ភ្នំពេញ៖ កីឡាករកម្ពុជាម្នាក់ដណ្ដើមបានមេដាយមាស និងម្នាក់ទៀត ទទួលបានមេដាយប្រាក់ ក្នុងការប្រគួតកីឡាម៉ូតូទឹក លើវិញ្ញាសា Ski GP នៅខេត្តព្រះសីហនុ ដែលជាការប្រគួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានឲ្យដឹងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១៦ ខែឧសភានេះថា កីឡាករ សាលី អូមើត ដណ្តើមបានមេដាយមាស ១គ្រឿង ជូនជាតិ ខណៈកីឡាករ ម៉ីន មូស្តាន់ ទទួលបានមេដាយប្រាក់ ១គ្រឿងដែរ។ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានបញ្ជាក់ថា ការទទួលបាននូវមេដាយនេះ គឺបន្ទាប់ពីពួកគេបានចូលរួមប្រគួតលើវិញ្ញាសា Ski GP ជុំទី៣ ដែលធ្វើឡើងនៅលើដែនសមុទ្រ នៃខេត្តព្រះសីហនុ។ សូមបញ្ជាក់ថា ការប្រកួតប្រភេទកីឡាម៉ូតូទឹក បានចាប់ផ្ដើមឡើងតាំងពីថ្ងៃទី១៣ ខែឧសភា និងត្រូវបិទបញ្ចប់នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៣នេះ៕