រឿងដែលផ្ទុះការគាំទ្រជាច្រើន “Squid Game” ត្រូវបានគេប៉ាន់ស្មានថា បានរកចំណូលជិត ៩០០ លានដុល្លារដល់ក្រុមហ៊ុន Netflix នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ដែលបានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយបានដកស្រង់ទិន្នន័យខាងក្នុងរបស់ក្រុមហ៊ុន Netflix ។
រឿងរន្ធត់បែបលក្ខណៈស្លាប់រស់របស់កូរ៉េខាងត្បូង ដែលមានអ្នកទស្សនាច្រើនបំផុតរបស់ Netflix មិនធ្លាប់មាននៅក្នុងខែដំបូង ដោយមាន subscribers ជាង ១៣២ លាននាក់ ដែលបានទស្សនាវាយ៉ាងហោចណាស់ ២ នាទី នេះបើយោងតាមរបាយការណ៍របស់ Bloomberg ដែលធ្វើឲ្យមានការកើនឡើងពីចំនួនអ្នកទស្សនា ១១១ លាននាក់ ដែលក្រុមហ៊ុន Netflix បានបង្ហាញកាលពីសប្តាហ៍មុន។
ក្រុមហ៊ុន Netflix មានភាពតឹងរ៉ឹង ក្នុងការបង្ហាញទិន្នន័យអ្នកទស្សនា ទោះបីជាកាលពីខែមុន បានបង្ហាញពីចំនួនម៉ោងសរុបរបស់កម្មវិធី ដែលមានការពេញនិយមបំផុតរបស់ខ្លួន ត្រូវបានគេចូលទស្សនាក្នុងរយៈពេល ២៨ ថ្ងៃដំបូង។ ការប៉ាន់ស្មានផ្ទៃក្នុងរបស់ក្រុមហ៊ុន Netflix ដែលបានរាយការណ៍ដោយ Bloomberg បានបង្ហាញអំពីរឿង “Squid Game” ថាមាន ៨៩% នៃចំនួនអ្នកដែលបានចាប់ផ្តើមទស្សនា យ៉ាងហោចណាស់មួយវគ្គ ហើយ ៦៦% នៃអ្នកទស្សនាបានបញ្ចប់រឿងទាំងមូលក្នុង Season នេះ។
ទិន្នន័យនេះក៏បាននិយាយផងដែរថា “Squid Game” ត្រូវបានគេមើលជាង ១.៤ ពាន់លានម៉ោងក្នុងរយៈពេល ២៨ ថ្ងៃដំបូង ពោលគឺច្រើនជាងទ្វេដងនៃម៉ោងសរុបដែលបានទស្សនាសម្រាប់កម្មវិធីលេខ ១ របស់ Netflix គឺ “Bridgerton” ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Netflix បានកើនឡើងប្រហែល ៧% ចាប់តាំងពី “Squid Game” ត្រូវបានចេញផ្សាយនៅថ្ងៃទី ១៧ ខែកញ្ញា ហើយអ្នកវិភាគបានរំពឹងថា កម្មវិធីនេះនឹងជួយបង្កើនប្រាក់ចំណូលរបស់ក្រុមហ៊ុន Netflix នៅត្រីមាសទី ៣ ។
អត្តបទដកស្រង់ពី Mike Murphy
បកប្រែនិងកែសម្រួលដោយ លោក គីមម៉េង