ចាប់ផ្តើមជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់អ៊ីរ៉ង់ដែលបានចាក់ផ្សាយរបាយការណ៍តាមទូរទស្សន៍ដែលបានលើកឡើងថាសេវាស៊ើបការណ៍សម្ងាត់នៅទីក្រុងតេអេរ៉ង់បានជោគជ័យក្នុងការបំផ្លាញផែនការរបស់ភ្នាក់ងារ Mossad របស់អ៊ីស្រាអែលក្នុងការបំផ្ទុះកម្មវិធីមីស៊ីលអ៊ីរ៉ង់ដោយបញ្ឆោតការលក់គ្រឿងម៉ាស៊ីនមិនត្រឹមត្រូវទៅកាន់អ៊ីរ៉ង់តាមរយៈក្រុមហ៊ុនអន្តរការីបរទេស។ ម៉្យាងវិញទៀតបើទោះបីជាមានការវិលត្រលប់មកវិញនូវវត្តមានយោធាដ៏លើសលប់របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រអារ៉ាប់ក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានប្រកាសថាឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានរឹបអូសនាវាដឹកប្រេងថ្មីមួយនៅក្នុងដែនទឹកឈូងសមុទ្រ ដោយចោទប្រកាន់ពីបទប៉ុនប៉ងរត់ពន្ធប្រេងប្រហែល 50,000 លីត្រ។
-
អ៊ីរ៉ង់បានជោគជ័យក្នុងការបំផ្លាញផែនការភ្នាក់ងារ Mossad អ៊ីស្រាអែល
យោងតាមសារព័ត៌មាន The Times of Israel ចុះផ្សាយថ្ងៃទី៣១ ខែសីហាបានអោយដឹងថា អ៊ីរ៉ង់បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនបានទប់ស្កាត់ផែនការដ៏សំខាន់មួយដោយទីភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែល ដើម្បីបំផ្លាញការផលិតមីស៊ីលនិងឧស្សាហកម្មការពារជាតិទាំងមូល។
យោងតាមទូរទស្សន៍រដ្ឋបាននិយាយថា"អង្គភាពស៊ើបការណ៍សម្ងាត់របស់ក្រសួងការពារជាតិបានរារាំងផែនការបំផ្លិចបំផ្លាញដ៏ធំបំផុតមួយ ដែលផ្តោតលើឧស្សាហកម្មមីស៊ីល អាកាសចរណ៍ និងយោធាដែនអាកាសរបស់អ៊ីរ៉ង់" នេះបើយោងតាម Reuters ។ ទូរទស្សន៍រដ្ឋបានបន្តថា"ការបំផ្លិចបំផ្លាញនេះត្រូវបានធ្វើឡើងក្រោមការណែនាំរបស់សេវាកម្មចារកម្ម Zionist រឺហៅពួកជ្រុលនិយមការពារជនជាតិជ្វា និងភ្នាក់ងាររបស់ពួកគេ" ។
ទីភ្នាក់ងារសារព័ត៌មាន Mehr បាននិយាយថា នាយកដ្ឋានស៊ើបការណ៍សម្ងាត់នៃក្រសួងការពារជាតិរបស់ប្រទេស និងផ្នែកដឹកជញ្ជូននៃកងកម្លាំងប្រដាប់អាវុធបានចេញសេចក្តីថ្លែងការណ៍មួយស្តីពីបញ្ហានេះ។
“ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ មានបណ្តាញដ៏មានជំនាញមួយបានរៀបចំផែនការនាំយកបំណែកដែលខូច និងបំពាក់ទៅក្នុងវដ្តផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ប្រើប្រាស់ក្នុងការផលិតមីស៊ីលកម្រិតខ្ពស់នៅក្នុងឧស្សាហកម្មមីស៊ីលរបស់ក្រសួងការពារជាតិ តាមរយៈកិច្ចសហប្រតិបត្តិការនៃការបញ្ជ្រាបធាតុចូលមួយចំនួន។”
សេចក្តីថ្លែងការណ៍បានអះអាងថាក្រុមនេះបានស្វែងរកវិធីចង់"លក់គ្រឿងបន្លាស់មួយចំនួនដើម្បីធ្វើអោយគ្រាប់រ៉ុក្កែតដែលផលិតឡើងនេះក្លាយទៅជាឧបករណ៍ផ្ទុះដើម្បីវាយប្រហារលើខ្សែឧស្សាហកម្ម និងបុគ្គលិកដែលធ្វើការក្នុងវិស័យនោះ"។
