តារាចម្រៀង និងជាស្ត្រីអ្នកជំនួញ Rihanna (ដែលមានឈ្មោះពិត Robyn Fenty) បានក្លាយជា "តន្ត្រីករស្រីដែលមានបំផុត" នៅលើពិភពលោក ដោយមានទ្រព្យសម្បត្តិរបស់នាងបានកើនឡើងលើសពី 1.7 ពាន់លានដុល្លារ នេះយោងតាមទស្សនាវដ្ដី Forbes កាលពីថ្ងៃពុធ។
ស្ត្រីវ័យ 33 ឆ្នាំរូបនេះ ដែលទទួលបានជោគជ័យផ្នែកពាណិជ្ជកម្មជាច្រើនក្នុងអាជីពតន្ត្រីរបស់នាងជាមួយនឹងការសហការគ្មានទីបញ្ចប់ និងអាល់ប៊ុមស្ទូឌីយោចំនួន 8, ក៏ជានាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុនគ្រឿងសំអាង Fenty Beauty ដែលបានចាប់ផ្តើមនៅឆ្នាំ 2017 ។ Rihanna កាន់កាប់ភាគហ៊ុន 50% នៃក្រុមហ៊ុន Fenty Beauty ដោយពាក់កណ្តាលទៀតត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនទំនិញប្រណីត LVMH ។ Bernard Arnault ដែលជាអ្នកគ្រប់គ្រង LVMH បានទម្លាក់លោក Jeff Bezos ឱ្យក្លាយជាអ្នកមានបំផុតនៅលើពិភពលោកកាលពីដើមសប្តាហ៍នេះ។
ទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថា ប្រាក់ចំណូលរបស់នាងមានចំនួន 1.4 ពាន់លានដុល្លារអាមេរិក បានមកពីម៉ាកយីហោផលិតផលសម្រស់ បន្ទាប់មកគឺក្រុមហ៊ុនខោអាវទ្រនាប់របស់នាង Savage x Fenty ដែលមានតម្លៃ 270 លានដុល្លារ។
Shannon Coyne សហស្ថាបនិកនៃក្រុមហ៊ុនប្រឹក្សាយោបល់ផលិតផលអ្នកប្រើប្រាស់ Bluestock Advisors បានប្រាប់ Forbes ថា "ទោះបីជាអ្នកមិនចូលចិត្តតន្ត្រីរបស់នាងក៏ដោយ នាងបានបង្កើតស្ទីលពិតៗនៅក្នុងវិស័យម៉ូដសម្លៀកបំពាក់ និងសម្រស់"។
បច្ចុប្បន្ន Rihanna មានអ្នកតាមដាន Instagram ប្រហែល 103 លាននាក់ និង 102.5 លាននាក់ Follower នៅលើ Twitter ៕
អត្ថបទដកស្រង់ពី Emily Rella
បកប្រែនិងកែសម្រួលដោយ Mr. Blue