Scarlett Johansson សព្វថ្ងៃជាតារាស្រីដ៏ស្រស់ស្អាតបំផុត និងទទួលបានប្រាក់ខែខ្ពស់បំផុតនៅហូលីវូដ ប៉ុន្តែជីវិតមិនមែនសុទ្ធតែស្រស់ស្អាតនៅពេលមនុស្សម្នាក់ជោគជ័យនោះទេ។ នាងមានការចាប់ផ្តើមដ៏ទាបបំផុតមួយ។ Scarlett Johansson មានស្រុកកំណើតនៅក្នុងទីក្រុងល្បីឈ្មោះមួយនៅអាមេរិក គឺទីក្រុង New York។ ប៉ុន្តែនាងធំឡើងជាកូនម្នាក់ក្នុងចំណោមកូនបួននាក់ក្នុងគ្រួសារដ៏ក្រីក្រមួយ។ ឪពុកម្តាយរបស់នាងពឹងផ្អែកលើរដ្ឋាភិបាល ដើម្បីជួយផ្គត់ផ្គងដល់គ្រួសាររបស់នាង ដោយផ្តល់នូវប័ណ្ណប្តូរអាហារ។ ពេលវេលាដ៏សែនលំបាក បានធ្វើឱ្យមានភាពប្រះឆានៅក្នុងអាពាហ៍ពិពាហ៍របស់ឪពុកម្តាយរបស់នាង ដូច្នេះពួកគេបានលែងលះគ្នានៅពេលដែល Scarlett មានអាយុត្រឹមតែ 13 ឆ្នាំ ប៉ុន្តែពួកគេនៅតែមានការគាំទ្រយ៉ាងខ្លាំងនៅពេលដែលនាងសម្រេចចិត្តចង់ក្លាយជាតារាសម្តែង។ កាលនៅក្មេង Scarlett បានហាត់សម្តែងដោយសម្លឹងមើលកញ្ចក់រហូតដល់នាងអាចយំបាន។ នាងបានចាប់ផ្តើមធ្វើតេស្តសមត្ថភាពដើម្បីចូលរួមសម្តែងតាំងពីក្មេង។ ដូច្នេះនៅអាយុប្រាំពីរឆ្នាំ នាងត្រូវឆ្លងកាត់ការបដិសេធជាច្រើន មុនពេលមាននរណាម្នាក់ផ្តល់ឱកាសសម្រាប់រូបនាង។
រហូតមកដល់សព្វថ្ងៃនេះ នាងនៅតែចងចាំពីការឈឺចាប់ដែលត្រូវបានភ្នាក់ងារបដិសេធនាងជាលើកដំបូង។ “ពួកគេមិនចង់បានខ្ញុំឡើយ។ ខ្ញុំតូចចិត្តនឹងខ្លួនឯងជាខ្លាំង។ ខ្ញុំគិតថា វាជាចុងបញ្ចប់នៃអាជីពសម្តែងរបស់ខ្ញុំហើយ»។ នាងអស់សង្ឃឹម, ក្តីស្រមៃរបស់នាងត្រូវបានរលាយ, នាងសោកសៅ, និងតូចចិត្តជាខ្លាំង រហូតដល់ធ្វើឲ្យម្តាយរបស់នាងព្យាយាមបញ្ចុះបញ្ចូលនាងឱ្យបោះបង់សុបិនរបស់នាង។ នៅអាយុត្រឹមតែ ៨ឆ្នាំ នាងមានភាពក្លាហានគ្រប់គ្រាន់ ដើម្បីបន្តនៅលើផ្លូវដែលពោរពេញទៅដោយការបដិសេធនេះ ពីព្រោះតែគំនិតនៃការបោះបង់ចោលគឺ គ្រាន់តែធ្វើឲ្យនាងកាន់តែឈឺចាប់ប៉ុណ្ណោះ។
ដូច្នេះ Scarlet បានសម្រេចចិត្តដើរតាមក្តីសុបិនរបស់នាង រហូតដល់ក្លាយជាតារាសម្តែង ទោះបីជាមានអ្វីៗគ្រប់យ៉ាងកើតឡើងក៏ដោយ។ នាងក៏ត្រូវបានគេច្រានចោលចំពោះការថតស្ពតពាណិជ្ជកម្មផងដែរ ព្រោះតែកាលនៅក្មេង នាងមានទឹកដមសំឡេងគ្រោតគ្រាត ដែលមិនសាកសមនឹងស្ពតពាណិជ្ជកម្មទាល់តែសោះ។ Scarlett មានអាយុត្រឹមតែ 9 ឆ្នាំប៉ុណ្ណោះ នៅពេលដែលនាងទទួលបានតួនាទីក្នុងភាពយន្តដំបូងរបស់នាង ប៉ុន្តែនៅអាយុ 13 ឆ្នាំ នៅក្នុងខ្សែភាពយន្តរឿង "The Horse Whisperer" នាងបានបង្ហាញថា នាងកើតមកដើម្បីក្លាយជាតារាសម្តែង។ នាងបានបង្ហាញថា នាងបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ។ ការសម្តែងដែលនាងបានបញ្ចូលទៅក្នុងតួអង្គក្មេងស្រីពិការជើងម្នាក់ បានចាក់ទម្លុះបេះដូងអ្នកទស្សនាជាច្រើន។
