Berlin-
អធិការបតីអាល្លឺម៉ង់ Olaf Scholz បាននិយាយថាលោកនឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូក្នុងពេលឆាប់ៗនេះ ដើម្បីជួបជាមួយលោកប្រធានាធិបតី Vladimir Putin នៅចំពេលដែលលោកហៅថា វាជាស្ថានភាពដ៏ធ្ងន់ធ្ងរនៅតាមព្រំប្រទល់អ៊ុយក្រែន។ “ខ្ញុំនឹងធ្វើដំណើរទៅសហរដ្ឋអាមេរិក ហើយខ្ញុំនឹងទៅទីក្រុងមូស្គូ ដើម្បីបន្តជជែកអំពីបញ្ហាសំខាន់ៗ” Scholz បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយជាសាធារណៈ ZDF នៅក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃពុធល្ងាច។ ខណៈដែលលោកមិនបានផ្តល់នូវកាលបរិច្ឆេទសំរាប់ដំណើរទៅកាន់ទីក្រុងមូស្គូ Scholz បាននិយាយថា “កិច្ចប្រជុំត្រូវបានរៀបចំនិងកើតមានក្នុងពេលឆាប់ៗនេះ”។
លោកអធិការបតី ដែលនឹងធ្វើដំណើរទៅទីក្រុងវ៉ាស៊ិនតោននៅថ្ងៃអាទិត្យ-ច័ន្ទ ដើម្បីជួបជាមួយប្រធានាធិបតី Joe- Biden បានទទួលស្គាល់ផងដែរថាជាមួយនឹងចំនួនកងទ័ព ១៣០,០០០នាក់ ដែលឈរជើងនៅតាមព្រំប្រទល់អ៊ុយក្រែន លោកប្រធានាធិបតីអាចនឹងមានចេតនាឈ្លានពានអ៊់យក្រែន។ “អ្នកមិនអាចនឹងមើលរំលងការពិត ដែលមានចំនួនកងទ័ពដ៏ច្រើននៅតាមព្រំប្រទល់អ៊ុយក្រែននោះទេ ទាំងអស់នេះគឺជាលក្ខ័ណទុកជាមុនសំរាប់សកម្មភាពយោធា” Scholz បាននិយាយ "ហេតុនេះហើយវាមានសារៈសំខាន់ណាស់ដែលយើងត្រូវតែច្បាស់នូវអ្វីដែលយើងកំពុងនិយាយនិងអ្វីដែលយើងកំពុងរៀបចំ"។
ពាក្យសំដីរបស់ Scholz ដែលបានថ្លែងនេះ បន្ទាប់ពីមានការរិះគន់ទាំងក្នុងប្រទេសនិងក្រៅប្រទេស ចំពោះការឆ្លើយតបរបស់រដ្ឋាភិបាលថ្មីរបស់លោកចំពោះការប្រមូលផ្តុំកងទ័ពរបស់រុស្សី ទីក្រុង Berlin បានបដិសេធមិនព្រមដឹកអាវុធផ្តល់ឲ្យអ៊ុយក្រែន រារាំងក្នុងការដឹកជញ្ជូនអាវុធរបស់សម្ព័ន្ធមិត្តទៅកាន់ប្រទេសនេះ ព្រមទាំងមានការស្ទាក់ស្ទើរក្នុងការដាក់បញ្ចូលបំពង់ឧស្ម័នធម្មជាតិ Nord Stream 2 ទៅក្នុងការដាក់ទណ្ឌកម្មជាកញ្ចប់បើសិនជារុស្សីវាយប្រហារអ៊ុយក្រែន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោកអធិការបតីអាល្លឺម៉ង់បាននិយាយថា រឿងបំពង់បង្ហូរឧស្ម័នធម្មជាតិNord Stream 2 ស្ថិតនៅលើតុបើសិនជារុស្សីវាយប្រហារអ៊ុយក្រែន។
នៅពេលដែលសួរអំពីការចោទប្រកាន់ថា អាល្លឺម៉ង់មិនអាចជាដៃគូរដែលគួរឲ្យជឿជាក់បាន Scholz បានជំទាស់ថា "សម្ព័ន្ធមិត្តរបស់យើងដឹងច្បាស់ថាអ្វីដែលកេមាននៅជាមួយនឹងយើង" ព្រមទាំងអះអាងថា អាល្លឺម៉ង់បានធ្វើវិភាគទានច្រើនណាស់សំរាប់ NATO ។ "អាល្លឺម៉ង់គឺជាប្រទេសដែលផ្តល់ជំនួយធំជាងគេទៅកាន់អ៊ុយក្រែនកាលពីឆ្នាំមុន ជិត២ពាន់លាន អឺរ៉ូ " Scholz និយាយ។