តារាចម្រៀងរ៉េប Pop R&B ក៏ជា Producer លោកវណ្ណដា ដែលកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រតន្ត្រីសម័យខ្មែរនាពេលបច្ចុប្បន្ន បានធ្វើការផុសនូវសារចម្លែកៗ នៅតាមប្រព័ន្ធបណ្តាញសង្គមរបស់ខ្លួនប៉ុន្មានថ្ងៃចុងក្រោយនេះ។ អ្នកគាំទ្ររបស់លោកជាច្រើន និង Admin ផងដែរ កើតទុក្ខមិនសុខចិត្ត ដេកមិនលក់ ប៉ក់មិនល្ហើយចង់ស្វែងរកការពិតនៅពីក្រោយរឿងទាំងអស់នេះ។
ជាក់ស្តែងកាលពីថ្ងៃទី១៦ ខែមករា លោកក៏បានផុសជាមួយនឹងរូបភាព ដែលបង្អួតនូវម៉ូដសក់ថ្មី ជាមួយនិងខ្សែក ទើបតែ design ។ ថ្ងៃបន្ទាប់ត្រូវនឹងថ្ងៃទី១៧ លោកក៏បានធ្វើការផុសជាមួយនឹងរូបប៉ុន្មានសន្លឹក ជាមួយនឹង Caption ថា សុំរស់នៅព្រៃភ្នំមួយរយៈ មកវិញមានកាដូឲ្យ។ កន្លងមកបានពីរថ្ងៃ ត្រូវនឹងថ្ងៃទី១៩ ខែមករា លោកក៏បានធ្វើការផុសជាមួយនឹងរូប ដែលបង្ហាញពីទឹកមុខដ៏សោកសៅរបស់នារីម្នាក់ ដោយសរសេរជាមួយនឹង Caption ជាសញ្ញាសួររហូតដល់ទៅ៣។
មិនតែប៉ុណ្ណោះ Page ផ្លូវការរបស់ផលិតកម្មបារមី ក៏បានធ្វើការផុសជាមួយនឹង emoji រូបសញ្ញាឆ្ងល់រហូតដល់ទៅ៣។ ប្រសិនបើ Admin ឆែកទៅលើ Google វិញ នោះគឺថា យើងអាចដឹងនូវពត៌មានថ្ងៃកំណើតរបស់លោក នៅថ្ងៃទី២២ ខែមករា នេះឯង។ ដូច្នេះមានន័យថា ថ្ងៃស្អែកជាថ្ងៃកំណើតរបស់លោក វណ្ណដា និងលោកប្រហែលជាអាច បញ្ចេញនូវអ្វីដែលថ្មី ជាក់ជាមិនខាន។ Admin ក៏មិនដឹងច្បាស់ដែរថា នឹងមានអ្វីកើតឡើងដែរ។ ប៉ុន្តែ Admin ជឿជាក់ថា ច្បាស់ជាមានអ្វីពិសេសហើយនៅថ្ងៃកំណើតរបស់លោក៕