រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានបញ្ជាក់ថាចំនួនអ្នកស្លាប់ពីការវាយបករបស់អ៊ុយក្រែន បានកើនឡើងដល់ ៦៦,០០០នាក់ ដោយសង្កត់ធ្ងន់ថាកងជីវពលអ៊ុយក្រែន បានប្រើប្រាស់ការប្រហាររបស់ពួកគេប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន ដើម្បីលើកកម្ពស់អ្វីដែលពួកគេហៅថា ជ័យជម្នះយោធា។
-
ឧត្តមសេនីយ៍ Surovikin បង្ហាញខ្លួនម្តងទៀត
យោងតាមសារព័ត៌មាន The Guardian ចុះផ្សាយថ្ងៃទី០៥ ខែកញ្ញាបានអោយដឹងថា រូបថតមួយសន្លឹកបានបង្ហាញឡើងនូវវត្តមានរបស់លោកឧត្តមសេនីយ៍រុស្ស៊ី Sergei Surovikin ម្តងទៀត ខណៈដែលលោកត្រូវបានចាត់ទុកថាជាសម្ព័ន្ធមិត្តរបស់លោក Yevgeny Prigozhin មេទាហាននៃក្រុម Wagner និងមិនត្រូវបានឃើញជាសាធារណៈអស់រយៈពេលជាយូរចាប់តាំងពីការបះបោររបស់កងជីវពលមួយនេះកាលពីខែមិថុនា។
អ្នកស្រី Ksenia Sobchak ជាអ្នកកាសែតរុស្ស៊ីបានលើកឡើងថា"ឧត្តមសេនីយ៍លោក Sergei Surovikin គឺកំពុងរស់នៅខាងក្រៅ ប្រកបដោយមានសុខភាពល្អ និងនៅផ្ទះជាមួយគ្រួសាររបស់លោកឯនៅទីក្រុងម៉ូស្គូ ហើយរូបថតនេះបានថតឡើងនៅថ្ងៃនេះផងដែរ”។
រូបថតនោះបានបង្ហាញរូបបុរសម្នាក់ពាក់វ៉ែនតាការពារកំដៅថ្ងៃ និងមួកដើរជាមួយស្ត្រីម្នាក់ដែលមានរូបរាងស្រដៀងនឹងប្រពន្ធរបស់លោក Surovikin គឺអ្នកស្រី Anna។
មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបាននិយាយថាលោក Surovikin ហាក់ដូចជាត្រូវបានដោះលែង ប៉ុន្តែវាមិនច្បាស់ទេថាតើសេរីភាពរបស់លោកត្រូវបានរឹតបន្តឹងឬយ៉ាងណានោះទេ នេះបើតាមកាសែត New York Times បានរាយការណ៍។
លោក Surovikin ត្រូវបានឃើញជាលើកចុងក្រោយជាសាធារណៈនៅថ្ងៃនៃការបះបោរ ដោយបង្ហាញឡើងនៅក្នុងវីដេអូដែលលោកបានអំពាវនាវដល់ទាហានស៊ីឈ្នួលដែលបះបោរឱ្យបញ្ឈប់សកម្មភាពរបស់ពួកគេ។ វាមិនច្បាស់ទេថាតើលោកត្រូវបានជាប់ឃុំខ្លួននៅពេលនោះឬយ៉ាងណា។
-
Erdogan ថាកិច្ចព្រមព្រៀងសមុទ្រខ្មៅអាចស្តារឡើងវិញឆាប់ៗ
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី០៥ ខែកញ្ញាបានអោយដឹងថា ប្រធានាធិបតីទួរគីលោក Tayyip Erdogan បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក Vladimir Putin របស់រុស្ស៊ីកាលពីថ្ងៃចន្ទថា វានឹងអាចធ្វើទៅបានក្នុងពេលឆាប់ៗនេះដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដែលអង្គការសហប្រជាជាតិនិយាយថាបានជួយសម្រាលវិបត្តិស្បៀងអាហារដោយការនាំយកគ្រាប់ធញ្ញជាតិអ៊ុយក្រែនទៅកាន់ទីផ្សារ។
លោក Erdogan បាននិយាយនៅក្នុង Resort សមុទ្រខ្មៅនៃទីក្រុង Sochi បន្ទាប់ពីជំនួបទល់មុខគ្នាជាលើកដំបូងជាមួយលោក Putin ចាប់តាំងពីឆ្នាំ 2022 ថា "ក្នុងនាមជាប្រទេសទួរគី យើងជឿជាក់ថាយើងនឹងសម្រេចបាននូវដំណោះស្រាយដែលនឹងបំពេញតាមការរំពឹងទុកក្នុងរយៈពេលដ៏ខ្លី"។
លោក Erdogan បាននិយាយថាការរំពឹងទុករបស់រុស្ស៊ីគឺជាអ្វីដែលគ្រប់គ្នាបានដឹងហើយ ហើយកង្វះខាតនៃការបំពេញគួរតែបានលុបចោលដោយជំនួសមកវិញគឺទួរគី និងអង្គការសហប្រជាជាតិបានធ្វើការស្នើឡើងជាមួយនឹងកញ្ចប់ថ្មីដើម្បីជួយបន្ធូរបន្ថយកង្វល់របស់រុស្ស៊ី។
លោក Erdogan បាននិយាយថាអ៊ុយក្រែនគួរតែបន្ទន់ជំហរចរចារបស់ខ្លួនប្រឆាំងនឹងរុស្ស៊ីនៅក្នុងកិច្ចពិភាក្សាអំពីការស្តារកិច្ចព្រមព្រៀងឡើងវិញនិងការនាំចេញគ្រាប់ធញ្ញជាតិបន្ថែមទៀតទៅកាន់ទ្វីបអាហ្វ្រិកជាជាងអឺរ៉ុប។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយតាមទូរទស្សន៍អ៊ុយក្រែន នៅពេលក្រោយថា ទីក្រុង Kyiv នឹងមិនផ្លាស់ប្តូរជំហររបស់ខ្លួនទេ ប៉ុន្តែនឹងកត់សម្គាល់ពីការលើកឡើងរបស់ប្រទេសទួរគីនៅក្នុងកិច្ចពិភាក្សានៃទីក្រុង Sochi ។
3. Shoigu ថាអ៊ុយក្រែនបាត់បង់ទាហាន66000នាក់ចាប់តាំងពីការវាយបក
យោងតាមសារព័ត៌មាន Nova News ចុះផ្សាយថ្ងៃទី០៥ ខែកញ្ញាបានអោយដឹងថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយកាលពីថ្ងៃអង្គារថា កងទ័ពអ៊ុយក្រែនបានបាត់បង់យោធាជាង ៦៦,០០០នាក់ និងអាវុធ ៧,៦០០គ្រឿង ចាប់តាំងពីការចាប់ផ្តើមនៃការវាយបក។
លោក Shoigu បានប្រាប់នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីការពារជាតិជាន់ខ្ពស់ថា "ចាប់តាំងពីការចាប់ផ្តើមនៃការវាយបកនេះ ការខាតបង់របស់សត្រូវមានលើសពី 66,000 នាក់ និងអាវុធ 7,600គ្រឿង" ។
រដ្ឋមន្ត្រីបាននិយាយបន្ថែមថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់គ្រាប់រ៉ុក្កែត HIMARS ចំនួន ១៥៩ គ្រឿង ដ្រូនជាង ១.០០០ គ្រឿង និងកាំជ្រួច Cruise មីស៊ីលចំនួន ១៣ គ្រឿងក្នុងរយៈពេលមួយខែកន្លងមកនេះ។
លោក Shoigu បានបន្ថែម«កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបន្តបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែនជាមួយនឹងការវាយប្រហារយ៉ាងជាក់លាក់។ ក្នុងរយៈពេលមួយខែកន្លងមកនេះ ប៉ុស្តិ៍បញ្ជាការចំនួន 34 នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ... ត្រូវបានវាយប្រហារ”។