ទងនឹងចំរៀងមួយនេះផងដែរ ក៏មានមតិមហាជនមួយចំនួនលើកឡើងពីការមិនពេញចិត្ត ដែលបទចម្រៀងនេះបានផ្សារភ្ជាប់ពីជាតិខ្មែរទៅនឹងផលិតផលស្រាបៀ ដែលហាក់ដូចជាលើកស្ទួយគ្រឿងស្រវឹងបង្កអោយមានផលប៉ះអវិជ្ជមានមួយចំនួនដល់សង្គម។
ខណៈដែលក៏មានមតិខ្លះទៀតបានគាំទ្រយ៉ាងពេញទំហឹងដល់សិល្បកររបស់យើងនៅក្នុងវិស័យទីផ្សារដ៏ប្រកួតប្រជែង ដោយពួកគេបានលើកឡើងថា ឥលូវស្រាបៀទាំងអស់សុទ្ធតែមាន BA អស់ហើយ ដោយក្នុងនោះស្រាបៀហនុមាន មានលោកវណ្ណដា ចំណែកស្រាបៀគ្រុឌ មានលោកជីដេវីត ខណៈស្រាបៀអង្គរមានលោកទេពពិសិដ្ឋនេះឯង។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរ ?