Taylor Swift បានរិះគន់ Damon Albarn នៅក្នុងក្រុមចម្រៀង Blur និងក្រោយមកទៀតនៅក្នុងក្រុម ចម្រៀង Gorillaz, បន្ទាប់ពីគាត់បាននិយាយថា នាងមិនបាននិពន្ធបទចម្រៀងដោយខ្លួននាងផ្ទាល់។ ដោយនិយាយទៅកាន់ LA Times, Albarn បានឆ្លើយតបទៅអ្នកសម្ភាសន៍ដែលហៅ Swift ថា "ជាអ្នកនិពន្ធបទចម្រៀងដ៏ល្អ" ប៉ុន្តែដោយពោលថា "នាងមិនបាននិពន្ធបទចម្រៀងផ្ទាល់ខ្លួនរបស់នាងនោះទេ" ។
Swift បានឆ្លើយតបនៅលើ Twitter ថា "ខ្ញុំជាអ្នកគាំទ្រដ៏ធំរបស់អ្នករហូតដល់ខ្ញុំបានឃើញរឿងនេះ" ។ "ខ្ញុំបាននិពន្ធបទចម្រៀងផ្ទាល់ខ្លួនទាំងអស់។ គំនិតរបស់អ្នក គឺជារឿងមិនពិតទាំងស្រុង និងប៉ះពាល់ដល់រូបខ្ញុំយ៉ាងខ្លាំង"។ Albarn បាននិយាយនៅក្នុងបទសម្ភាសន៍ថា គាត់ចូលចិត្ត Billie Eilish ដែលគាត់ហៅថា "អ្នកនិពន្ធបទចម្រៀងគួរឱ្យចាប់អារម្មណ៍ម្នាក់" ។ "ខ្ញុំចាប់អារម្មណ៍នឹងរឿងនោះច្រើនជាង Taylor Swift ។ ខ្ញុំគិតថា នាង (Billie) ពិតជាពិសេសមែនទែន"។
នៅពេលអ្នកសម្ភាសន៍បាននិយាយថា Swift គឺសហនិពន្ធបទភ្លេងរបស់នាង, Albarn បានឆ្លើយតបថា “វាមិនរាប់បញ្ចូលនោះទេ។ ខ្ញុំដឹងថាសហនិពន្ធគឺជាអ្វី។ សហនិពន្ធ គឺខុសគ្នាខ្លាំងទៅនឹងការនិពន្ធ។ ខ្ញុំមិនស្អប់នរណាម្នាក់ទេ ខ្ញុំគ្រាន់តែនិយាយថា វាមានភាពខុសគ្នាខ្លាំងរវាងអ្នកនិពន្ធបទចម្រៀង និងអ្នកនិពន្ធបទចម្រៀងដែលជាសហនិពន្ធ”។ មានប្រតិកម្មតបតភ្លាមៗនៅលើ Twitter រួមទាំងពីផលិតករ Jack Antonoff ដែលបានចូលរួមជាមួយ Swift យ៉ាងទូលំទូលាយ។
ក្រោយមក Albarn បានសុំទោសដោយសរសេរទៅកាន់ Swift នៅលើ Twitter ថា "ខ្ញុំយល់ស្របជាមួយអ្នកទាំងស្រុង។ ខ្ញុំបានសន្ទនាអំពីការនិពន្ធបទចម្រៀង ហើយគួរឱ្យសោកស្ដាយ វាត្រូវបានគេកាត់មកត្រឹម clickbait ។ ខ្ញុំសុំទោសទាំងស្រុង និងដោយគ្មានលក្ខខណ្ឌ។ រឿងចុងក្រោយដែលខ្ញុំចង់ធ្វើគឺ បង្ខូចការនិពន្ធបទចម្រៀងរបស់អ្នក។ ខ្ញុំសង្ឃឹមថាអ្នកនឹងយល់ពីរឿងនេះ។"
នេះមិនមែនជាលើកទីមួយទេដែល Albarn បង្កភាពចម្រូងចម្រាសនៅពេលរិះគន់តារាចម្រៀងប៉ុប។ គាត់ធ្លាប់ត្រូវបានគេរាយការណ៍ថាបានហៅ Adele ថា "អសន្តិសុខ" បន្ទាប់ពីពួកគេបានធ្វើការជាមួយគ្នាលើតន្ត្រីដែលមិនដែលត្រូវបានចេញផ្សាយ។
ក្រោយមកនាងបានប្រាប់ Rolling Stone ថា "វាបញ្ចប់ត្រឹមជាពេលវេលាមួយក្នុងចំណោមពេលវេលា 'កុំជួប idol របស់អ្នក"។ "ហើយអ្វីដែលគួរឱ្យសោកស្ដាយបំផុតនោះគឺថា ខ្ញុំជាអ្នកគាំទ្រ Blur ដ៏ធំមួយនៅពេលធំឡើង។ ប៉ុន្តែវាពិតជាសោកសៅ ហើយខ្ញុំស្ដាយក្រោយនៅពេលទៅដើរលេងជាមួយគាត់"។ ក្រោយមក Albarn បានបដិសេធការហៅនាងថា អសុវត្ថិភាព ដោយបញ្ជាក់ថា របាយការណ៍ត្រូវបានប្រមូលពីនរណាម្នាក់ដែលបានឮការសន្ទនារបស់គាត់ជាមួយមិត្តភ័ក្តិប៉ុណ្ណោះ៕
អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue