Emma Baumert សារភាពថានៅពេលដែលនាងបានពាក់ឧបករណ៍ដែលមានបច្ចេកវិទ្យាខ្ពស់នេះលើក្បាល ដំបូង មានអារម្មណ៍ថាខុសពីធម្មតា។ “ប៉ុន្តែខ្ញុំក៏មានអារម្មណ៍ល្អដែរ ដែលបានពាក់វា ព្រោះខ្ញុំជាមនុស្សដែលមិនមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន” តាមការបកស្រាយរបស់នាង។ យុវតីមានអាយុ ២៤ឆ្នាំ មកពីរដ្ឋអ៊ីលីណយ (Illinois) គឺជាសមាជិកក្រុមអភិវឌ្ឍន៍រទេះរុញ Bobsled និងគ្រោងឆ្អឹងក្បាលរបស់អាមេរិក។
នាងក៏ជាគ្រូបង្វឹកផ្នែកលើកទម្ងន់ដែលពរពេញទៅដោយសមត្ថភាព ហើយក្នុងឆ្នាំនេះ នាងបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែករូបវិទ្យាលំហាត់ប្រាណទៀតផង។ ឧបករណ៍ពាក់លើក្បាលដែលនាងប្រើឥឡូវនេះ គឺជាឧបករណ៍បញ្ជូនទិន្នន័យត្រលប់មកវិញ ឬឧបករណ៍អេឡិចត្រូនិកផ្លាក្រាម (EEG)។ ចំនួនកីឡាករដែលពេញនិយមប្រើឧបករណ៍នេះមានការកើនឡើង ព្រោះពួកគេអាចវាស់រលកខួរក្បាលរបស់អ្នកពាក់។
នៅពេលខួរក្បាលស្ត្រេសផ្តល់នូវរលក ឬសញ្ញាជាច្រើន ដោយសារតែសកម្មភាពអគ្គិសនីកើនឡើង ហើយគួបផ្សំជាមួយការធ្វើសមាធិ ឧបករណ៍ពាក់លើក្បាលអាចជួយឱ្យអ្នកប្រើប្រាស់បានហ្វឹកហាត់ខ្លួនគាត់ឱ្យមានចិត្តស្ងប់ជាងមុន។ ដែលអាចបង្កើនការហ្វឹកហាត់របស់ពួកគេឲ្យប្រសើរជាងមុន។ ប៉ុន្តែតើឧបករណ៍ដែលវេជ្ជបណ្ឌិតប្រើប្រាស់ទាំងនោះ ដើម្បីធ្វើតេស្តរកមើលជំងឺដូចជា ជំងឺឆ្កួតជ្រូក និងជំងឺដាច់សរសៃឈាមខួរក្បាល ពិតជាមានប្រយោជន៍ក្នុងការជួយមនុស្សកាត់បន្ថយភាពតានតឹងមែនទេ?
កញ្ញា Baumert បានបកស្រាយថា នាងចង់ស្វែងយល់បន្ថែមទៀត បន្ទាប់ពីបានសាកល្បងប្រើកាសដែលមានឈ្មោះថា FocusCalm កាលពីពីរឆ្នាំមុន។
ដូច្នេះនាងបានទាក់ទងទៅក្រុមហ៊ុនដែលនៅពីក្រោយផលិតផលនេះគឺ BrainCo ដែលមានមូលដ្ឋាននៅរដ្ឋម៉ាសាឈូសេត។ ដោយសារការសិក្សារបស់នាងនៅសាកលវិទ្យាល័យ និងការចូលរួមប្រកួតផ្នែកលើកទម្ងន់ រួមទាំងកីឡានៅរដូវរងា ពួកគេបានអញ្ជើញនាងឱ្យក្លាយជាអ្នកស្រាវជ្រាវក្រៅម៉ោង ដែលទទួលបានការទូទាត់ក្នុងរយៈពេលប៉ុន្មានខែក្នុងឆ្នាំ ២០២០ ហើយម្តងទៀតនៅដើមឆ្នាំនេះ។
