ក្រុមហ៊ុន SpaceX ដែលមានទីស្នាក់ការនៅទីក្រុង Hawthorne នៃរដ្ឋ California បានមានគោលដៅដ៏ធំមួយគឺចង់បញ្ជូនមនុស្សទៅកាន់ភពអង្គារដោយប្រើប្រាស់នាវាអវកាស Starship របស់ពួកគេ។ ប៉ុន្តែអ្នកដែលជាអតិថិជនដ៏សំខាន់បំផុតរបស់ក្រុមហ៊ុន SpaceX នាពេលបច្ចុប្បន្ននេះគឺមានតែក្រុមហ៊ុន NASA ប៉ុណ្ណោះ ដោយពួកគេបានផ្តល់អោយក្រុមហ៊ុន SpaceX នូវកុងត្រាទឹកប្រាក់ប្រមាណ៤ពាន់លានដុល្លាសំរាប់អភិវឌ្ឍន៍នាវាអវកាស Starship នេះដល់អវកាសយានិកធ្វើដំណើរទៅកាន់ឋានព្រះច័ន្ទ។
លោក Elon Musk ស្ថាបនិកនៃក្រុមហ៊ុន SpaceX ធ្លាប់បាននិយាយឡើងនៅលើសៀវភៅជីវប្រវត្តិសរសេរឡើងដោយអ្នកនិពន្ធលោក Walter Isaacson ថា«ខ្ញុំគួរតែអាចបង្កើតលុយបានច្រើនហើយពេលនេះ ប៉ុន្តែខ្ញុំប្រហែលជាមិនទាន់អាចបង្កើតជីវិតមួយដែលអាចមានជម្រើសច្រើនភពបាននៅឡើយទេ»។
នេះស្តែងអោយឃើញពីមហិច្ឆតាដ៏ធំរបស់លោក ក៏ដូចជាក្រុមហ៊ុន SpaceX ក្នុងការពិសោធន៍ និងអភិវឌ្ឍន៍នាវាអវកាស Starship រហូតទាល់តែសំរេចគោលដៅមិនថាឡើយត្រូវឆ្លងកាត់ការសាកល្បងប៉ុន្មានដងនោះទេ។ កាលពីពេលថ្មីៗនេះផងដែរ SpaceX ក៏ទើបតែបាញ់សាកល្បងនាវាអវកាស Starship ជាថ្មីម្តងទៀតកាលពីថ្ងៃទី១៨ ខែវិច្ឆិកាកន្លងទៅនេះដោយបាញ់ចេញពីភូមិ Boca Chica នៃរដ្ឋ Texas។
ហើយក៏ទទួលលទ្ធផលបានថា ការពិសោធន៍សាកល្បងលើកនេះ បានធ្វើអោយក្រុមហ៊ុន SpaceX កាន់តែខិតជិតទៅដល់គោលដៅ ដោយនាវាអវកាស Starship បានធ្វើដំណើរបានឆ្ងាយជាងការសាកល្បងមុនៗ ដែលបានមកដល់ក្នុងរយៈកម្ពស់ជិត150 គីឡូម៉ែត្រ និងបានស្ថិតក្នុងលំហអវកាសនោះមុននឹងឈានដល់ការផ្ទុះឡើង។ គោលដៅពិតប្រាកដគឺត្រូវអោយនាវាអវកាសនេះធ្វើដំណើរហោះហើរជុំវិញភពផែនដីសិន មុននឹងត្រូវធ្លាក់ចុះនៅជិតរដ្ឋកោះ Hawaii។