កាលពីពេលរសៀលថ្ងៃទី១៥ខែវិច្ឆកាកន្លងទៅនេះ សមាជិករបស់ក្រុមបារមីម្នាក់គឺលោកសង្ហាដែលក៏ជាដៃគូសហការជាមួយលោកវណ្ណដាផងនោះបានធ្វើការបង្ហោះឡើងនូវអត្ថបទសំណេររៀបរាប់មួយនៅលើហ្វេសប៊ុកផេកផ្លូវការរបស់លោក។ ដោយកាលពីពេលកន្លងទៅថ្មីៗនេះមានរឿងរ៉ាវផ្ទុះឡើងម្តងទៀតពាក់ព័ន្ធនឹងបទចំរៀងរបស់លោកវណ្ណដាត្រូវបានបែកធ្លាយឡើងជាបន្តបន្ទាប់គ្នាចែកចាយនៅលើបណ្តាញសង្គមនានាដូចជា TikTok និង Facebook ជាដើម។ ជុំវិញនៅលើបញ្ហានេះលោកវណ្ណដាក៏ទំលាយអារម្មណ៍ពិតនៅលើទំព័រហ្វេសប៊ុករបស់លោកផងដែរដោយបានធ្វើការបកស្រាយឡើងពីការប្រេះស្រាំទំនុកចិត្តរបស់លោកទៅលើក្រុមការងារ និងស្នើរសុំអោយអ្នកដែលទទួលបានបទបែកធ្លាយហើយមេត្តាគោរពដល់លោកឈប់បន្តចែកចាយថែមទៀត។
ដូច្នេះថ្មីៗនេះផងដែរលោកសង្ហាក៏បានធ្វើការបញ្ចេញនូវពត៌មានបន្ថែមស្រាយចំងល់ជូនសាធារណជនដែលកំពុងតាមដានរឿងរ៉ាវមួយនេះ និងចង់ដឹងដូចគ្នាថាសមាជិកម្នាក់ណានៃក្រុមបារមីជាអ្នកលួចទំលាយបទចំរៀងរបស់លោកវណ្ណដាដោយគ្មានការអនុញ្ញាតិ។ លោកសង្ហាបានរៀបរាប់ឡើងថារូបលោកជាអ្នកទទួលបន្ទុកថែរក្សារាល់ឯកសារបទចំរៀងនានារបស់ក្រុមហ៊ុន ម្ល៉ោះហើយកាលដែលបទចំរៀងទាំងនេះត្រូវបានបែកធ្លាយឡើងវាគឺជាកំហុសដ៏ធ្ងន់សំរាប់លោក ថែមទាំងបានបំផ្លាញទឹកចិត្តរបស់មិត្តសំលាញ់លោកគឺលោកវណ្ណដាផងដែរ។
ម្យ៉ាងវិញទៀតលោកកាន់តែមានអារម្មណ៍ដឹងខុសព្រោះរូបលោកគឺជាអ្នកនាំក្មេងប្រុសម្នាក់ដោយចិត្តអាណិតអាសូរមកចូលធ្វើការនៅក្នុងក្រុមរបស់លោកមួយរយៈតែបែរជាត្រូវជនទី៣ម្នាក់នេះលួចដោនឡូតឯកសារបទចំរៀងពីក្នុងកំព្យូទ័ររបស់លោកទៅដោយមិនសុំការអនុញ្ញាតិ និងបង្កជារឿងរ៉ាវធំមកទល់ពេលនេះដែលនេះគឺមកពីភាពធ្វេសប្រហែសរបស់លោក។ ជាចុងក្រោយលោកសង្ហាក៏បានសម្តែងការសុំទោសជាសាធារណៈមកកាន់លោកវណ្ណដា និងក្រុមការងារបារមីទាំងអស់ផងដែរ។