-
IRGC រឹបអូសកប៉ាល់រត់ពន្ធប្រេងជាង 50000 លីត្រនៅឈូងសមុទ្រពែរ្ស
យោងតាមសារព័ត៌មាន MEHR ចុះផ្សាយថ្ងៃទី០២ ខែកញ្ញាបានអោយដឹងថា លោក Mojtaba Ghahramani ប្រធាននាយកដ្ឋានយុត្តិធម៌នៃខេត្ត Hormozgan ភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងមកពីតំបន់កងទ័ពជើងទឹកទី៤ នៃ IRGC បានរឹបអូសនាវានៅក្នុងឈូងសមុទ្រពែរ្ស ដែលជាផ្នែកនៃប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធដែលបានរៀបចំ។
កប៉ាល់នេះបានដឹកប្រេងរត់ពន្ធជាង ៥០ ម៉ឺនលីត្រ។
លោក Ghahramani បានបន្ថែមថាមនុស្សបួននាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការរត់ពន្ធនេះ ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីសញ្ជាតិនៃកប៉ាល់ដែលរឹបអូសនោះទេ។
លោកបាននិយាយថា អ្នកដែលជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មទាំងអស់នឹងត្រូវបានកាត់ទោស ដោយសង្កត់ធ្ងន់ថា ទំនិញនៅលើកប៉ាល់ត្រូវបានរឹបអូសតាមដីការបស់តុលាការ ហើយប្រគល់ទៅឱ្យក្រុមហ៊ុនចែកចាយផលិតផលប្រេងជាតិអ៊ីរ៉ង់ (NIOPDC) ដើម្បីដំណើរការ។
-
អ៊ីរ៉ង់ទទួលបានយន្តហោះចម្បាំងហ្វឹកហ្វឺនរបស់រុស្ស៊ី
យោងតាមសារព័ត៌មាន The Drive ចុះផ្សាយថ្ងៃទី០២ ខែកញ្ញាបានអោយដឹងថា តាមសេចក្តីរាយការណ៍ រុស្ស៊ីបានបញ្ជូនយន្តហោះហ្វឹកហាត់ Yak-130 “Mitten” ទៅកាន់ប្រទេសអ៊ីរ៉ង់ ក្នុងឧទាហរណ៍ចុងក្រោយបង្អស់នៃការបង្កើនទំនាក់ទំនងយោធារបស់ទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់ និងការជួញដូរអាវុធដែលមានទំនាក់ទំនងជាមួយពួកគេ។
ទីភ្នាក់ងារសារព័ត៌មាន Tasnim ដែលមានទំនាក់ទំនងនឹងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា កងកម្លាំងអាកាសនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ (IRIAF) បានទទួលយន្តហោះចម្បាំងហ្វឹកហ្វឺន។ ដោយមានការរួមបញ្ចូលទាំងរូបភាពនៃយន្តហោះ Yak-130 ដែលបង្ហាញពីគម្រោងលាបថ្នាំជាមួយនឹងតួអក្សរ IRIAF អាចមើលឃើញបានដោយកម្រិតខ្ពស់។
ការមកដល់របស់យន្តហោះ Yak-130 នៅក្នុងប្រទេសអ៊ីរ៉ង់ គឺត្រូវគ្នានឹងការរាយការណ៍ពីមុនមកអំពីទីក្រុងតេអេរ៉ង់ដែលបានធានានូវឧបករណ៍ថ្មីរបស់រុស្ស៊ីជាថ្នូរនឹងការផ្គត់ផ្គង់ដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន។ ប្រទេសរុស្ស៊ីបានទិញដ្រូនរបស់អ៊ីរ៉ង់នៅឆ្នាំ2022 ដែលជាការចាប់ផ្តើមនៃការវាយឆ្មក់កំពុងបន្តប្រឆាំងនឹងអ៊ុយក្រែនដោយបានប្រើប្រាស់ដ្រូន Shahed-136 kamikaze ផលិតឡើងដោយអ៊ីរ៉ង់ចាប់ផ្តើមកាលពីខែតុលា។