កាលពីយប់ថ្ងៃទី០៧ ខែកញ្ញាកន្លងទៅនេះ បន្ទាប់ពីបញ្ចប់ការសម្តែងនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាពអន្តរជាតិកម្ពុជា-ហុងកុងនៅឯពហុកីឡាដ្ឋានជាតិអូឡាំពិកភ្លាមៗ អ្នកនាងទេពបូព្រឹក្សបានធ្វើការបង្ហោះរូបភាពអបអររីករាយឡើងដល់ថ្ងៃរំលឹកខួប Anniversary របស់នាង។
ដោយនៅក្នុងផងដែរ អ្នកនាងទេពបូព្រឹក្សបានសរសេរឡើងដោយភ្ជាប់ជាមួយនឹងរូបភាពមួយសន្លឹករបស់ពួកគេទាំងពីរនាក់ផ្តិតឡើងនៅក្នុងព្រឹត្តិការណ៍មួយនេះថា«Happy 7th anniversary Bong Cute G-Devith»។ ខណៈដែលលោកជីដេវីតបានបង្ហោះឡើងនៅមួយថ្ងៃមុននេះបន្ទាប់ពីបញ្ចប់ការហាត់សមថា «Happy 7th Years anniversary babe Tep Boprek»។
គួរអោយរំភើបរីករាយជាមួយអ្នកទាំងពីរផងដែរ នៅក្នុងខួប Anniversary ឆ្នាំនេះ ពួកគេទាំងពីរនាក់បានចូលរួមសម្តែងជាមួយគ្នានៅក្នុងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនៅក្នុងបព្វហេតុជាតិ ដែលជាការសម្តែងឡើងរួមគ្នានូវផ្ទាំងទស្សនីយភាពបទ«ទេវរាជ និងមហានគរ»។
គួរបញ្ជាក់ផងដែរទាក់ទងនឹងព្រឹត្តិការណ៍មួយនេះ កម្ពុជា និងហុងកុងទទួលបានពិន្ទុស្មើគ្នា មួយទល់នឹងមួយកាលពីយប់មិញ ដោយផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏បានថ្លែងអំណរគុណដល់ការអញ្ជើញចូលរួមគាំទ្រផ្តល់កំលាំងចិត្តរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា និងបញ្ជាក់ថា«អ្នកទាំងអស់គ្នាជាកីឡាករទី១២របស់យើង ទាំងអស់គ្នា ដើម្បីកម្ពុជា»។ តើទស្សនិកជនមានចំណាប់អារម្មណ៍យ៉ាងណាដែរចំពោះការសម្តែងរបស់ពួកគេកាលពីម្សិលមិញ?