លើកនេះកាន់តែពិសេសនិងកក្រើកទៀតហើយសម្រាប់ពិភពតន្រី្តនៃប្រទេសកម្ពុជាជាពិសេសគឺ សម្រាប់ហ្វេនៗដែលជាអ្នកគាំទ្រលោកវណ្ណដាផ្ទាល់តែម្តង ពីព្រោះថាគម្រោងនៃប្រគុំតម្រ្តីជាលក្ខណៈទេសចរណ៏ដែលយើងគ្រប់គ្នាទន្ទឹងរង់ចាំថានឹងអាចមាននៅប្រទេសកម្ពុជា ឥឡូវនេះគឺបានមកដល់ហើយ នោះគឹការប្រគុំតន្រ្តីខ្នាតធំទាំង៥ខេត្តក្រុងរបស់ លោក វណ្ណដា។
កាលថ្ងៃទី១៩ខែមីនាក្រោយពីSkull Tour Fan only Concert ដែលបានធ្វើនៅឯ ACE Lounge លោកវណ្ណដាបានបង្ហាញអំពីការប្រកាសគម្រោងនៃការប្រគុំតន្រ្តីធំៗរបស់លោកសម្រាប់ឆ្នាំនេះ ហើយនៅក្នុងនោះលោកចែកចេញជាពីរតង់។ សម្រាប់តង់ទីមួយ វាគឺជាគម្រោងនៃការប្រគុំតន្រ្តី Skull the Album Concert ដែលនឹងប្រព្រឹត្តិឡើងនាថ្ងៃទី ០៩ ខែមេសា ខាងមុខនេះ។ យ៉ាងណាមិញ កាលពីម្សិលមិញនេះ ផេកផ្លូវការរបស់លោកបានប្រកាសជាផ្លូវការនៃការចេញ Album Skull ទី២ នៅថ្ងៃទី ២០ ខែ ឧសភា ខាងមុខនេះ ហើយអ្វីដែលពិសេសជាងនេះទៀតនោះគឺ $KULL II នឹងមានចំនួនពីរវគ្គ (2 parts) ដែលវគ្គ ២ នឹងចេញផ្លូវការនៅក្នុងឆ្នាំតែមួយគឺនៅចុងឆ្នាំ២០២២ នេះតែម្ដង។ សម្រាប់ពត៍មានបន្ថែមដូចជា គម្រោងនៃការចេញអាល់ប៊ុម, Tracklist, ចំណងជើងបទចម្រៀង លោកនឹងធ្វើការបង្ហាញក្នុងពេលឆាប់ៗនេះ។
សម្រាប់សំបុត្រនៃការចូលរួមទស្សនាវិញ លោកបានបញ្ជាក់ថា នឹងមានលក់ជាផ្លូវការនៅថ្ងៃទី ២២ ខែមីនានេះតទៅ ហើយតម្លៃសម្រាប់អ្នកមកទិញមុនដំបូងគេ ចាប់ពីថ្ងៃទី ២២ ខែមិនា ដល់ថ្ងៃទី ៣១ ខែមីនា គឺមានតម្លៃត្រឹមតែ ៧ ដុល្លារប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ លោកក៏បានបញ្ជាក់ផងដែរថា សម្រាប់ Skull the Album Concert (2020) គឺមានតែម្តងនេះប៉ុណ្ណោះដែលធ្វើឡើងនៅ Factory Phnom Penh ហើយក៏មានដែរពីការចូលរួមសម្តែងរបស់ កញ្ញា Sophia Kao ដែលធ្លាប់បានច្រៀងរួមគ្នាជាមួយបទTime, ការចូលរួមក្រុម La Cima Cartel ហើយនិង blogger ដែលចូលចិត្តធ្វើវីដេអូReaction ដ៏ល្បីនោះគឺលោក Raven blazeផងដែរ។ ចំណែកឯនៅការប្រគុំតន្រ្តី Solo Tour នៃ Album Skull ទី២ របស់លោកនឹងប្រព្រឹត្តិឡើងនៅ៥ខេត្ត ក្រុងដែលមានដូចជា ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងទីក្រុង់ភ្នំពេញ ផងដែរ។
ជាចុងក្រោយលោកបានបញ្ជាក់ថារូបលោកក៏ដូចជាក្រុមការងារបានត្រៀមខ្លួនរួចជាស្រេចដើម្បី បង្ហាញនូវអ្វីដែលមិនធ្លាប់មានពីមុនមកដែលអាចនឹងបំបែកកំណត់ត្រាមួយផ្សេងទៀតនិងមិនអាចបំភ្លេចបានជាមួយអ្នកគាំទ្ររបស់លោក។ Admin ក៏ដូចអ្នកគាំទ្ររបស់រូបលោកគ្រប់ៗគ្នាពិតជាត្រេកអរយ៉ាងខ្លាំងដែលបានឃើញសិល្បៈករខ្មែរអាចបង្កើតនូវការប្រគុំតន្ត្រីទេសចរណ៏សូឡូដោយមានការរៀបចំបែបស្តង់ដារបែបនេះ ដែលពីមុនមកធ្លាប់តែលឺអំពីការប្រកាសនៃការប្រគុំតន្ត្រីបែបនេះពី តារាចម្រៀង K-POP ឬតារាល្បីៗរបស់អាមេរិកតែប៉ុណ្ណោះ តែឥឡូវនេះតារាចម្រៀងខ្មែរក៏អាចបំបែកប្រវតិ្តសាស្ត្រនៃពិភពតន្រ្តីនៅកម្ពុជាបែបនេះបានហើយ។
អត្ថបទដោយ ណាន់សំណាង (Calvin Nann) & ម៉ៅ គុយដង់