តារារ៉េបវ័យក្មេងកំពុងកើនឡើងប្រជាប្រិយភាពជាគំហុកនៅក្នុងវិស័យតន្រ្តីហ៉ីបហប់កម្ពុជា លោកទេពពិសិដ្ឋដែលបានចេញបទចម្រៀងរ៉េបថ្មីៗកន្លងមកនេះយ៉ាងស្ងាត់ៗវាយលុកទីផ្សារកម្ពុជាហើយក៏កំរឃើញលោកលាតត្រដាងចំណាប់អារម្មណ៍ជាសាធារណៈទាក់ទងនឹងអាជីពការងារនៅលើប្រព័ន្ធSocial Media ណាស់ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ លោកទេពពិសិដ្ឋទើបតែបានបើកកកាយអារម្មណ៍របស់លោកជាសាធារណៈជុំវិញនូវការផលិតបទចម្រៀងថ្មីៗ ការដាក់ឈ្មោះក្រុម 20'Out Now និងរឿងរ៉ាវផ្ទាល់ខ្លួនរបស់លោកមួយចំនួនតាមរយៈបទសម្ភាសន៍មួយនៅក្នុងកម្មវិធី3 Fun Cambodia នោះទេ។
លោក Tep Piseth រៀបរាប់អោយដឹងថា លោកដឹងថាខ្លួនឯងចូលចិត្តរ៉េបតាំងពីមានអាយុ 13 ឆ្នាំមកម្ល៉េះ ហើយលោកក៏បន្តខិតខំរៀនសូត្រ និងបានកំលាំងចិត្តពីការជំរុញរបស់មិត្តភក្តិនៅក្នុងរង្វង់ Rapper ដូចគ្នា អោយធ្វើអ្វីដែលខ្លួនលោកស្រលាញ់។ ទើបលោកទេពពិសិដ្ឋអាចស្វែងរកខ្លួនឯងឃើញ និងនៅតែបន្តធ្វើអ្វីដែលខ្លួនលោកស្រលាញ់ដោយការផលិតបទចម្រៀងថ្មីៗជាបន្តបន្ទាប់។
ជាក់ស្តែងកាលពីថ្ងៃទី05 ខែតុលាកន្លងទៅនេះ លោកទើបតែបញ្ចេញ Teaser បទចម្រៀងរ៉េបថ្មីមួយទៀតអមនឹងពាក្យថា «អើស!! អាមិចទេ» ដែលហាក់ដូចជាបទរ៉េបរសជាតិស្នេហាប្លែកមួយបែបទៀត។ ចំណែកការដាក់ឈ្មោះក្រុម 20'Out Now នេះ លោកបានបង្ហើបឡើងត្រង់ៗថា ដោយសារគ្នីគ្នាក្នុងក្រុមរបស់លោកមានវ័យសុទ្ធសឹង20ឆ្នាំដូចគ្នា ហើយពួកលោកក៏ចង់បង្កើតបទចម្រៀងឡើងជាមួយគ្នាដើម្បីទុករំលឹកការចងចាំអនុស្សាវរីយ៍ល្អៗជាមួយគ្នា។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរ?