បទចម្រៀងរបស់លោកតាស៊ីនស៊ីសាមុតធ្លាប់តែលឺបែបបុរាណ មកភ្លក់រសជាតិសាច់ភ្លេងកែច្នៃសម័យថ្មីវិញពិរោះយ៉ាងណាដែរ? បុរសទាំងបីនាក់នេះកំពុងបង្ហាញយើងទាំងអស់គ្នាពីបទ«នៅតែប្រាថ្នា»របស់លោកតាស៊ីនស៊ីសាមុតនូវរសជាតិមួយបែបទៀត។ បទចំរៀងមួយបទនេះចូលរួមបកស្រាយឡើងដោយសមាជិក២រូបរបស់ក្រុម D-Man រួមមានលោកសុខសម្បត្តិ និងលោក Speed ហើយបច្ចុប្បន្ននេះក្រុមរបស់លោកទើបតែចេញបទចម្រៀងថ្មីមួយចំណងជើងថា«មេឃជិតភ្លៀង» ដែលបានចេញផ្សាយនៅក្នុងដើមខែកញ្ញាកន្លងទៅនេះ។ ចំនែកមួយរូបទៀតគឺជាលោក De Vid។ ក្រុមរបស់ D-Man មានសមាជិក៥ រូបរួមមាន លោក Chheun Sokmeng, Chhun Piseth, Rak, Sambath Sok និងSpeed ដែលពីមុនមកពួកគេបានធ្វើការ Dance Cover លើបទមួយចំនួនមុននឹងចាប់ផ្តើមចេញបទចម្រៀងផ្ទាល់ខ្លួន។
ចំនែកឯបទចម្រៀងដែលពួកគេបានចេញកន្លងមកក្នុងរយៈពេល៣ឆ្នាំក្រោយនេះរួមមានបទ បែបខ្មែរ កំហឹង មើលផ្កាយពេលថ្ងៃ ខ្ជិល អនុស្សាវរីយ៍ Kmeng-Man, One Life, រាំលាក់ខ្លួន និងមេឃជិតភ្លៀង។ សំរាប់បទ«នៅតែប្រាថ្នា» ត្រូវបានចេញផ្សាយនៅលើឆាណែលយូធូបរបស់លោក Sambath Sok នៅថ្ងៃទី១៦ ខែសីហាកន្លងមកនិងទទួលបានអ្នកចូលទស្សនាចំនួន១លានដង ត្រឹមរយៈពេល១ខែ និងចំនួនអ្នកចុចឡាចវិញគឺរហូតដល់៤៩Kឯណោះ។ ទស្សនិកជនជាច្រើនមានការពេញចិត្តចំពោះការ Remakeបទចម្រៀងមួយនេះខ្លាំងណាស់ វាហាក់ដូចជាការគាស់រំលឹកស្នាដៃមរតកសិល្បៈខ្មែរត្រលប់មកវិញដូច្នោះឯងជាមួយនឹងការផ្សែផ្សំបែបរសជាតិទំនើប។