-
រថក្រោះ T-14 Armata ថ្មីបំផុតរបស់រុស្ស៊ីចូលសមរភូមិក្នុងប្រទេសអ៊ុយក្រែន
យោងតាមសារព័ត៌មាន RT ចុះផ្សាយថ្ងៃ២៥ ខែមេសាបានអោយដឹងថា រថក្រោះប្រយុទ្ធចម្បង T-14 Armata ទំនើបបំផុតរបស់រុស្ស៊ីត្រូវបានដាក់ពង្រាយដើម្បីប្រយុទ្ធជាមួយទាហានអ៊ុយក្រែនហើយ។ ដំណឹងនេះកើតឡើងខណៈដែលទីក្រុងកៀវកំពុងរៀបចំផែនការជំរុញយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងកងកម្លាំងរបស់ក្រុងម៉ូស្គូ។ ប្រភពបានអោយដឹងថា "កងកម្លាំងរុស្ស៊ីបានចាប់ផ្តើមប្រើប្រាស់រថក្រោះ Armata ថ្មីបំផុតដើម្បីបាញ់ប្រហារទៅលើទីតាំងរបស់អ៊ុយក្រែន" ដោយបន្ថែមថារថក្រោះនេះ "មិនទាន់បានចូលរួមក្នុងសកម្មភាពវាយប្រហារដោយផ្ទាល់នៅឡើយទេ" ។ យោងតាមប្រភពដដែល រថក្រោះT-14 ត្រូវបានបំពាក់ជាមួយនឹងការការពារបន្ថែមពីគ្រាប់បែកប្រឆាំងរថក្រោះ។ ចំណែកអ្នករថក្រោះបានធ្វើការហ្វឹកហាត់នៅក្នុងសាធារណរដ្ឋ Donbass ដែលបានដាក់បញ្ចូលថ្មីរបស់រុស្ស៊ីតាំងពីឆ្នាំ 2022។ T-14 ត្រូវបានបង្ហាញជាសាធារណៈនៅក្នុងឆ្នាំ 2015 ដោយបានឃើញការប្រយុទ្ធជាលើកដំបូងនៅក្នុងប្រទេសស៊ីរី ដែលជាកន្លែងដែលកងកម្លាំងរុស្ស៊ីកំពុងគាំទ្រការប្រយុទ្ធរបស់ប្រធានាធិបតី Bashar Assad ប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម (IS ដែលពីមុនជា ISIS)និងពួកសកម្មប្រយុទ្ធអ៊ីស្លាមផ្សេងទៀត។
-
អ៊ុយក្រែនថាឧស្ម័នរុស្ស៊ីគួរតែត្រូវបានដឹកជញ្ជូនទៅកាន់សហភាពអឺរ៉ុបតាមរយៈអ៊ុយក្រែនប៉ុណ្ណោះ
យោងតាមសារព័ត៌មាន RT ចុះផ្សាយថ្ងៃទី២៥ ខែមេសាបានអោយដឹងថាការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានស្នើផែនការថ្មីមួយ សំដៅរឹតបន្តឹងទណ្ឌកម្មលើទីក្រុងមូស្គូ។ ក្នុងនោះរួមបញ្ចូលទាំងការរឹតបន្តឹងការផ្គត់ផ្គង់ឧស្ម័នដោយផ្ទាល់ទាំងអស់ពីប្រទេសរុស្ស៊ីទៅកាន់សហភាពអឺរ៉ុប លើកលែងតែការផ្គត់ផ្គង់តាមប្រព័ន្ធដឹកជញ្ជូនឧស្ម័នរបស់អ៊ុយក្រែន។ទីក្រុងគៀវក៏បានផ្តល់អនុសាសន៍ថាបំពង់បង្ហូរប្រេង TurkStream ដែលបញ្ជូនឧស្ម័នរុស្ស៊ីទៅកាន់ទីក្រុងTürkiye ក៏គួរតែត្រូវបានបិទដូចគ្នា។ ផែនការនេះត្រូវបានបង្កើតឡើងដោយក្រុមអ្នកជំនាញអន្តរជាតិដែលដឹកនាំដោយប្រធានរដ្ឋបាលប្រធានាធិបតីលោក Andrey Yermak និងអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសរុស្ស៊ីលោក Michael McFaul ។ រដ្ឋបាលប្រធានាធិបតីបានជំរុញថា"បញ្ចប់ការផ្គត់ផ្គង់ដោយផ្ទាល់នៃឧស្ម័នរុស្ស៊ីទៅកាន់សហភាពអឺរ៉ុប ក្រៅពីលំហូរដែលដឹកនាំតាមរយៈប្រព័ន្ធបញ្ជូនឧស្ម័នអ៊ុយក្រែន ដែលមានសមត្ថភាពដឹកជញ្ជូនច្រើន" ។ ទីក្រុង Kiev ក៏បានស្នើឱ្យដាក់បម្រាមលើការនាំចូលឧស្ម័នធម្មជាតិរាវរបស់រុស្ស៊ីទៅកាន់សហភាពអឺរ៉ុបផងដែរ។
-
ទីក្រុង Belgrade មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការបោះឆ្នោតរបស់ទីក្រុង Kiev លើកូសូវ៉ូនៅក្រុមប្រឹក្សាអឺរ៉ុប
យោងតាមសារព័ត៌មាន RT ចុះផ្សាយថ្ងៃទី២៥ ខែមេសាបានអោយដឹងថារដ្ឋមន្ត្រីការបរទេសស៊ែប៊ី លោក Ivica Dacic បាននិយាយថា ប្រទេសស៊ែប៊ី អាចនឹងផ្លាស់ប្តូរគោលជំហររបស់ខ្លួនលើបូរណភាពទឹកដីរបស់អ៊ុយក្រែន បន្ទាប់ពីទីក្រុងគៀវបានបដិសេធក្នុងអំឡុងពេលបោះឆ្នោតស្តីពីការទទួលយកការស្នើសុំរបស់តំបន់ផ្តាច់ខ្លួនចេញកូសូវ៉ូ ដើម្បីចូលរួមក្រុមប្រឹក្សាអឺរ៉ុប។ គណៈកម្មាធិការរដ្ឋមន្ត្រីនៃក្រុមប្រឹក្សាអឺរ៉ុបបានបើកកិច្ចប្រជុំវិសាមញ្ញកាលពីថ្ងៃអង្គារដើម្បីសម្រេចជោគវាសនានៃការស្នើសុំរបស់កូសូវ៉ូ។ ការបោះឆ្នោតនេះត្រូវបានគាំទ្រដោយសមាជិកចំនួន 33 សំលេង ក្នុងចំណោម 46 សំលេង ដោយមានការប្រឆាំងចំនួន 7 និង គាំទ្រចំនួន 5 ។លោក Dacic បាននិយាយភ្លាមៗបន្ទាប់ពីការបោះឆ្នោតថា "ខ្ញុំពិតជាត្រូវនិយាយថាអ៊ុយក្រែនបានធ្វើឱ្យយើងមានការភ្ញាក់ផ្អើលខ្លាំងណាស់" ដោយបានស្ថិតក្នុងចំណោមសមាជិកដែលគាំទ្រឡើងនេះ។ អ្នកការទូតបានចង្អុលបង្ហាញថា"គោលនយោបាយការបរទេសគឺអាស្រ័យលើភាពទៅវិញទៅមក។ ដោយលោកបានលើកឡើងថា«នេះពិតជានឹងធ្វើអោយប៉ះពាល់ដល់ទស្សនៈយល់ឃើញរបស់យើងនាពេលអនាគតទៅលើបូរណភាពទឹកដីរបស់ប្រទេសទាំងនោះណាស់" ដែលលោកចង់សំដៅដល់អ៊ុយក្រែន បូស្នៀ និងហឺហ្សេហ្គោវីណា ក្រិក ស្លូវ៉ាគី និងអាមេនី ខណៈដែលប្រទេសទាំងនេះបានបោះឆ្នោតធ្វើអោយលោកភ្ញាក់ផ្អើល។ ប្រទេសស៊ែប៊ីដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ីបាននឹងកំពុងទប់ទល់នឹងសម្ពាធរបស់លោកខាងលិចដើម្បីដាក់ទណ្ឌកម្មក្រុងម៉ូស្គូជុំវិញជម្លោះនៅអ៊ុយក្រែន។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ពួកគេបានថ្កោលទោសចំពោះការប្រើប្រាស់កម្លាំងរបស់ទីក្រុងមូស្គូ និងបានទទូចថាបូរណភាពទឹកដីនៃរដ្ឋអ៊ុយក្រែនគួរតែត្រូវបានគោរព។
-
អតីតនាយករដ្ឋមន្ត្រីរុស្ស៊ីថារុស្ស៊ីនឹងត្រៀមខ្លួនប្រើអាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមលោកទី៣
