កាលពីថ្ងៃទី២៦ ខែកញ្ញាកន្លងទៅនេះ តារារ៉េប និងជាអ្នកនិពន្ធបទភ្លេង និងបទចម្រៀងប្រចាំ Galaxy Navatra លោក Tempo Tris បានធ្វើការបញ្ចេញនូវបទចម្រៀងថ្មីរបស់លោកបន្ទាប់ពីបទ«អូន អូន» ដែលបានចេញផ្សាយរយៈពេល៥ខែមុន។
មិនថ្វីថារយៈពេលក្នុងការចេញផ្សាយបទចំរៀងរបស់លោកត្រូវការពេលយូរប៉ុណ្ណា តែគួរបញ្ជាក់បានថាបទនីមួយៗរបស់លោកគឺជាបទដ៏ខ្លីម ជាក់ស្តែងគឺបទ«អូន អូន» របស់លោកដែលត្រូវបានទស្សនាវដ្តី LiFTED Asia ចុះផ្សាយ និងលើកកោតសរសើរឡើងថាជាបទដែលអាចធ្វើជាតឹកតាងបង្ហាញថាដួងព្រលឹងកម្ពុជានៅតែរស់រានឡើងជានិច្ច។
ចំណែកបទថ្មីដែលទើបនឹងចេញផ្សាយនេះផងដែរគឺមានចំណងជើងថា «Why នាង?» ដែលជាអាល់ប៊ុមរ៉េបថ្មីមួយដ៏ប្លែក រំលឹកទៅកាន់ទស្សវត្សរ៍ទី៦០ ដែលលោកបានលើកឡើងថាជាការរក្សាទម្រង់ចាស់តែប្តូរមកជាមួយនឹងរសជាតិថ្មី។
ជាក់ស្តែងនៅក្នុង MV ចម្រៀងនោះបានបង្ហាញឡើងនូវទិដ្ឋភាពសម្តែងច្រៀងនៅលើឆាកតន្រ្តីនៅក្នុងសម័យកាលណោះ តែផ្លាស់ប្តូរដោយបរិយាកាសនៃតន្រ្តីថ្មី ដែលជាបទរ៉េបកំសត់នាសម័យកាលបច្ចុប្បន្ន។ ខណៈជាមួយគ្នានេះផងដែរ លោក Tempo Tris ក៏បានសរសេរឡើងនៅលើទំព័រហ្វេសប៊ុករបស់លោកថា បទចម្រៀងមួយនេះ គឺជាបទដំបូងបំផុតរបស់លោក ដែលចូលរួមច្រៀងឡើងដោយឪពុករបស់លោកផ្ទាល់។
យោងទៅតាមការបង្ហោះមួយនោះ អាចអោយដឹងបានថា ឪពុករបស់លោកមានឈ្មោះថា ដួង ប៊ុនធឿន ខណៈដែលឈ្មោះពិតរបស់លោក Tempo Tris វិញក្នុងនាមជាអ្នកសរសេរតាក់តែងបទចម្រៀងត្រូវបានសរសេរឡើងថា ដួង រស្មី។ តើទស្សនិកជនមានអារម្មណ៍បែបណាទៅលើបទទម្រង់ចាស់តែសេដបែបថ្មីរបស់លោកមួយបទនេះ?