រយៈពេល៣ថ្ងៃនៃកម្មវិធី Scarface x Hanuman Pop-Up Store ដែលជាកម្មវិធីមានការដាក់លក់សំលៀកបំពាក់ដ៏ច្រើនសំបូរបែប និងអាចចូលរួមលេងកំសាន្តជាមួយគ្នាបានជាច្រើនទៀតរបស់ក្រុមហ៊ុនស្រាបៀហនុមាន និងក្រុមហ៊ុនសំលៀកបំពាក់ Street Clothes Scarface ត្រូវបានបញ្ចប់ឡើងកាលពីម្សិលមិញនេះ។
គួរបញ្ជាក់ផងដែរកម្មវិធីមួយនេះត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃទី២២រហូតដល់ថ្ងៃទី២៤ ខែកញ្ញាកន្លងទៅនេះនៅ ឯHanuman VIP Lounge ផ្សារទំនើបអ៊ីអន២។ ដោយនៅក្នុងនោះបានរៀបចំឡើងជាមួយនឹងសកម្មភាពអាចចូលរួមលេងសប្បាយៗដូចជា Scarface x Hanuman Exclusive Collection, Carnival Games, Free Screenprinting, និង Free Flow Beer ថែមទៀតផង។
គួរអោយចាប់អារម្មណ៍ផងដែរ នៅក្នុងថ្ងៃដ៏វិសេសវិសាលនេះ ក៏មានការចូលរួមពី Producer និងCoach របស់កម្មវិធី The Rapper Cambodia ផងដែរ។ ជាក់ស្តែងយោងតាមការបង្ហោះឡើងផ្ទាល់របស់គណនី Tik Tok Scarface Phnom Penh បានចែករំលែកឡើងនូវវិដេអូមួយចំនួនបង្ហាញអោយឃើញថា ក្រុមតារាចម្រៀបរ៉េបជាច្រើននាក់បានមានវត្តមាននៅក្នុងកម្មវិធីមួយនេះ ជាពិសេសក៏មានកំពូលតារារ៉េប Top Range មួយចំនួនដូចជាលោកវណ្ណដា លោក Norith និងលោក KingChi ថែមបានច្រៀងរ៉េបកំដរបរិយាកាសដ៏សប្បាយរីករាយនោះថែមទៀតផង។
នៅក្នុងនោះផងដែរ លោកវណ្ណដាបានរ៉េប Free Style ក្រោមសំលេងទះដៃគាំទ្រពីសំណាក់ Rapper ដទៃទៀត ខណៈដែលលោក Norith និងលោក KingChi បានប្រកួតគ្នា Rap Battle មួយស្មើទាក់ទាញសំលេងហ៊ោកញ្ជ្រៀវផ្ទុះឡើងនៅក្នុងសង្វៀនដ៏ស្វិតស្វាញ។ យ៉ាងណាមិញផងដែរ ក៏សង្កេតឃើញថាកន្លងមកលោកវណ្ណដាក៏ធ្លាប់មានការសហការជាមួយ Scarface Phnom Penh ផងដែរ នូវការបង្ហាញម៉ូតសំលៀកបំពាក់របស់ខ្លួនលោកផ្ទាល់។