កាលពីថ្ងៃទី១១ ខែមិថុនាកន្លងទៅនេះ អ្នកនាងទេពបូព្រឹក្ស បានបង្ហើបថានឹងជិតចេញបទថ្មីចំនួពីរបទ តាមរយៈ Live Instagram។ដោយនៅក្នុងថ្ងៃនោះផងដែរ បន្ទាប់ពីអ្នកនាងទេពបូព្រឹក្សបានចេញក្រៅ និងជួបជាមួយនឹង DJ Soda រួចមក អ្នកនាងក៏បានធ្វើការ Live លេងកំសាន្តជជែកលេងជាមួយបណ្តាអ្នកគាំទ្រនៅលើបណ្តាញសង្គម Instagram ដោយមានលោកជីដេវីតស្ថិតនៅក្បែរនិងឆ្លើយឆ្លងពីក្រោយការ Live នោះផងដែរ។ បណ្តាអ្នកគាំទ្រមួយចំនួនក៏បានចាប់ផ្តើមសាកសួរពី Albert បុត្រាតូចរបស់ពួកគេទាំងពីរនាក់ និងបន្តមកជាហូរហែ រហូតដល់កម្មវិធី ហ្វេន Meeting របស់អ្នកនាងទេពបូព្រឹក្ស ដែលអ្នកនាងពុំធ្លាប់ធ្វើពីមុនមកទេ។ អ្នកនាងទេពបូព្រឹក្សក៏បានស្នើឡើងភ្លាមៗថា អ្នកនាងយល់ថាគួរតែធ្វើឡើងអោយបានម្តងហើយចំនួនបណ្តាអ្នកគាំទ្រចូលរួមគួរណាតែត្រឹម២០០ ទៅ៣០០អ្នកប៉ុណ្ណោះដើម្បីអោយអ្នកគាំទ្រទាំងបានសួរទាំងអស់គ្នា។
ម្យ៉ាងទៀតអ្នកនាងក៏ចង់រើសខនសិបស្លៀកសំលៀកបំពាក់អោយដូចគ្នាផងដែរ។ ការសួរដេញដោលក៏បន្តឡើងរហូតមកដល់ ការចេញបទសេធរបស់អ្នកនាង ទើបម្ល៉ោះហើយអ្នកនាងទេពបូព្រឹក្សក៏បានបង្ហើបឡើងថា អ្នកនាងក៏មានបទសេធថ្មីផងដែរដែលទើបតែថតសំលេងហើយ ដោយលោកជីដេវីតទើបតែបានធ្វើបទថ្មីអោយអ្នកនាងចំនួនពីរបទ និងគ្រោងនឹងចេញឆាប់ៗនេះផងដែរ។យ៉ាងណាមិញ អ្នកនាងក៏បានលើកឡើងថា អ្នកនាងហាក់ដូចជាភ្លេចចំណងជើងបទថ្មីរបស់អ្នកនាងនេះហើយ ផ្ទុយមកវិញ អ្នកនាងក៏បានច្រៀង២ ៣ឃ្លាអោយហ្វេនស្តាប់តែម្តង។ អ្នកនាងទេពបូព្រឹក្សក៏បានលើកឡើងក្នុងក្តីសង្ឃឹមថា បើអាចគួរតែចេញបទថ្មីទាំងពីរនេះនៅក្នុងកម្មវិធី Fan Meeting របស់នាងតែម្តងកាន់តែល្អ។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរ?