ផ្លូវទឹកហាយវេ Shiziguan គឺជាស្ពានឈើបណ្តែតលើផ្ទៃទឹកដ៏ចម្លែកមួយរបស់ប្រទេសចិន ដែលមានទីតាំងស្ថិតនៅស្រុក Xuan’en នៃភាគនិរតីរបស់ប្រទេសចិន។ ការធ្វើដំណើរនៅលើដងស្ពានមួយនេះ មិនថាជាការដើរ រឺបើកបរឆ្លងកាត់ នឹងធ្វើអោយអ្នកដំណើរទទួលបានអារម្មណ៍ហាក់ដូចជាឆ្លងកាត់លើផ្ទៃទឹកយ៉ាងដូច្នោះឯង។
ស្ពាន Shiziguan ត្រូវបានស្គាល់ឡើងថាជាស្ពាន «Long Bridge of Dreams» ដែលលាតសន្ធឹងនៅលើផ្ទៃទន្លេ Qingjiang។ វាមានប្រវែងសរុប ៥០០ ម៉ែត្រ និងមានប្រវែងទទឹង ៤.៥ម៉ែត្រ ដែលបានលាតសន្ធឹងនៅលើផ្ទៃទឹកពណ៌បៃតងខៀវស្រងាត់ ដែលមានជម្រៅប្រមាណ៦០ម៉ែត្រ។
ក្នុងការបើកបរធ្វើដំណើរតាមស្ពាននេះ ល្បឿនត្រូវបានកំរិតផងដែរ ចៀសវាងការបង្កើតឡើងនូវរលកធំៗដល់អ្នកធ្វើដំណើរតាមនោះ។ ស្ពាននេះបានទាក់ទាញចំណាប់អារម្មណ៍អ្នកលេងនៅលើប្រព័ន្ធអ៊ីនធឺណិតជាច្រើននាក់ ដោយសារតែស្ពាន Shiziguan គឺហាក់ដូចជាស្ពានបណ្តែតទឹកពិតៗ ដែលអ្នកធ្វើដំណើរហាក់ដូចជាធ្វើដំណើរនៅលើផ្ទៃទឹកពិតៗ។
ប៉ុន្តែជាការពិតទៅ ស្ពាន Shiziguan គឺស្ពានដែលទ្រទ្រង់ឡើងដោយខ្សែកាប ហើយមូលហេតុនេះគឺក៏ដោយសារតែដើម្បីក្នុងគោលបំណងធ្វើអោយការធ្វើដំណើរហាក់ដូចជាឆ្លងកាត់នៅលើផ្ទៃទឹកពិតៗ។ ស្ពានបណ្តែតទឹក Shiziguan អាចទ្រទ្រង់មនុស្សបានរហូតដល់១០០០០នាក់ និងត្រូវបានបើកសម្ពោធប្រើប្រាស់ឡើងដល់សាធារណជនជាផ្លួវការចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦មក។