ភាពយន្តខ្នាតធំ«ម៉ែក្រឡាភ្លើង» រឺហៅថា «The Dark Mother» របស់ផលិតកម្ម Sastra Film ដែលកំពុងចាក់បញ្ចាំងនៅតាមបណ្តារោងភាពយន្តទាំងអស់នៃប្រទេសកម្ពុជា ឥលូវនេះកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដោយមហាជនមិនត្រឹមតែចាប់អារម្មណ៍លើរឿងនេះប៉ុណ្ណោះទេ ថែមទាំងចាប់អារម្មណ៍លើបទចម្រៀងនៃរឿងនេះថែមទៀតថាពិតជាពិរោះខ្លាំងណាស់។
ផលិតកម្ម Sastra Film បានបង្កប់នូវអត្ថន័យខ្លឹមសារអប់រំយ៉ាងជ្រាលជ្រៅតាមរយៈរឿងនេះពីទំហំទឹកចិត្តរបស់មាតាលះបង់សម្រាប់កូនៗ ដែលធ្វើអោយអ្នកទស្សនាមានការរំជួលចិត្តជាខ្លាំង។ តាមរយៈរឿងនេះ ផ្ទៃរឿងទាំងមូលត្រូវបានសម្រិតសម្រាំងប្រកបដោយភាពប្រទាក់ក្រឡាគ្នាយ៉ាងល្អ ទាំងបច្ចេកទេសថត និងប្លង់ថតសុទ្ធសឹងតែប្រកបដោយគុណភាព ទើបអាចទាក់ទាញពិន្ទុកោតសរសើរបានយ៉ាងលើសលប់ពីសំណាក់ទស្សនិកជន។
មិនតែប៉ុណ្ណោះបទចម្រៀងនៅក្នុងរឿងនេះផងដែរ ក៏ត្រូវបានទស្សនិកជនមួយចំនួនយកមកបង្ហោះឡើងនៅលើបណ្តាញសង្គមថែមទៀតអមនឹងឈុតឆាកនៅក្នុងផ្ទៃរឿងខ្លះៗ ដែលបានកាន់តែជួយផ្សព្វផ្សាយរំលេចឡើងនូវផ្ទៃរឿងដែលមានរសជាតិមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅរវាងមាតា និងកូនដ៏កំសត់។
ប៉ុន្តែកាលពីពេលថ្មីៗនេះ មានសំណេរមួយត្រូវបានបង្ហោះឡើងនៅលើបណ្តាញសង្គមដោយកូនស្រីរបស់អ្នកនិពន្ធបទ«វិញ្ញាណព្រាយក្រឡាភ្លើង» កាលពីជំនាន់មុន មានឈ្មោះថា យ៉ង់ឈៀង ភិរម្យ ថាបទក្នុងរឿង«ម៉ែក្រឡាភ្លើង»នេះត្រូវបានយកលំនាំតាមពីបទឪពុករបស់នាងជាអ្នកនិពន្ធនោះទេកាលពីសង្គមចាស់ មានចំណងជើងថា«វិញ្ញាណព្រាយក្រឡាភ្លើង»នេះឯង ដែលត្រូវបានច្រៀងឡើងដោយអ្នកស្រីប៉ែន រ៉ន។ ដោយស្តាប់ទៅមានភាពស្រដៀងគ្នាច្រើន កញ្ញា យ៉ង់ឈៀង ភិរម្យ បានអោយដឹងថា អ្នកនិពន្ធបទ«ម៉ែក្រឡាភ្លើង» គួរតែបញ្ជាក់កម្មសិទ្ធិរបស់អ្នកនិពន្ធដើមផង។ គួរបញ្ជាក់ផងដែរថា បទ«ម៉ែក្រឡាភ្លើង» ត្រូវបានសរសេរឡើងដោយលោក វី លាងជី និងនិពន្ធបទភ្លេងដោយ លោកម៉ិច សត្យា និងច្រៀងឡើងដោយ ជិន ចាន់ធឿន។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះទាំងពីរបទនេះ?