មួយរយៈក្រោយនេះ ឃើញថាបញ្ហាភ្លៀងធ្លាក់កើតមានឡើងនៅស្ទើរតែគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា ហើយការប្រគំតន្រ្តីទេសចរណ៍ខ្នាតធំរបស់លោកវណ្ណដាទៀតសោត ក៏ប្រហែលជាបានជួបនូវឧបសគ្គខ្លះៗមួយចំនួនដូចគ្នា អាចជាអ្នកគាំទ្រមានការលំបាកធ្វើដំណើរទៅចូលរួមការប្រគំតន្រ្តី រឺក៏សិល្បករ និងក្រុមការងារមានបញ្ហាក្នុងការរៀបចំឆាកសម្តែង។ ជាក់ស្តែងដូចការរំពឹងទុកពិតមែន នៅក្នុងថ្ងៃទី២៥ ខែសីហាកន្លងទៅនេះ ផលិតកម្មបារមីទើបតែបង្ហោះជូនដំណឹងពត៌មានពីការពន្យារពេលធ្វើការប្រគំតន្រ្តី Skull Tour នៅខេត្តកំពង់ចាប់សំរាប់ថ្ងៃទី២៧ ខែសីហាខាងមុខនេះទេ។ ផលិតកម្មបារមីបានបញ្ជាក់ថា ដោយសារតែបញ្ហាបច្ចេកទេស ឧបករណ៍ភ្លេង និងឆាកទើបធ្វើអោយពួកគេខកខានការធ្វើបេសកម្មមួយនេះអោយទាន់ពេលវេលា។ សំរាប់កាលបរិច្ឆេទថ្មីយ៉ាងណានោះពួកគេនៅមិនទាន់អោយដឹងប្រាកដជាក់លាក់នៅឡើយ ដូចនេះហើយទស្សនិកជនណាដែលខុសកាលវិភាគហើយមានបំណងចង់ប្តូរសំបុត្រជាប្រាក់វិញអាចធ្វើបាននៅក្នុងកម្មវិធី Live by Wonderpass។
គួរបញ្ជាក់ផងដែរ លោកវណ្ណដាបានធ្វើការប្រគំតន្រ្តីនៅក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាបកាលពីថ្ងៃទី២០ និងទី២៤ ខែសីហានេះចប់ទៅជាស្ថាពររួចមកហើយក្រោមវត្តមានចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្ររបស់លោក។ ក្រោយព្រឹត្តិការណ៍នៃការប្រគំតន្រ្តីចំនួនពីររួចមកហើយ ឃើញថាចំណាប់អារម្មណ៍របស់អ្នកចូលរួមមានភាពសប្បាយរីករាយមែនទែនព្រមទាំងបានបង្ហាញនូវភាពស្និទ្ធស្នាលច្រើនជាងមុនជាមួយសិល្បករទៀតផង។ចំនែកសំរាប់ថ្ងៃធ្វើការប្រគំតន្រ្តី ក៏មានដាក់លក់អាវ Change The Game និងអាវ Evolve The Culture ផងដែរដោយមិនចាំបាច់កក់មុន រឺ pre order ឡើយនៅតាមបណ្តាខេត្តក្រុងទាំង៥ដែលមានការប្រគំតន្រ្តី។