លោក ថេណា គឺជាសិល្បករមួយរូបដែលអាចរក្សាបានកេរ្តិ៍ឈ្មោះល្បីល្បាញអស់ជាច្រើនឆ្នាំរាប់ចាប់តាំងពីពេលប្រឡូកនៅក្នុងវិស័យតន្រ្តីកាលពីឆ្នាំ២០១២មក។ លោកអាចចាត់ទុកបានថាជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលដំបូងបំផុតដែលបានបង្កើតចំរៀង Original (អូរីជីណល)ដោយខ្លួនឯង និងមានការពេញនិយមប្រើប្រាស់ផ្លេតហ្វមតន្រ្តី Youtube(យូធូប) ផងដែរ។ លោកថេណាបានកើតនៅក្នុងគ្រួសារប្រឡូកនៅក្នុងវិស័យតន្រ្តីស្រាប់ លោកធំធាត់ជាមួយនឹងភ្លេង ចេះលេងឧបករណ៍តន្រ្តី និងធ្វើភ្លេងនៅក្នុងស្ទូឌីអូតាំងពីក្មេងៗមកម្ល៉េះ មិនតែប៉ុណ្ណោះលោកថែមទាំងចេះនិពន្ធបទភ្លេង និងទំនុកច្រៀងដោយខ្លួនឯងថែមទៀត។ ដោយមានស្រុកកំណើតនៅក្នុងខេត្តកោះកុង ស្ទូឌីអូភ្លេងរបស់លោកក៏នៅទីនោះ តន្រ្តីហាក់ដូចជាអ្វីដែលចូលមកក្នុងសសៃឈាមរបស់លោកយ៉ាងងាយស្រួលបំផុតដោយមិនចាំបាច់ត្រូវដុសខាត់ច្រើន ផ្ទុយមកវិញលោកចូលចិត្តចំណាយពេលវេលាធ្វើអ្វីផ្សេងនៅក្នុងទឹកដីកំណើតរបស់លោកដូចជាស្ទូចត្រី លេងហ្គេម និងទៅលេងទឹកជ្រោះជាដើម។ Net idol រូបនេះដែលមានរហ័សនាមថា Bigdoqqq (ប៊ីក ដក)នៅលើបណ្តាញសង្គម Instagram(អ៊ីន ស្តាក្រាម) និងពិភពហ្គេមម័របានបញ្ជាក់ប្រាប់ពីចំនុចខ្លះៗអំពីលោកថា លោកពេញចិត្តឈ្មោះ Bigdoqqq ព្រោះវាហាក់ដូចជាកាងធំៗនៅអាមេរិច ហើយលោកក៏បានប្រើឈ្មោះនេះដំបូងនៅពេលចាប់ផ្តើមលេង Vainglory(វេនក្លរី)មក។
លោកថេណាអាចនិយាយបានថាសិល្បករឈានមុខគេដំបូងបង្អស់ដែលទទួលបានភាពជោគជ័យធ្វើអោយមហាជនមានការទទួលស្គាល់ស្នាដៃចំរៀងរបស់លោក និងអាជីពសិល្បៈរបស់លោក។ ផ្តើមឡើងនៅក្នុងសម័យនោះផងដែរ ក៏មានសិល្បករ Original ដទៃទៀតផងដែរដែលបានចាប់ឳកាសនិពន្ធ និងច្រៀងចំរៀងដោយខ្លួនឯង និងបង្ហោះនៅលើ Youtube តែចំពោះលោកថេណាហាក់ដូចជាមានចំណុចពិសេសអ្វីម្យ៉ាងដែលធ្វើអោយលោកទទួលបានភាពលេចធ្លោ និងកត់សម្គាល់ខ្ពស់ពីមហាជន។ លោកថេណាជាសិល្បករមួយរូបដែលមានភាពជាខ្លួនឯង និងអាចបង្កើតភាពល្បីល្បាញដោយខ្លួនឯង។ ម្យ៉ាងវិញទៀតផងដែរទាំងនៅលើបទចម្រៀងរបស់លោកទៀតសោតក៏មានគុណភាព និងត្រូវបានទទួលស្គាល់ពីសំណាក់អ្នកស្តាប់ទូទៅផងដែរ។
មួយវិញទៀតផងដែរលោកក៏ទទួលបានការគាំទ្រខ្ពស់ពីស្រទាប់យុវវ័យ ដោយលោកគឺជាអាយដលដែលទាន់សម័យបំផុតមិនថាការរៀបចំតុបតែងខ្លួន និងការនិយាយស្តី គឺសង្គមយុវវ័យតែងតែពេញចិត្តភាពដូចគ្នារបស់ពួកគេទើបអាចចាត់ទុកជាអាយដលរបស់ពួកគេបាន។ ក្រៅពីនេះផងដែរលោកថេណាគឺជាមនុស្សម្នាក់ដែលមានភាពសាមញ្ញៗ ប៉ុន្តែមានភាព Low-Key Private (ឡូ ឃី ប្រាយ វេត)ខ្លាំងណាស់ សូម្បីតែនៅក្នុងរង្វង់ក្រុមដើររបស់លោកក៏មានមនុស្សជិតស្និទ្ធមិនច្រើននោះដែរដូចជាលោក GlomyyVincent(គ្លូ មី វីន ស៊ែន)និងលោក Van Chesda (វ៉ាន់ឆេស្តា)ជាដើម។ ចំពោះសកម្មភាពការងារទាក់ទងនឹងផ្នែកតន្រ្តី និងសិល្បៈវិញនោះ ថេណាគឺជាសិល្បករឯករាជ្យម្នាក់ដែលអាចសហការការងារបានជាមួយនឹងក្រុមហ៊ុនគ្រប់ផ្នែក មិនថាជាការផ្សព្វផ្សាយអចលនទ្រព្យ ភេសជ្ជៈ និងគ្រឿងប្រើប្រាស់ផ្សេងៗ និងរួមទាំងការចូលរួម Show(ហ្យូ) សម្តែងផ្សេងៗផងដែរ។
លោកគឺជាសិល្បករមួយរូបដែលមិនមានការ Label(ឡាប៊ែល)មួយដែលច្បាស់លាស់ ប៉ុន្តែមានឥទ្ធិពលដ៏ខ្លាំងក្លាជាមួយនឹង FanBase (ហ្វេនប៊េស)ដ៏ធំមហាសាលរបស់លោក និងបានក្លាយជា Marketing Tool (ម៉ាកាធីង ធូល)ដ៏អស្ចារ្យមួយសំរាប់ក្រុមហ៊ុនធំៗជាច្រើន។ មិនតែប៉ុណ្ណោះលោកថេណានៅអាចដឹងវិធីរក្សាប្រជាប្រិយភាពរបស់លោកបានទៀតផង ដោយលោកនៅតែសកម្មក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកគាំទ្ររបស់លោកមិនថាជានៅ online(អនឡាញ) និងoffline (អហ្វឡាញ)ហើយក៏សកម្មក្នុងការចេញបទចម្រៀងថ្មីៗរបស់លោកជាបន្តបន្ទាប់ និងបានបន្តទទួលសកម្មភាពការងារជាច្រើនដោយជា Influencer(អ៊ីនហ្វ្លូអ៊ែនស៊រ) ផង ជា Performer(ភ័រហ្វមម័រ) ផង និងជាពិសេសជាតារាចម្រៀងផងដែរ។