ឥឡូវនេះកញ្ញា Baumert បានជឿជាក់ថា ឧបករណ៍នេះអាចដំណើរការបាន។ “ខ្ញុំបានបង្កើតវាឡើង និងសិក្សាពីរបៀបគ្រប់គ្រងវាឱ្យកាន់តែល្អជាងមុន បូករួមទាំងការបណ្តុះបណ្តាល ដើម្បីធ្វើឱ្យខ្ញុំឈានទៅរកភាពធូរស្រាលជាងមុន ខណៈដែលអាចបង្កើនឱ្យមានទិន្នផលថាមពលខ្លាំង នៅពេលប្រើប្រាស់ឧបករណ៍នេះ” ។
លោក Max Newlon ប្រធានក្រុមហ៊ុន BrainCo បានធ្វើការពន្យល់ថា ឧបករណ៍ពាក់លើក្បាលដែលប្រើបច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) តាមដានការដោះស្រាយតាមប្រព័ន្ធសូហ្វវែរ (Software) ដែលមាន ១,២៥០ ចំណុចទិន្នន័យ នៅក្នុងសញ្ញារលកខួរក្បាលរបស់មនុស្ស។ នៅពេលភ្ជាប់ទៅនឹងកម្មវិធីទូរស័ព្ទដៃ វានឹងដាក់ពិន្ទុលើមាត្រដ្ឋានពី ០ ដល់ ១០០ ដោយ ១០០ មានន័យថាមានចិត្តស្ងប់ស្ងាត់បំផុត។
ភាគច្រើននៅពេលមនុស្សនៅស្ងៀមទទួលបានពិន្ទុប្រហែល ៥០ ពិន្ទុ។
អ្នកអភិវឌ្ឍន៍ឧបករណ៍ពាក់លើក្បាល EEG ម្នាក់ទៀត គឺក្រុមហ៊ុនកាណាដា InteraXon បានបង្កើតផលិតផលដែលមានឈ្មោះថា Muse នៅឆ្នាំ២០១៤។ វាក៏ត្រូវបានរចនាឡើងដើម្បីជួយធ្វើឱ្យអ្នកមានអារម្មណ៍ស្ងប់ និងជួយទ្រទ្រង់ការធ្វើសមាធិ ឬទទួលការគេងលក់ស្រួល។ បន្ថែមពីលើការវាស់រលកខួរក្បាល វាកត់ត្រាចង្វាក់បេះដូង ល្បឿនដង្ហើម និងឥរិយាបថរបស់មនុស្ស។ ហើយវាភ្ជាប់មកជាមួយនូវកម្មវិធីដែលចាក់សម្លេងដែលធ្វើឱ្យអារម្មណ៍ស្ងប់ ដូចជាសំឡេងដែលនៅក្នុងព្រៃ។
លោក Derek Luke នាយកប្រតិបត្តិនៃក្រុមហ៊ុន InteraXon បាននិយាយថា អតិថិជនរបស់លោកកំពុងព្យាយាមដោះស្រាយបញ្ហាមួយនៅក្នុងជីវិតរបស់ពួកគេ ដូចជាភាពតានតឹង និងការថប់បារម្ភ ឬព្យាយាមធ្វើឱ្យប្រសើរឡើង ចំពោះអ្វីមួយដូចជាការហ្វឹកហាត់របស់ពួកគេនៅក្នុងកីឡាណាមួយ។ ទាំងអស់នេះជាចំណុចល្អរបស់ឧបករណ៍ទាំងនេះ ប៉ុន្តែវេជ្ជបណ្ឌិត Naomi Murphy ផ្នែកចិត្តសាស្រ្ត និងកោសល្យវិច្ច័យនៅចក្រភពអង់គ្លេស បានបង្កើនការប្រុងប្រយ័ត្នចំពោះឧបករណ៍ EEG។
នាងបកស្រាយថា ឧបករណ៍ពាក់លើក្បាលលើកទឹកចិត្តមនុស្សឱ្យធ្វើការឆ្ពោះទៅរក “បទដ្ឋាន” សម្រាប់ខួរក្បាលជាមធ្យម។ លោកស្រីបានបន្ថែមថា “នេះអាចធ្វើឱ្យមនុស្សមួយចំនួនមានអារម្មណ៍ថា ហួសកម្លាំង ឬស្ថិតក្រោមការរំញោច ប្រហែលបណ្តាលមកពីខួរក្បាលរបស់ពួកគេមិនត្រូវនឹងការកំនត់សម្រាប់ខួរក្បាលជាមធ្យម” ។
"ខណៈពេលដែលមនុស្សមួយចំនួនយល់ឃើញថា ការវាស់ស្ទង់ដែលមានប្រយោជន៍ ឬការពង្រឹងស្មារតី ធ្វើឱ្យមនុស្សជាច្រើនត្រូវបានទាក់ទាញដោយបច្ចេកវិទ្យាណឺរ៉ូន (neuro-tech) ព្រោះពួកវាអាចកំណត់អត្តសញ្ញាណនៅពេលចុះខ្សោយ ការថប់បារម្ភ ការព្រួយបារម្ភពីការធ្វើការរបស់ពួកគេ និងការប្រើប្រាស់ទិន្នន័យដែលធ្វើឱ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរឡើង" ។
ទន្ទឹមនឹងនេះដែរ សាស្ត្រាចារ្យសាន់ដ្រាវ៉ាឆ័រ (Sandra Wachter) នៃសាកលវិទ្យាល័យអុកហ្វដ (Oxford) ដែលជាអ្នកជំនាញខាងបញ្ញាសិប្បនិម្មិត (AI) ឈានមុខគេ បានសួរថាតើឧបករណ៍ EEG ដែលមានគោលបំណងធ្វើឱ្យមនុស្សមិនសូវស្ត្រេសនេះគួរតែត្រូវការប្រើដែរឬទេ? លោកស្រីបានបន្តថា “ការបណ្តុះបណ្តាលស្មារតី និងការធ្វើសមាធិ អាចជាផ្នែកមួយដែលខ្ញុំឃើញមានតិចតួចណាស់ ដែលឧបករណ៍ EEG អាចអភិវឌ្ឍន៍លើការអនុវត្តបែបបុរាណ” ។
ប្រសិនបើអ្នកកំពុងបង្កើតឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ដើម្បីវាស់ស្ទង់អារម្មណ៍របស់មនុស្សបាន ហើយ ប្រសិនបើពួកគេពិតជាមានអារម្មណ៍ស្ត្រេសមែន អ្នកប្រហែលជាបាត់បង់ចំណុចនៃការពង្រឹងស្មារតី និងការធ្វើសមាធិ ហើយស្តាប់តែអារម្មណ៍ខ្លួនឯងតែប៉ុណ្ណោះ។ លើសពីនេះទៀត មិនមានអ្វីដូចជា “ការសំរាកលំហែអារម្មណ៍” ឬ “កំរិតស្ត្រេសដែលកើតមាន” ទេ ព្រោះមនុស្សម្នាក់ៗគឺខុសគ្នា”។ ទោះយ៉ាងណាវេជ្ជបណ្ឌិតស្ទីវអាល់ឌឺរ (Steve Allder) អ្នកពិគ្រោះយោបល់ខាងរោគសរសៃប្រសាទ នៅចក្រភពអង់គ្លេស បានគាំទ្រដល់ឧបករណ៍ EEG ជាពិសេសនៅពេលដែលពួកគេត្រូវបានប្រើប្រាស់ដោយអត្តពលិក។
គាត់និយាយថា “ការមានពង្រឹងស្មារតី គឺផ្តល់នូវអត្ថប្រយោជន៍ក្នុងការហ្វឹកហាត់” ។ “ហើយការប្រើប្រាស់ឧបករណ៍ដែលផ្តល់នូវការឆ្លើយតបខាងសរីវិទ្យាទៅក្នុងការហ្វឹកហាត់ អាចធ្វើឱ្យមានភាពប្រសើរឡើងក្នុងការគ្រប់គ្រងចិត្តរបស់មនុស្សម្នាក់ៗ ដូច្នេះឧបករណ៍ដែលមាន "ការឆ្លើយតបខាងសរីរវិទ្យា" គឺមានប្រយោជន៍។”
ត្រលប់ទៅកញ្ញា Baumert វិញនិយាយថា ខណៈពេលដែលឧបករណ៍ពាក់លើក្បាលមានអត្ថប្រយោជន៍ខ្លាំង អត្តពលិកមិនគួរមើលឃើញថាវាជា “ល្បិចវេទមន្ត” ឡើយ។ នាងបានបន្ថែមថា “យកអ្វីដែលអ្នកបានរៀន ហើយបន្ទាប់មកយកអនុវត្តវាឱ្យត្រឹមត្រូវ”៕
អត្តបទដកស្រង់ពី Kitti Palmai
បកប្រែនិងកែសម្រួលដោយ លោក គីមម៉េង