កាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅនេះ អ្នកនិយមគាំទ្រ និងតាមដានលោកទេពពិសិដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលរកឃើញបទចម្រៀងថ្មីមួយបទទៀតរបស់លោកត្រូវបានបង្ហោះឡើងយ៉ាងស្ងាត់ៗនៅលើឆាណែលយូធូបផ្លូវការរបស់លោក។
គួររំលឹកផងដែរថា កាលពីរយៈពេល៤ថ្ងៃមុន បទចម្រៀងថ្មីស្រឡាងមួយបទរបស់លោកទេពពិសិដ្ឋដែលមិនទាន់ត្រូវបានចេញផ្សាយជាផ្លូវការ មានចំណងជើងថា«Leave Me Alone» ក៏ត្រូវបានទំលាក់យ៉ាងស្ងាត់ៗបែបនេះដែរ។ ចំណែកនៅក្នុងថ្ងៃទិវាមាតាអន្តរជាតិនេះថែមទៀត លោកទេពពិសិដ្ឋក៏បានទំលាក់បទថ្មីស្ងាត់ៗទៀតដែលមានចំណងជើងថា«Dad??» ដោយមិនបានធ្វើការចេញមុខបកស្រាយអ្វីទាំងអស់ ធ្វើអោយមហាជនមិនអាចទាយប៉ាន់ស្មានបានថាតើទាំងពីរបទនេះគឺជាអ្វីអោយប្រាកដ ហើយលោកទេពពិសិដ្ឋនឹងមានគំរោងទំលាក់ប៉ុន្មានបទទៀតនៅពេលខាងមុខ។
គួរអោយចាប់អារម្មណ៍ឃើញថា ទាំងពីរបទនេះមានប្រើប្រាស់នូវរូបភាព Cover បទចម្រៀងតែមួយ និងរូបភាពនៅក្នុងបទចម្រៀងដូចគ្នាទៀត មិនតែប៉ុណ្ណោះលោកទេពពិសិដ្ឋក៏បានដាក់នូវសញ្ញាសម្គាល់ថា V9.17 ដូចគ្នាផងដែរ ដែលធ្វើអោយទស្សនិកជនអាចរាប់ចាត់ទុកថាលោកទេពពិសិដ្ឋមានចេតនាដាក់បញ្ចូលបទចម្រៀងទាំងពីរបទនេះទៅក្នុងស៊េរីនៃបទចម្រៀងតែមួយដែលអាចហៅបានថា«V9.17» នោះឯង។
យ៉ាងណាមិញផងដែរទាក់ទងនឹងបទចម្រៀង«Dad??» របស់លោកទេពពិសិដ្ឋនេះ ក៏សង្កេតឃើញថាស្ថិតនៅក្នុងប្រភេទរសជាតិបែបកំសត់ មនោសញ្ចេតនា បែបតថភាពជីវិតពិតៗដែលស្រដៀងទៅនឹងបទ«Leave Me Alone»នោះឯង។
គួរអោយចាប់អារម្មណ៍ផងដែរថា លោកទេពពិសិដ្ឋក៏បានសរសេរឡើងនូវខេបសិនលើចម្រៀងនោះថា«កុំរំពឹងទុកលេីអ្វីទាំងអស់ គ្រប់យ៉ាងមិនអាចនៅក្បែរ យេីងរហូតនោះទេ រៀនរស់នៅដោយខ្លួនឯង ដោះស្រាយបញ្ហា ផ្លូវកាយនឹងផ្លូវចិត្ត ដោយខ្លួនឯង»។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរទៅលើបទចម្រៀងមួយនេះ?