យោងតាមសារព័ត៌មាន Daily Mail ចុះផ្សាយថ្ងៃទី២៥ ខែមេសាបានអោយដឹងថាអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានព្រមានថាភពផែនដីជិតឈានដល់សង្រ្គាមនុយក្លេអ៊ែរហើយ ចំណែកលោក វ្ល៉ាឌីមៀ ពូទីន បានត្រៀមខ្លួនរួចជាស្រេចនឹងការក្លាយជាមនុស្សដំបូងគេ ដែលចុចប៊ូតុងបរមាណូនេះ។ លោក Medvedev ដែលជាមនុស្សស្និតស្និទ្ធស្នាលបំផុតរបស់ពូទីន បានជ្រើសរើសទស្សនិកជនជាក្មេងជំទង់រុស្ស៊ី ដើម្បីគំរាមកំហែងដល់សង្គ្រាមវិនាសលោក ដោយបន្ទោសលោកខាងលិចចំពោះការរុញច្រាន។ លោក Medvedev វ័យ57 ឆ្នាំបានប្រាប់ទស្សនិកជនវ័យក្មេងរបស់លោកនៅទីក្រុងមូស្គូថាការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុគឺមិនស្មើនឹងការអាចកើតឡើងនៃសង្គ្រាមនុយក្លេអ៊ែរទេ។ លោកបាននិយាយថា“ពិភពលោកកំពុងតែឈឺ ហើយកំពុងនៅកៀកនៃសង្រ្គាមលោកលើកទីបីហើយ”។ អតីតប្រធានាធិបតីរូបនេះដែលធ្លាប់មានសិទ្ធិលើប៊ូតុងនុយក្លេអ៊ែររបស់វិមានក្រឹមឡាំងអស់រយៈពេល 4 ឆ្នាំមកហើយចន្លោះឆ្នាំ 2008 និង 2012 បាននិយាយថា "ពិតជាមានរឿងខុសជាច្រើនជាមួយនឹងពិភពលោករបស់យើង.."។
-
ប្រធានាធិបតីឆេកថាចិនត្រឹមចង់ធ្វើឲ្យលោកខាងលិចចុះខ្សោយ និងពង្រឹងជំហរខ្លួន
យោងតាមសារព័ត៌មាន RT ចុះផ្សាយថ្ងៃទី២៥ ខែមេសាបានអោយដឹងថាប្រធានាធិបតីឆេក លោក Petr Pavel បានអះអាងថា ប្រទេសចិនមិនមាន "ផលប្រយោជន៍ពិតប្រាកដ" ក្នុងការដោះស្រាយជម្លោះនៅអ៊ុយក្រែននោះទេ ដោយលោកបានអះអាងថា ទីក្រុងប៉េកាំងទទួលបានផលប្រយោជន៍ពីការបន្តប្រយុទ្ធគ្នា។ លោក Pavel អតីតមេបញ្ជាការណាតូធ្លាប់បានប៉ះទង្គិចរួចមកហើយជាមួយចិនជុំវិញកោះតៃវ៉ាន់។ លោក Pavel បានប្រាប់ Politico នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា"ខ្ញុំជឿថាវាគឺជាការចំណាប់អារម្មណ៍របស់ប្រទេសចិនក្នុងការពន្យារស្ថានភាពបច្ចុប្បន្ន" ។ លោកបានបន្តទៀតថា ប្រទេសចិនទទួលបានអត្ថប្រយោជន៍ពីស្ថានភាពនេះ ដោយការទិញប្រេង និងឧស្ម័នថោកពីរុស្ស៊ីខណៈពេលដែលកំពុងមើលឃើញលោកខាងលិច “កាន់តែខ្សោយទៅៗដោយគាំទ្រអ៊ុយក្រែន”។ លោក Pavel បាននិយាយថា ក្រុងប៉េកាំងក៏កំពុង«ដកយកបទពិសោធន៍ចេញពីមេរៀននៃជម្លោះនេះជារៀងរាល់ថ្ងៃ»។“ពួកគេតាមដានយ៉ាងដិតដល់នូវអ្វីដែលរុស្ស៊ីកំពុងធ្វើ និងរបៀបដែលលោកខាងលិចកំពុងមានប្រតិកម្ម”។ លោក Pavel មិនមែនជាមេដឹកនាំលោកខាងលិចដំបូងគេដែលធ្វើការចោទប្រកាន់បែបនេះទេ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ក៏បានថាវាគឺជា "អន្ទាក់ដ៏ឃោរឃៅ"ផងដែរ។