ប្រទេសអេត្យូពីបានចាប់ផ្តើមបំពេញទឹកក្នុងទំនប់ Renaissance ជាលើកទីបួនបន្ទាប់ពីការសន្យារបស់ខ្លួនទៅកាន់ប្រទេសអេហ្ស៊ីបថានឹងពន្យារពេលបំពេញទឹកចូលវា ដើម្បីការពារទន្លេនីលពីគ្រោះរាំងស្ងួត! ខណៈពេលដែលអ៊ីរ៉ាក់ទទួលរងនូវភាពរាំងស្ងួតនៃទន្លេដោយសារតែទំនប់ទឹករបស់ប្រទេសទួរគី អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺដំណោះស្រាយរបស់សហរដ្ឋអាមេរិកចំពោះបញ្ហាទំនប់ និងទន្លេ ដោយសំដៅលើវិបត្តិនេះថាបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃសីតុណ្ហភាព ខណៈដែលប្រទេសចិនត្រូវបានចោទប្រកាន់ដោយផ្ទាល់ថាលួចទឹកទន្លេមេគង្គក្រោយសាងសង់ទំនប់ទឹកធំៗ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រទេសខាងក្រោម! វិបត្តិទំនប់ Renaissance ស្ថិតនៅក្នុងការពិតដែលថាទំនប់អេត្យូពីមួយនេះកំពុងតែស្ថិតនៅក្នុងដំណាក់កាលចាប់ផ្តើមប៉ុណ្ណោះ ដូច្នេះតើអេហ្ស៊ីបកំពុងឆ្ពោះទៅរកជោគវាសនាដូចអ៊ីរ៉ាក់ដែរឬទេ?
-
អគារទីក្រុងម៉ូស្គូរងការវាយប្រហារដោយដ្រូនជាលើកទី២
យោងតាមសារព័ត៌មាន The Guardian ចុះផ្សាយថ្ងៃទី១ ខែសីហាបានអោយដឹងថា
អភិបាលក្រុងមូស្គូបាននិយាយថា អគារខ្ពស់មួយនៅទីក្រុងមូស្គូជាមានកន្លែងតាំងទីរបស់ក្រសួងរដ្ឋាភិបាលរុស្ស៊ីមួយចំនួនត្រូវបានវាយប្រហារដោយដ្រូនជាលើកទីពីរក្នុងរយៈពេលបីថ្ងៃ ខណៈដែលកម្លាំងការពារដែនអាកាសក៏បានបាញ់ទម្លាក់ដ្រូន "មួយចំនួន" ដែលបានតម្រង់ទៅកាន់តំបន់រដ្ឋធានី។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ដ្រូនចំនួនពីរគ្រឿងត្រូវបានបំផ្លាញដោយប្រព័ន្ធការពារដែនអាកាសនៅក្នុងសង្កាត់Odintsovoនិង Naro-Fominskក្បែរទីក្រុងមូស្គូ ខណៈដែលពួកគេអះអាងថា ដ្រូនទីបីត្រូវបានកកស្ទះ និងមិនអាចគ្រប់គ្រងបាន មុនពេលដែលវាធ្លាក់ទៅក្នុងសង្កាត់ពាណិជ្ជកម្ម Moskva-Citi។ ក្រសួងបានបន្ទោសអ៊ុយក្រែនចំពោះប្រតិបត្តិការដែលខ្លួនហៅថាជា «ការប៉ុនប៉ងវាយប្រហារដោយភេរវកម្ម»។
រូបថត និងវីដេអូបានបង្ហាញថា ដ្រូនបានវាយប្រហារលើផ្នែកខ្លះនៃសំណង់អគារខ្ពស់និងទំនើបដែលមានឈ្មោះថា IQ-Quarter នោះ ដែលមានចម្ងាយ 3.4 ម៉ាយ រឺ5.5គីឡូម៉ែត្រពីវិមានក្រឹមឡាំង ហើយជាកន្លែងសំរាប់ទទួលភ្នាក់ងាររដ្ឋាភិបាលមួយចំនួន នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ី។
អភិបាលក្រុងមូស្គូលោក Sergei Sobyanin បាននិយាយនៅក្នុងសារ Telegram ថា«អគារជាន់ទី២១ រងការខូចខាតហើយកញ្ចក់ដែលមានទំហំ150ម៉ែត្រការ៉េក៏ត្រូវបានខូច» ដោយបន្ថែមថាគ្មានអ្នករងរបួសត្រូវបានគេរាយការណ៍នោះទេ។
-
រុស្ស៊ីថានឹងប្រើអាវុធនុយក្លេអ៊ែរបើការវាយបករបស់អ៊ុយក្រែនជោគជ័យ
យោងតាមសារព័ត៌មាន Politico ចុះផ្សាយថ្ងៃទី៣០ ខែកក្កដាបានអោយដឹងថា លោក Dmitry Medvedev របស់រុស្ស៊ីបានព្រមានកាលពីថ្ងៃអាទិត្យថា ប្រសិនបើការវាយបកដែលកំពុងបន្តរបស់អ៊ុយក្រែនប្រឆាំងនឹងការលុកលុយរបស់ទីក្រុងមូស្គូ ដណ្តើមបានកាន់កាប់ទឹកដីរុស្ស៊ី នោះនឹងគ្មានជម្រើសណាមួយផ្សេងក្រៅពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រនោះទេ។
លោក Medvedev អតីតប្រធានាធិបតីរុស្ស៊ី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ បាននិយាយនៅក្នុងសារបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា "វានឹងមិនមានផ្លូវផ្សេងទៀតចេញទេ" ក្រៅពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើការវាយលុករបស់អ៊ុយក្រែនទទួលបានជោគជ័យក្នុងការដណ្តើមយកទឹកដីរុស្ស៊ី។
លោក Medvedev បានសរសេរឡើងថា "គ្រាន់តែសាកស្រម៉ៃមើលថាការវាយបកដែលគាំទ្រឡើងដោយអង្គការណាតូនោះពិតជាបានជោគជ័យ ហើយពួកគេក៏បានដណ្តើមយកផ្នែកមួយនៃទឹកដីរបស់យើង៖ នោះបន្ទាប់មកយើងច្បាស់ជានឹងត្រូវធ្វើតាមអនុក្រឹត្យថ្ងៃទី 02.06.2020 របស់ប្រធានាធិបតីដោយប្រើអាវុធនុយក្លេអ៊ែរ" ។
-
អ៊ីរ៉ាក់ទទួលរងគ្រោះពីទន្លេរីងស្ងួត
យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី២៩ ខែកក្កដាបានអោយដឹងថា តំបន់ឈ្មោះថា Mesopotamia គឺប្រែមកថាជាដែនដីដែលស្ថិតនៅចន្លោះរវាងទន្លេ។ វាជាកន្លែងដែលកង្ហារទឹកត្រូវបានបង្កើតឡើង ប្រព័ន្ធធារាសាស្រ្តបានរីកចម្រើន ហើយប្រព័ន្ធសរសេរដែលត្រូវបានស្គាល់ដំបូងគេបានលេចឡើង។ អ្នកប្រាជ្ញខ្លះនិយាយថា ទន្លេនៅទីនេះបានផ្តល់ចំណីដល់សួន Babylon និងជាកន្លែងដែលត្រូវបានចែងក្នុងព្រះគម្ពីរថាជាសួនអេដែន។
ឥឡូវនេះ មានទឹកនៅសល់តិចតួចប៉ុណ្ណោះនៅក្នុងភូមិមួយចំនួននៅជិតទន្លេ Euphrates ដែលគ្រួសារកំពុងរុះរើផ្ទះរបស់ពួកគេ និងផ្លាស់ចេញ។
ជាការពិតណាស់ សម្រាប់ប្រវត្តិសាស្ត្រជាច្រើនរបស់វាបានអោយដឹងថា តំបន់ដីជីជាតិនេះ- ជារឿយៗត្រូវបានកំណត់ថារួមមានប្រទេសអ៊ីរ៉ាក់ អ៊ីស្រាអែល លីបង់ ស៊ីរី ទួរគី អ៊ីរ៉ង វេសប៊ែង និងហ្កាហ្សា-ដែលមិនបានខ្វះទឹកនោះទេ។ អ្នកនិពន្ធបានពណ៌នាតំបន់នេះថាជាដីបុរាណដ៏ខៀវស្រងាត់។ ទឹកជំនន់នារដូវផ្ការីកគឺជារឿងធម្មតា ហើយស្រូវដែលជាដំណាំមួយក្នុងចំនោមដំណាំដែលប្រើទឹកច្រើនបំផុតនៅលើពិភពលោកត្រូវបានដាំដុះអស់រយៈពេលជាង 2,000 ឆ្នាំមកហើយ។
ប៉ុន្តែឥឡូវនេះជិត 40 ភាគរយនៃប្រទេសអ៊ីរ៉ាក់ ដែលជាតំបន់ដែលមានទំហំប៉ុនរដ្ឋផ្លរីដា ត្រូវបានគ្របដណ្ដប់ដោយវាលខ្សាច់ដែលទាមទារដីដាំដុះរាប់ម៉ឺនហិចតាជារៀងរាល់ឆ្នាំ។
អ្នកវិទ្យាសាស្ត្រនិយាយថា បម្រែបម្រួលអាកាសធាតុ និងដំណើរកកើតជាវាលខ្សាច់ត្រូវបានបន្ទោសចំពោះរឿងនេះ។ ដូចគ្នាផងដែរនឹងអភិបាលកិច្ចខ្សោយ និងការបន្តពឹងផ្អែកលើបច្ចេកទេសប្រព័ន្ធធារាសាស្រ្តដែលខ្ជះខ្ជាយដែលមានអាយុកាលរាប់សតវត្ស។