ភាពយន្ដនេះបានទទួលការវាយតម្លៃយ៉ាងល្អ ដែលធ្វើឲ្យនាងត្រូវបានគេជ្រើសរើសឲ្យក្លាយជាតួឯកស្រីដែលលេចធ្លោជាងគេ។ ទោះបីជាអាជីពរបស់នាងពោរពេញទៅដោយការខកចិត្ត និងបរាជ័យជាច្រើនយ៉ាងណាក៏ដោយ ក៏នៅតែតស៊ូរហូតដល់នាងបានឈ្នះពានរង្វាន់ជាច្រើនសម្រាប់ការសម្តែងដែលមិនគួរឱ្យជឿរបស់នាង។ Scarlett Johansson ក៏បានក្លាយជាផ្នែកមួយរបស់ Marvel ជាមួយនឹងតួអង្គ Natasha Romanov ដែលត្រូវបានគេស្គាល់ថា Black Widow ។ ដូច្នេះហើយ តារាសម្តែងស្រីដែលធំធាត់ឡើងក្នុងភាពក្រីក្រ រស់នៅដោយពឹងផ្អែកលើររដ្ឋាភិបាល បានក្លាយជាតារាស្រីម្នាក់ដែលរកចំណូលបានច្រើនជាងគេម្នាក់នៅលើលោក។ ដូចដែលយើងអាចមើលឃើញហើយថា ការសម្រេចចិត្តមួយ អាចមានឥទ្ធិពលមិនគួរឱ្យជឿដល់អនាគតរបស់អ្នក។ នៅអាយុប្រាំពីរឆ្នាំ នៅពេលដែល Scarlett ត្រូវបានបដិសេធជាលើកដំបូង នាងនៅក្មេង នាងបានតូចចិត្តនឹងខ្លួន និងមានអារម្មណ៍ថាជាជនបរាជ័យតាំងពីអាយុប៉ុណ្ណោះមក ប៉ុន្តែនាងនៅតែសម្រេចចិត្តបន្តលើវិថីមួយនេះ។ ហើយតើអ្នកដឹងទេថា ហេតុអ្វី? ដោយសារតែគោលដៅរបស់នាងគឺច្បាស់លាស់។
ប៉ុន្តែប្រសិនបើការភ័យខ្លាចរបស់នាងចំពោះការឈឺចាប់ ការបរាជ័យ និងការបដិសេធបានយកឈ្នះលើនាងបាន នោះយើងនឹងមិនដែលបានឮ បានស្គាល់ថា Scarlett Johansson គឺជានរណាឡើយ។ ពេលវេលាដ៏ក្លាហ៊ានមួយ អាចផ្លាស់ប្តូរជីវិតរបស់អ្នកជារៀងរហូត។ យើងទាំងអស់គ្នាធ្លាប់ឆ្លងកាត់ចំណុចរបត់ទាំងនោះនៅក្នុងជីវិតរបស់យើង គ្រាដ៏គួរឱ្យភ័យខ្លាចទាំងនោះ នៅពេលដែលយើងធ្វើការសម្រេចចិត្តដែលផ្លាស់ប្តូរអ្វីៗទាំងអស់។ ការសម្រេចចិត្តសំខាន់ៗទាំងនេះអាចផ្លាស់ប្តូរវិធីដែលយើងចាកចេញពីជីវិតដែលនៅសល់របស់យើង។ ដល់ពេលដែលត្រូវសម្រេចចិត្តដោយក្លាហានហើយ ឈប់ស្ទាក់ស្ទើរ ឈប់បារម្ភ និងឈប់ពន្យារពេល ហើយតស៊ូដើម្បីក្តីសុបិនរបស់អ្នក។ ដូច្នេះ តើអ្នកនឹងបន្តរស់នៅក្នុងភាពភ័យខ្លាច ហើយនៅនឹងមួយកន្លែងពេញមួយជីវិតរបស់អ្នក ឬអ្នកនឹងទម្លុះរនាំងនៃឧបសគ្គ ហើយកំណត់អនាគតរបស់អ្នកឡើងវិញ?