ការបង្ហាញបំណងវិនិយោគលើឧស្សាហកម្មចំណីអាហារនេះ បានធ្វើឡើងខណៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នេះ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
នៅក្នុងជំនួបនោះ លោក Neil Brimacombe បានជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុនរបស់លោកមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ហើយក៏មានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក រួមទាំងតំបន់អាស៊ានផងដែរ។ ហើយក្រុមហ៊ុនរបស់លោកផ្ដោតលើវិស័យកសិ-ឧស្សាហកម្ម ហើយមានជំនាញលើការផលិតចំណីអាហារ និងការកែច្នៃវេចខ្ចប់ផ្លែឈើ ដែលបច្ចុប្បន្ននេះក្រុមហ៊ុនក៏មានរោងចក្រក្នុងការកែច្នៃផលិតផលពីផ្លែឈើ ដើម្បីនាំចេញទៅបណ្តាទីផ្សារទាំងនៅក្នុងតំបន់អាស៊ី និងពិភពលោកផងដែរ ហើយក្រុមហ៊ុនក៏មាននាំចូលនូវវត្ថុធាតុដើមពីបណ្ដាប្រទេសមួយចំនួន ដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនផងដែរ។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិ ក៏បានបង្ហាញបំណងវិនិយោគលើវិស័យឧស្សាហកម្មចំណីអាហារនៅកម្ពុជា ដែលជាជំនាញរបស់ក្រុមហ៊ុន SPC Group។
ជាការឆ្លើយតប សម្តេចធិបតី នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីភាពទាក់ទាញ នៃបរិស្ថានវិនិយោគ ដែលមានភាពប្រាកដនិយម អនុគ្រោះ និងបត់បែន ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងការលើកទឹកចិត្តនានា សម្រាប់វិនិយោគិន និងធុរជន ជាពិសេសលើវិស័យកសិកម្ម។ សម្ដេចធិបតីក៏បានបន្ថែមថា វិស័យកសិកម្មជាវិស័យអាទិភាពមួយ ហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ដែលរួមមានការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ការបង្កើតឱ្យមាននូវយន្តការក្នុងការគាំទ្រដល់ប្រជាកសិករ ការបង្កើតនូវសមាគមកសិករទំនើប ការលើកកម្ពស់នូវគុណភាពផលិតផល ដើម្បីពង្រឹងនូវផលិតភាព និងគុណភាពផលិតផលកសិកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏បានគូសរំលេចពីគោលនយោបាយគាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគលើវិស័យកសិកម្ម ដែលរួមមានការលើកលែងពន្ធលើដីកសិកម្ម ពន្ធនាំចូលសម្ភារៈកសិកម្ម និងពន្ធកសិផលកសិកម្ម ក៏ដូចជាការធានានូវតម្លៃអគ្គិសនី ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប្រព័ន្ធធារាសាស្ត្រ ដែលជាកត្តាគន្លឹះជួយកាត់បន្ថយថ្លៃដើមផលិត ដើម្បីរក្សានូវភាពប្រកួតប្រជែងក្នុងទីផ្សារ។
ឆ្លើយតបទៅនឹងបំណងវិនិយោគរបស់ក្រុមហ៊ុន សម្ដេចធិបតី បានស្វាគមន៍ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ៕