កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គម Tik Tok បានចាប់ផ្តើមកក្រើកឡើងនូវបទចម្រៀងមួយទៀតរបស់លោកទេពពិសិដ្ឋដែលនៅទាន់ស្គាល់ចំណងជើង និងនៅមិនទាន់បានចេញផ្សាយជាផ្លូវការនៅឡើយ។ យ៉ាងណាមិញផងដែរប្រភពនៃការបែកធ្លាយបទចម្រៀងមួយនេះទំនងជាកើតចេញពីការបង្ហោះឡើងនៅលើ Story របស់លោកទេពពិសិដ្ឋផ្ទាល់នៅលើបណ្តាញសង្គមផ្សេងៗដោយលោកក៏ធ្លាប់បានធ្វើដូចគ្នានេះផងដែរនៅមុនពេលចេញផ្សាយបទចម្រៀងមុនៗរបស់លោកកន្លងមក ជាក់ស្តែងដូចជាបទ«Hometown» ថ្មីៗនេះ ដែលត្រូវបានចេញផ្សាយកាលពីខែមេសា ក៏ត្រូវបានលោកបង្ហើបអោយដឹងជាមុនតាមរយៈ Instagram Story របស់លោកផងដែរ។ គួរសង្កេតផងដែរថាបទចំរៀងនីមួយៗរបស់លោកទេពពិសិដ្ឋតែងតែបានទាក់ទាញចំណាប់អារម្មណ៍មហាជនយ៉ាងច្រើនមហាសាល ដោយសុទ្ធសឹងជាប្រភេទបទរ៉េបកំពុងពេញនិយមក្នុងនោះមានដូចជាបទ«Maybeគិតថាឡូយ» និងបទ«Hometown»ជាដើម។ ចំណែកអ្វីរឹតតែពិសេសសំរាប់បទចម្រៀងថ្មីនេះថែមទៀតគឺវាជាប្រភេទបទ Disstrack តែម្តង ដែលកាន់តែអង្រួនចំណាប់អារម្មណ៍មហាជនអោយកាន់តែចង់ដឹងថាលោកកំពុង Disstrack ផ្តឺផ្តងទៅកាន់ភាគីណាមួយ មិនខុសពីបទ Disstrack មុនៗរបស់លោកទេ ដូចជាបទ«Money» និងបទ«ធុញហ្អែងណាស់អានេះ»។ សំរាប់បទ Disstrack ថ្មីរបស់លោកមួយនេះត្រូវបានមហាជនសង្កេតឃើញថាលោកទេពពិសិដ្ឋកំពុង Disstrack ទៅកាន់មិត្តចាស់របស់លោក ទើបទស្សនិកជនមួយចំនួនក៏បានដាក់ឈ្មោះចំណងជើងបទចម្រៀងមួយនេះទៅតាមប៉ារ៉ូលខ្លះៗនៃបទចម្រៀងដូចជា«មិត្តចាស់» រឺ«ចង់ធ្វើទេពពិសិដ្ឋទី២» រឺ«ចង់ធ្វើគួនអ៊ី» ជាដើម។ ចង់ដឹងថាចំណងជើងពិតប្រាកដមានឈ្មោះយ៉ាងណា មានតែរង់ចាំមើលទាំងអស់គ្នា!