ការមានទំនាក់ទំនងល្អនៅក្នុងសង្គមគឺជាកត្តាដ៏សំខាន់ចំាបាច់មួយដែលមិនអាចខ្វះបាន ជាពិសេសវាមានគុណសម្បត្តិយ៉ាងច្រើនសម្រាប់សុខភាព។ អត្ថប្រយោជន៍ទាំងអស់នោះរួមមាន៖
1. ជួយកាត់បន្ថយកំរិតនៃការថប់បារម្មណ៍ និងការបាក់ទឹកចិត្ត៖ ជាការពិតណាស់ ការមានមិត្តភក្តិជជែកគ្នាលេង និយាយលើកទឹកចិត្ត ឬ ជួយពិភាក្សា និងផ្តល់យោបល់ដល់យើង នោះការព្រួយបារម្មណ៍ និងការបាក់ទឹកចិត្ត វាក៏នឹងរសាយតាមហ្នឹងដែរ។
2. ជួយឲ្យមានទំនុកចិត្តចំពោះខ្លួនឯងកាន់តែខ្ពស់ និងមានកិច្ចសហប្រតិបត្តិការណ៍ជាមួយអ្នកដទៃកាន់តែប្រសើរ៖ ម្យ៉ាងវិញទៀត នៅពេលយើងមានទំនាក់ទំនងនៅក្នុងសង្គមច្រើន យើងនឹងមានទំនុកចិត្តខ្លាំងនៅក្នុងការធ្វើអ្វីមួយដូចជាការធ្វើជំនួញ ឬការបង្កើតគម្រោងជាដើម ពីព្រោះយើងមានអ្នកជួយគាំទ្រ ហើយយើងក៏ងាយក្នុងការសហការជាមួយគេដែរ។
3. ជួយពង្រឹងភាពសុំា៖ កាន់តែពិសេសថែមទៀតនោះ ការមានទំនាក់ទំនងល្អនៅក្នុងសង្គម វាជួយធ្វើឲ្យយើងមានភាពក្លាហាន ហ៊ាននិយាយស្តីនៅក្នុងចំណោមមនុស្សច្រើនបាន។
4. ជួយឲ្យជាសះស្បើយពីជំងឺ និង ធ្វើឲ្យមានអាយុវែង៖ លើសពីនោះទៅទៀត វាជួយឲ្យយើងអាចកាត់បន្ថយការប្រឈមនឹងជំងឺវង្វេង និងរស់នៅបានយូរអង្វែងជាងអ្នកដែលមិនសូវមានទំនាក់ទំនងនៅក្នុងសង្គម។
ម្យ៉ាងទៀត តាមការស្រាវជ្រាវបង្ហាញថា សុខភាពរបស់មនុស្សវ័យចំណាស់នឹងនៅតែប្រសើរ ប្រសិនបើពួកគេនៅមានទំនាក់ទំនងជាមួយអ្នកដទៃ ពីព្រោះធ្វើឲ្យ គុណភាពជីវិតពួកគេកាន់តែប្រសើរ និងប្រឈមតិចតួចនឹងជំងឺវង្វេង៕