យ៉ាងហោចណាស់មនុស្ស 7 នាក់រួមទាំងកុមារពីរនាក់ បានស្លាប់នៅក្នុងអគ្គីភ័យដែលបណ្តាលមកពីការផ្ទុះដ៏ធំមួយនៅភាគនិរតីនៃប្រទេសបារាំង។ អគារជាច្រើនត្រូវបានឆាបឆេះនៅសងខាងផ្លូវមួយក្នុងទីក្រុងមាត់សមុទ្រ St Laurent-de-la-Salanque បន្ទាប់ពីឮសំឡេងផ្ទុះនៅម៉ោង 01:30 ម៉ោងក្នុងស្រុក (00:30 GMT) កាលពីថ្ងៃចន្ទ។
ក្រុមពន្លត់អគ្គិភ័យកំពុងបន្តតាមរកជនរងគ្រោះក្នុងផ្ទះល្វែងតូចចំនួនពីរ ដែលរងការខូចខាតដោយអគ្គិភ័យ។ ចំណែកឯមូលហេតុនៃការផ្ទុះដើមនៅមិនទាន់ដឹងនៅឡើយទេ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gérald Darmanin ដែលបានទៅពិនិត្យកន្លែងកើតហេតុនៃឧបទ្ទវហេតុកាលពីរសៀលថ្ងៃច័ន្ទ បាននិយាយថា ចំនួនអ្នកស្លាប់ ៧នាក់នាពេលថ្មីៗនេះគឺ មានតែបណ្តោះអាសន្នប៉ុណ្ណោះ ខណៈដែលសេវាសង្គ្រោះបន្ទាន់នៅតែបន្តស្វែងរកអ្នកនៅរស់រានមានជីវិត។ លោកបានបន្ថែមថា៖ «បច្ចុប្បន្នព្រះរាជអាជ្ញាមិនមានព័ត៌មានសំខាន់ណាមួយក្នុងការកំណត់ថាតើនេះជារឿងចៃដន្យឬជាបទឧក្រិដ្ឋនោះទេ»។
នាយកដ្ឋានពន្លត់អគ្គីភ័យនៃតំបន់ Pyrénées-Orientales បានចូលរួមកន្លែងកើតហេតុ បន្ទាប់ពីទទួលបានការហៅទូរស័ព្ទមួយបន្ទាប់ពីការផ្ទុះនៅក្នុងអគារពាណិជ្ជកម្ម ដែលបាននិយាយថា បានឆេះជាបន្តបន្ទាប់ដល់ផ្ទះល្វែងខាងលើ។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មនុស្សប្រហែល 20 នាក់បានរងរបួសនៅក្នុងអគ្គីភ័យនេះ។ បុរសម្នាក់ក្នុងវ័យជាង ៣០ឆ្នាំ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីគាត់បានលោតចេញពីបង្អួចជាន់ទីពីរ ដើម្បីគេចចេញពីភ្លើង។
សាលាក្រុងបាននិយាយថា អ្នកខ្លះដែលត្រូវបានជម្លៀសចេញដោយក្រុមពន្លត់អគ្គិភ័យត្រូវបានផ្តល់កន្លែងស្នាក់នៅ។ វាបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ពួកយើងពិតជាមានអារម្មណ៍អាណិតអាសូរទៅកាន់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។ យើងនឹងប្រមូលផ្តុំ ដើម្បីជួយពួកគេឱ្យអស់ពីសមត្ថភាពដែលយើងអាចធ្វើបានក្នុងកាលៈទេសៈសោកនាដកម្មបំផុតទាំងនេះ"៕
អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue