អឺរ៉ុបប្រកាសថាខ្លួននឹងមិនចូលរួមក្នុងសម្ព័ន្ធអន្តរជាតិប្រឆាំងក្រុម Houthi របស់អាមេរិកនៅ ច្រកសមុទ្រ Bab al-Mandab នោះទេ! ក្រុម Houthi គំរាមវាយប្រហារនាវាអាមេរិក ប្រសិនបើអាមេរិកបើកសង្រ្គាមលើប្រទេសយេម៉ែន។ អាមេរិកបាត់បង់ការគាំទ្រនៅសមុទ្រក្រហមពីសម្ព័ន្ធមិត្ត ខណៈដែលម៉ាឡេស៊ីដាក់បម្រាមលើនាវាអ៊ីស្រាអែលនៅច្រកសមុទ្រម៉ាឡាកា។ ចំណែកឯលោក Sinwar ច្រានចោលការចរចាជាមួយអ៊ីស្រាអែល! តើសម្ព័ន្ធកងទ័ពជើងទឹកអាមេរិកប្រឆាំងនឹងក្រុមហ៊ូធីនៅច្រកសមុទ្រ Bab al-Mandab និងសមុទ្រក្រហមនឹងត្រូវបញ្ចប់មុនពេលវាចាប់ផ្តើមឬទេ? តើសង្រ្គាមនៅហ្គាហ្សានឹងទៅជាយ៉ាងណា?
-
អឺរ៉ុបបដិសេធសម្ព័ន្ធប្រឆាំងនឹងយេម៉ែន
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២០ ខែធ្នូបានអោយដឹងថា សម្ព័ន្ធមិត្តអាមេរិកជាច្រើនបាននិយាយថា ពួកគេគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការការពារការដឹកជញ្ជូននៅលើសមុទ្រក្រហម បន្ទាប់ពីមានការវាយប្រហារដោយក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយប្រទេសយេម៉ែនរួចមក ប៉ុន្តែក៏មានបណ្តាប្រទេសអឺរ៉ុបខ្លះទៀតបាននិយាយថា ពួកគេនឹងមិនចូលរួមជាមួយសម្ព័ន្ធកងទ័ពជើងទឹករបស់អាមេរិកនោះទេ។
ការឆ្លើយតបចម្រូងចម្រាស់បែបនេះកំពុងបង្កភាពច្របូកច្របល់សម្រាប់ក្រុមហ៊ុនដឹកជញ្ជូន ដោយមានក្រុមហ៊ុនមួយចំនួនបាននិងកំពុងផ្លាស់ប្តូរផ្លូវនាវាចរណ៍របស់ខ្លួនចេញឆ្ងាយពីតំបន់នោះទៅហើយ។
កាលពីថ្ងៃអង្គារ៍រដ្ឋមន្ត្រីការពារជាតិអាមេរិកលោកLloyd Austin បានប្រកាសថាសម្ព័ន្ធនេះនឹងចូលរួមដោយប្រទេស ចក្រភពអង់គ្លេស បារ៉ែន កាណាដា បារាំង អ៊ីតាលី ហូឡង់ ន័រវែស សីស្ហែល និងអេស្ប៉ាញ។ ប៉ុន្តែក្រោយមកបារាំងក៏បានលើកឡើងថា ពួកគេគាំទ្រប្រតិបត្តិការនេះ ប៉ុន្តែពួកគេនឹងនៅក្រោមការបញ្ជារបស់បារាំងតែប៉ុណ្ណោះ។ ចំណែកអ៊ីតាលីវិញបាននិយាយថា វាគឺជាប្រតិបត្តិការរបស់ពួកគេដែលមានរួចស្រាប់ប៉ុណ្ណោះ មិនមែនជាផ្នែកនៃសម្ព័ន្ធប្រឆាំងយេម៉ែននោះទេ។ ចំណែកអេស្ប៉ាញវិញក៏បានលើកឡើងថា ពួកគេនឹងចូលរួមបេសកកម្មដែលដឹកនាំដោយ EU ប៉ុណ្ណោះ។ រីឯចក្រភពអង់គ្លេសថា ពួកគេនឹងចូលរួម ក៏ព្រោះតែនេះត្រឹមជាផ្នែកមួយនៃប្រតិបត្តិ CMF ដឹកនាំដោយអាមេរិក។
-
ម៉ាឡេស៊ីដាក់បម្រាមលើកប៉ាល់អ៊ីស្រាអែល
យោងតាមសារព័ត៌មាន Bloomberg ចុះផ្សាយថ្ងៃទី២០ ខែធ្នូបានអោយដឹងថា ម៉ាឡេស៊ីបាននិយាយថា ខ្លួននឹងរារាំងក្រុមហ៊ុនសេវាកម្មដឹកជញ្ជូនរួម ZIM ដែលមានមូលដ្ឋាននៅអ៊ីស្រាអែលពីការចូលចតនៅកំពង់ផែនៃប្រទេសអាស៊ីអាគ្នេយ៍ណាមួយ ដែលជាសកម្មភាពមួយបង្ហាញពីការខកចិត្តចំពោះសង្គ្រាមនៅតំបន់ហ្គាហ្សា។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ប្រទេសនេះក៏បានកំពុងហាមឃាត់កប៉ាល់ដែលមានទង់ជាតិអ៊ីស្រាអែលផងដែរ ហើយនឹងរារាំងនាវាដែលកំណត់គោលដៅទៅកាន់អ៊ីស្រាអែលពីការផ្ទុកទំនិញនៅលើកំពង់ផែរបស់ខ្លួន។ ការហាមឃាត់នេះនឹងត្រូវអនុវត្តន៍ឡើងភ្លាមៗ។
-
Sinwar បដិសេធការចរចា
យោងតាមសារព័ត៌មាន Alarabiya ចុះផ្សាយថ្ងៃទី១៩ ខែធ្នូបានអោយដឹងថា មន្ត្រីជាន់ខ្ពស់ម្នាក់មកពីចលនាប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ក្រុមហាម៉ាសបានច្រានចោលការចរចាលើការដោះដូរអ្នកទោសនៅក្នុងអំឡុងពេលសង្គ្រាមរបស់អ៊ីស្រាអែលនេះ ប៉ុន្តែនឹងបើកចំហចំពោះគំនិតផ្តួចផ្តើមណាមួយដើម្បីបញ្ចប់សង្គ្រាមមួយនេះវិញ។
លោក Basem Naem បាននិយាយថា“យើងសូមបញ្ជាក់ជំហររបស់យើងក្នុងការបដិសេធយ៉ាងដាច់អហង្ការលើការចរចាក្នុងទម្រង់ណាមួយនៃការដោះដូរអ្នកទោសដែលជាសង្រ្គាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែល”។
លោកបានបន្ថែមថា"ទោះជាយ៉ាងណាក៏ដោយ យើងសូមបើកចំហចំពោះគំនិតផ្តួចផ្តើមណាមួយដែលរួមចំណែកដល់ការបញ្ចប់សង្គ្រាម និងការប្រើហឹង្សាមកលើប្រជាជនរបស់យើង និងរួមចំណែកដល់ការបើកច្រកព្រំដែនដើម្បីនាំយកជំនួយ និងផ្តល់ការសង្គ្រោះដល់ប្រជាជនប៉ាឡេស្ទីន" ។