ប្រសិនបើអ្នកធ្លាប់ទស្សនារឿង Carrie អ្នកច្បាស់ជាបានស្គាល់តួអង្គស្រីម្នាក់ដែលមានសមត្ថភាពពិសេសម្យ៉ាងអាចបញ្ជារាល់វត្ថុដែលនៅខាងក្រៅខ្លួននាងទាំងអស់ដោយត្រឹមតែប្រើប្រាស់ថាមពលខួរក្បាលរបស់នាងតែប៉ុណ្ណោះ។ ភាពយន្តមួយនេះឆ្លុះបញ្ចាំងពីតថភាពសង្គមពិតដូចគ្នា ដែលធ្លាប់មានមនុស្សមួយចំនួនបានអះអាងឡើងថាពួកគេក៏មានសមត្ថភាពពិសេសដូចជាតួអង្គស្រី Carrie ផងដែរ។ នេះចោទជាសំណួរប្រស្នាអាថ៌កំបាំងមួយ ដែលកន្លងមកឃើញថាមានការបកស្រាយជាច្រើនផ្សេងៗពីគ្នា។
ម្ល៉ោះហើយថ្ងៃនេះ អេដមីនសូមមកធ្វើការជជែកវែកញែកខ្លះៗទាក់ទងនឹងសមត្ថភាពពិសេសមួយនេះ ដែលជាភាសាអង់គ្លេសមានឈ្មោះថា ថាមពល Telekinesis។ តើ Telekinesis មានពិតដែររឺទេ? បើផ្អែកតាមការបកស្រាយវិទ្យាសាស្រ្ត សង្កេតឃើញថាកោសិកាខួរក្បាលមនុស្សយើងអាចត្រឹមបញ្ជូនសារទៅកាន់កោសិកាដទៃទៀតនៅក្នុងខ្លួនមនុស្សតែប៉ុណ្ណោះតាមរយៈការបញ្ជូនដោយចរន្តអគ្គិសនី។
គួរបញ្ជាក់ផងដែរថា នៅក្នុងកោសិការាងកាយមនុស្សយើងមានការដោះដូរគ្នាឡើងរវាងបន្ទុកសារធាតុផ្សេងៗដូចជាប៉ូតាស្យូម និងសូដ្យូមជាដើម ដែលទាំងនេះបង្កើតអោយទៅជាមានចរន្តអគ្គិសនីនេះហើយ ដែលអាចដឹកនាំបញ្ជូនសារពីកោសិកាមួយទៅកាន់កោសិកាមួយទៀតបានយ៉ាងឆាប់រហ័ស។
ដូចនេះបកឡើងមកវិញ ប្រសិនបើខួរក្បាលរបស់យើងចង់បញ្ជាវត្ថុនៅខាងក្រៅខ្លួនរបស់យើងវិញ តើវានឹងធ្វើឡើងដោយរបៀបណា បើសារដែលចង់បញ្ជូនគឺនៅខាងក្នុងកោសិកាខួរក្បាលរបស់យើងនោះហើយ ហើយអាចត្រឹមមានអន្តរកម្មជាមួយនឹងវត្ថុដូចគ្នាដែលអាចទទួលយកសាររបស់វាតែប៉ុណ្ណោះ។
ម្ល៉ោះហើយ អេដមីនក៏បានធ្វើការសិក្សាស្រាវជ្រាវតិចតួចយកមកធ្វើជាអំនះអំណាងសំរាប់ទស្សនិកទាំងអស់គ្នា ថ្វីបើ Telekinesis អាចមិនមានពិត តែវិទ្យាសាស្រ្តពិតជាអាចបង្កើតអោយមនុស្សជារបស់ដែលនៅខាងក្រៅខ្លួនរបស់ពួកគេពិតមែន ដោយប្រើត្រឹមតែសមត្ថភាពខួរក្បាលប៉ុណ្ណោះ ដែលនោះគឺតាមរយៈការភ្ជាប់ទៅនឹងឧបករណ៍ Metasurface ដែលមានសភាពលក្ខណៈអាចទទួលយកសាររបស់ខួរក្បាលយើងបាន និងអាចបញ្ជាទៅតាមនោះ។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះរឿងរ៉ាវនេះ?