ភ្នំពេញ៖ រថភ្លើងរបស់ក្រុមហ៊ុន Royal Railway បានរងការឆាបឆេះ នាវេលាម៉ោង៣:១០ នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រថភ្លើងដែលរងការឆាបឆេះនេះ ជាកម្មសិទ្ធរបស់ក្រុមហ៊ុន ROYAL RAILWAY ប្រភេទ BB-1061 បានដឹកប្រេងម៉ាស៊ូត មានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ។
របាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា រថភ្លើងដែលមានគ្រោះអគ្គីភ័យនេះ បើកបរដោយឈ្មោះ អ៊ួន លិនវីន ភេទ ប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងជំនួយការអ្នកបើកបររថយន្ដភ្លើង ឈ្មោះ សៅ ចាន់បារមី ភេទ ប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិប្រាសាទ ឃុំលាបូរ ស្រុកត្រាំកក់ ខេត្តតាកែវ លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ ក៏បានឆាប់ឆេះក្បាលរថភ្លើងតែម្តង ។
តាមការបំភ្លឺរបស់អ្នកបើកបររថភ្លើង ឈ្មោះ អ៊ួន លិនវីន បានបញ្ជាក់ថា មុនពេលកើតហេតុខ្លួនបានបើកបរធម្មតា លុះមកដល់ចំណុចរ៉ារថភ្លើងវាលរេញ បានជៀសរថភ្លើងមួយខ្សែរទៀត ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ ក្រោយពីជៀសរួចគាត់ក៏បានបើកររថភ្លើងមកខាងមុខ ហើយបានជាន់ហ្វ្រាំង ស្រាប់តែឆ្លងចរន្ដកើតជាអគ្គីភ័យ ហើយបានរាយការណ៍ទៅកាន់សមត្ថកិច្ច ដើម្បីសុំជួយអន្តរាគមន៍ពន្លត់ ។
តាមការបញ្ជាក់របស់សមត្ថកិច្ច បានឱ្យដឹងថា ករណីអគ្គីភ័យនេះ មិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ តែបណ្ដាលឲ្យខូចខាតក្បាលរថភ្លើង៕