យោធាអ៊ីស្រាអែលបានចេញផ្សាយវីដេអូមួយដែលបង្ហាញឱ្យឃើញមេដឹកនាំរបស់ក្រុមហាម៉ាសគឺលោក Yahya Sinwar បានស្ថិតនៅខាងក្នុងរូងក្រោមដីមួយនៅខាងក្រោមទីក្រុង Khan Younis ភាគខាងត្បូងនៃ តំបន់Gaza។ តាមប្រភពរបស់រុស្ស៊ី គឺសហរដ្ឋអាមេរិកបានច្រានចោលសំណើរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នូវសំណើបទឈប់បាញ់នៅអ៊ុយក្រែន ដើម្បីបញ្ចប់សង្រ្គាម នេះបើតាមកិច្ចពិភាក្សាតាមរយៈអ្នកសម្របសម្រួលរបស់ពួកគេ។ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានក្លែងការវាយប្រហារដោយមីស៊ីល រឺហៅថា Missile Simulation សំដៅលើមូលដ្ឋានទ័ពអាកាស Palmachim ក្បែរទីក្រុង Tel Aviv របស់អ៊ីស្រាអែលដែលជាកន្លែងដាក់កងយន្តហោះចម្បាំង F-35 របស់ប្រទេសនេះ។
-
Yahya Sinwar របស់ហាម៉ាសត្រូវបានប្រទះឃើញនៅរូងក្រោមដីហ្គាហ្សា
យោងតាមសារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី13 ខែកុម្ភៈបានអោយដឹងថា យោធាអ៊ីស្រាអែលបានចេញផ្សាយវីដេអូមួយដែលបង្ហាញឱ្យឃើញមេដឹកនាំរបស់ក្រុមហាម៉ាសគឺលោក Yahya Sinwar បានស្ថិតនៅខាងក្នុងរូងក្រោមដីមួយនៅខាងក្រោមទីក្រុង Khan Younis ភាគខាងត្បូងនៃ តំបន់Gaza ជាមួយនឹងប្រពន្ធកូនរបស់លោក និងបងប្អូនប្រុសរបស់លោកគឺលោក Ibrahim Sinwar ។
ដោយវីដេអូនេះត្រូវបានបញ្ចេញឡើងនៅក្នុងសន្និសិទកាសែតប្រចាំថ្ងៃរបស់លោក ដោយអ្នកនាំពាក្យនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បាននិយាយថា ខ្សែអាត់វីដេអូនេះត្រូវបានថតឡើងដោយកាមេរ៉ារបស់ Hamas CCTV កាលពីថ្ងៃទី 10 ខែតុលា ហើយទទួលបានដោយ IDF នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។
លោក Hagari បានបន្តទៀតថា "នោះហើយជាវិធីមួយដែលលោកSinwarអាចរត់គេចខ្លួនបានជាមួយនឹងក្រុមគ្រួសាររបស់លោកនៅខាងក្រោមដីតាមរយៈផ្លូវរូងក្រោមដីនេះទៅកាន់កន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាពមួយដែលលោកបានសាងសង់ទុកជាមុន" ។
-
តើអាមេរិកបានបដិសេធសំណើបទឈប់បាញ់របស់ពូទីន?
យោងតាមសារព័ត៌មាន Pravda ចុះផ្សាយថ្ងៃទី13 ខែកុម្ភៈបានអោយដឹងថា តាមប្រភពរបស់រុស្ស៊ី គឺសហរដ្ឋអាមេរិកបានច្រានចោលសំណើរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នូវសំណើបទឈប់បាញ់នៅអ៊ុយក្រែន ដើម្បីបញ្ចប់សង្រ្គាម នេះបើតាមកិច្ចពិភាក្សាតាមរយៈអ្នកសម្របសម្រួលរបស់ពួកគេ។
យោងតាមប្រភពរុស្ស៊ីចំនួនបី អ្នកសម្រុះសម្រួលបានជួបគ្នានៅប្រទេសទួរគី កាលពីចុងដំណាច់ឆ្នាំ 2023 នេះ។ ខណៈដែលតាមប្រភពមួយបានអោយដឹងថា មន្ត្រីអាមេរិកម្នាក់បែរជាមិនបានដឹងពីទំនាក់ទំនងក្រៅផ្លូវការតាមរយៈអន្តរការីរបស់ពួកគេនេះទៅវិញ។ យោងតាមប្រភពរុស្ស៊ីមួយ គឺលោកSullivan បានគ្រោងនឹងនិយាយជាមួយនឹងទីប្រឹក្សាគោលនយោបាយការបរទេសរបស់លោក Putin គឺ លោក Yuri Ushakov ដើម្បីកំណត់ជំហានបន្ទាប់។
ប៉ុន្តែនៅពេលដែលធ្វើការហៅតាមរយៈទូរស័ព្ទក្នុងខែមករាមក លោក Sullivan បានជូនដំណឹងដល់លោក Ushakov វិញថាទីក្រុងវ៉ាស៊ីនតោននឹងមានឆន្ទៈក្នុងការពិភាក្សាសម្រាប់គ្រប់ទិដ្ឋភាពផ្សេងទៀតនៃទំនាក់ទំនងនេះ ប៉ុន្តែនឹងមិនមានការពិភាក្សាអំពីបទឈប់បាញ់ដោយមិនមានភាគីអ៊ុយក្រែនចូលរួមនោះទេ។
-
អ៊ីរ៉ង់ក្លែងការវាយប្រហារដោយមីស៊ីលលើមូលដ្ឋាន F-35 អ៊ីស្រាអែល
យោងតាមសារព័ត៌មាន Defense Security Asia ចុះផ្សាយថ្ងៃទី14 ខែកុម្ភៈបានអោយដឹងថា កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានក្លែងការវាយប្រហារដោយមីស៊ីល រឺហៅថា Missile Simulation សំដៅលើមូលដ្ឋានទ័ពអាកាស Palmachim ក្បែរទីក្រុង Tel Aviv របស់អ៊ីស្រាអែលដែលជាកន្លែងដាក់កងយន្តហោះចម្បាំង F-35 របស់ប្រទេសនេះ និងក៏ជាមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបរបស់អ៊ីស្រាអែលផងដែរ។
នៅក្នុងការក្លែងវាយប្រហារនេះផងដែរ IRGC បានបាញ់បង្ហោះកាំជ្រួចមីស៊ីល "Emad" និង "Qadr" លើមូលដ្ឋានទ័ពអាកាសអ៊ីស្រាអែល។ការក្លែងនេះត្រូវបានមើលឃើញដោយមេបញ្ជាការ IRGC លោក Hossein Salami ផងដែរដែលបានប្រកាសថាការក្លែងវាយប្រហារនេះទទួលបានជោគជ័យយ៉ាងខ្លាំង។ ទីភ្នាក់ងារសារព័ត៌មាន Tasnim បាននិយាយថាការក្លែងវាយប្រហារនេះត្រូវបានធ្វើឡើងដើម្បីអបអរសម្រាប់នៅក្នុងការប្រារព្ធពិធី "ទិវាឆ្មាំ" លើកទី 45 របស់អ៊ីរ៉ង់។