តើមានរឿងអ្វីខ្លះនៅពីក្រោយផ្ទាំងឈុតឆាកបង្ហាញនៅលើបណ្តាញសង្គម? កាលពីពេលថ្មីៗនេះទស្សនិកជនប្រហែលជាបានដឹងជាច្រើនរួមមកហើយអំពីរឿងរ៉ាវមួយចំនួនទាក់ទងនឹងក្តីក្តាំងអំពីរឿងហេតុកើតឡើងនៅក្នុងរង្វង់តារាហ៊ីបហប់ប្រទេសកម្ពុជា។ ការបែកធ្លាយនៃបទចំរៀងរបស់លោកវណ្ណដាគឺជាចំណុចចាប់ផ្តើមអោយផ្ទុះការចោទប្រកាន់មកលើលោកជីដេវីត និងត្រលប់មកក្លាយជាដៃគូតន្រ្តីស្លាប់រស់របស់លោកវណ្ណដាតែម្នាក់គត់គឺជាលោកសង្ហាគឺជាអ្នកទទួលខុសត្រូវនៅក្នុងរឿងបណ្តាលអោយបទចំរៀងមួយនេះបែកធ្លាយ។ បន្ទាប់មិនដឹងថាមានរឿងអ្វីខ្លះទៀតនៅពីក្រោយត្រឹមតែរំលងមិនបានប៉ុន្មានថ្ងៃផងឈុតឆាកបន្ទាប់នៃរឿងមួយនេះក៏លាតត្រដាងឡើងថាលោកសង្ហាបានត្រូវលាឈប់ពីផលិតកម្មបារមីហើយ និងត្រូវបន្តកុងត្រាថ្មីជាមួយផលិតកម្ម Galaxy Navatra ផងដែរ។
យោងតាមការបង្ហោះរបស់លោកនៅលើទំព័រហ្វេសប៊ុកផ្លូវការនៅក្នុងថ្ងៃទី១៦ ខែវិច្ឆិកាកន្លងទៅនេះលោក សង្ហា បានសរសេររៀបរាប់ឡើងយ៉ាងដូច្នេះថាលោក ណុំ ចាន់រតនៈ ហៅសង្ហានឹងសំរេចចិត្តលាឈប់ពីផលិតកម្មបារមី និងសម្លាញ់វណ្ណដា មកបំពេញតួនាទីជាអ្នកនិពន្ធបទភ្លេងរបស់ផលិតកម្ម Galaxy Navatra ផ្តាច់មុខ ហើយកុងត្រារបស់លោកជាអ្នកចំរៀងនៃផលិតកម្មចាស់នឹងត្រូវចប់ក្នុងឆ្នាំនេះ។ ចំពោះរឿងរ៉ាវកន្លងមកលោកក៏ពេញចិត្តនឹងចេញមុខទទួលខុសត្រូវជាសាធារណៈ និងធ្វើតាមការចាត់ចែងតាមវិធានកាណ៍របស់ផលិតកម្មបារមីផងដែរ។
យ៉ាងណាមិញចំណុចរបត់នៃរឿងមួយនេះដែលត្រូវប្តូរផ្លាស់១៨០ដឺក្រេ បានធ្វើអោយសាធារណជនកើតមន្ទិលសង្ស័យជាខ្លាំង តើលោកសង្ហាបានស៊ីញ៉េកុងត្រាជាមួយផលិតកម្ម Galaxy Navatra តាំងពីពេលណា? រឺមួយមុនពេលនៃការចាកចេញរបស់លោកដែលអាចចាត់ទុកលោកបានថាជា Imposter?តើមានរឿងអ្វីខ្លះអោយពិតប្រាកដទៅលើទំនាក់ទំនងរបស់សិល្បករម្នាក់ៗ? តើជំលោះរបស់ពួកគេគឺជាការសម្តែងឡើងដោយរឺទេ? ចំណែកបើលោក Songha ចូលទៅក្នុងផលិតកម្មថ្មីដែលជាផលិតកម្ម Galaxy Navatra នោះតើលោកនឹងត្រូវសហការការងារថ្មីជាមួយនឹងមិត្តចាស់របស់វណ្ណដាលោក Tempo Tris មែនទេ? ហេតុអ្វីមិត្តសម្លាញ់ចាស់ៗរបស់វណ្ណដាត្រូវមករួមការងារនឹងគ្នានៅក្នុងផលិតកម្មផ្សេង?រឺមួយនេះគ្រាន់តែជាឈុតឆាកសម្តែងអោយល្អមើលនៅក្នុងសិល្បៈហ៊ីបហប់ ទាំងដែលពួកគេទាំងអស់សុទ្ធតែត្រូវរូវនឹងគ្នា?