ការផ្គត់ផ្គង់របស់ចក្រភពអង់គ្លេសដល់អ៊ុយក្រែនត្រូវបានលាតត្រដាងឡើងនូវកាំជ្រួចមីស៊ីល Storm Shadow បន្ទាប់ពីរោងចក្រផលិតអាវុធរបស់អង់គ្លេសរងការធ្វើកូដកម្ម ខណៈជាមួយគ្នាដែរ លោកខាងលិចបានរងគ្រោះដោយសាររលកកំដៅយ៉ាងខ្លាំង។ ចំណែកកាលពីប៉ុន្មានថ្ងៃថ្មីៗនេះ នាយករដ្ឋមន្រ្តីអេត្យូពីលោក Abiy Ahmed បានជួបពិភាក្សាជាមួយប្រធានាធិបតីអេហ្សីបលោក Abdel Fattah al-Sisi នៅលើរឿងវិបត្តិទំនប់ Renaissance ។
-
រោងចក្រផលិតអាវុធរបស់អង់គ្លេសរងការធ្វើកូដកម្ម
យោងតាមសារព័ត៌មាន The Press United ចុះផ្សាយថ្ងៃទី១៥ ខែកក្កដាបានអោយដឹងថា សារព័ត៌មាន Daily Mirror បានរាយការណ៍កាលពីថ្ងៃសុក្រដោយដកស្រង់ប្រភពថា ការបញ្ជូនកាំជ្រួចមីស៊ីលទំនើបរបស់អង់គ្លេសទៅកាន់ប្រទេសអ៊ុយក្រែនអាចស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដោយសារការធ្វើកូដកម្មនៅរោងចក្រយោធាដ៏សំខាន់មួយ ដែលកម្មករទទួលបានប្រាក់ឈ្នួលអប្បបរមា។
កូដកម្មនេះត្រូវបានគេរាយការណ៍ថាមានការគាំទ្រដោយបុគ្គលិកសំខាន់ៗចំនួន 50 នាក់នៅឃ្លាំងឧបករណ៍ការពារនិងជំនួយក្នុងទីក្រុង Beith ប្រទេសស្កុតឡែន។ រោងចក្រនេះផ្គត់ផ្គង់នូវមីស៊ីល Storm Shadow និង Brimstone ដែលទីក្រុងមូស្គូនិយាយថា ត្រូវបានប្រើដើម្បីវាយប្រហារលើគោលដៅប្រជាជនស៊ីវិល - សំរាប់អ៊ុយក្រែន។
ជាលទ្ធផល មន្ត្រីការពារជាតិអង់គ្លេស ត្រូវបានគេនិយាយថា កំពុងព្យាយាមចាត់វិធានការណ៍ ដើម្បីរក្សាដំណើរការផ្គត់ផ្គង់អាវុធ។
ជម្លោះរវាងក្រសួងការពារជាតិអង់គ្លេស និងកម្មករគឺជុំវិញគម្លាតប្រាក់ខែរវាងអ្នកដំឡើងសព្វាវុធ និងអ្នកផ្លាស់ទីពួកវា។
ប្រភពបានកត់សម្គាល់ថា ប្រសិនបើការធ្វើកូដកម្មនៅតែបន្តយូរ វាអាចមានផលប៉ះពាល់ជាយថាហេតុចំពោះការបញ្ជូនកាំជ្រួចមីស៊ីលទៅកាន់អ៊ុយក្រែន ឬ Faslane ដែលជាមូលដ្ឋានយោធារបស់ចក្រភពអង់គ្លេសដែលមាននាវាមុជទឹកនុយក្លេអ៊ែរ។
-
រលកកំដៅបានវាយលុកអឺរ៉ុប
រលកកំដៅដែលកំពុងវាយលុកអឺរ៉ុបភាគខាងត្បូងក្នុងសប្តាហ៍នេះ ត្រូវបានគេរំពឹងថានឹងបញ្ជូនសីតុណ្ហភាពជិតដល់កម្រិតខ្ពស់បំផុតនៅក្នុងតំបន់មួយចំនួន ដែលជំរុញឱ្យមន្ត្រីនៅក្នុងប្រទេសអ៊ីតាលី ក្រិក អេស្ប៉ាញ និងកន្លែងផ្សេងទៀតដាក់វិធានការដើម្បីការពារអ្នកស្រុក និងអ្នកទេសចរពីស្ថានភាពដ៏ក្តៅគគុក។
ជុំចុងក្រោយនៃសីតុណ្ហភាពខ្ពស់ ដែលជារឿយៗហៅថា Cerberus ហៅតាមឆ្កែពហុក្បាល ដែលការពារពិភពឋាននរកក្នុងទេវកថាក្រិច បានបង្ហាញកំដៅកើនឡើងលើសពី 98 អង្សាហ្វារិនហៃ (ជិត 37 អង្សាសេ)។
ហើយគេរំពឹងថានឹងកាន់តែអាក្រក់ជាងនេះ។ បាតុភូត Anticyclone ពីទ្វីបអាហ្រ្វិកខាងជើងបានរំកិលចូលទៅក្នុងតំបន់កាលពីថ្ងៃអាទិត្យ ដោយជំរុញឱ្យមានរលកថ្មីមួយ ដែលត្រូវបានគេស្គាល់ថាជា Charon ដែលហៅតាមអ្នកបញ្ជាទូកនៅពិភពឋាននរក។
យោងតាមអ្នកជំនាញឧតុនិយមបានឱ្យដឹងថា រដ្ឋាភិបាលកំពុងត្រៀមលក្ខណៈសម្រាប់សីតុណ្ហភាពខ្ពស់ និងចេញការជូនដំណឹងនៅក្នុងការរំពឹងទុកថា អ្វីៗនឹងកាន់តែក្តៅនៅអឺរ៉ុបភាគខាងត្បូង និងតំបន់បាល់កង់ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
-
អេហ្ស៊ីប និងអេត្យូពីពិភាក្សាពីវិបត្តិទំនប់ទឹក Renaissance
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១៣ ខែកក្កដាបានអោយដឹងថា ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi និងនាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed កាលពីថ្ងៃពុធបានពិភាក្សាគ្នាអំពីវិបត្តិស៊ូដង់ ទំនាក់ទំនងទ្វេភាគី និងទំនប់វារីអគ្គិសនីដ៏ធំរបស់ប្រទេសអេត្យូពីដែលនៅលើទន្លេ Blue Nile នេះបើតាមការរៀបរាប់របស់ការិយាល័យប្រធានាធិបតីអេហ្ស៊ីប។
ការិយាល័យប្រធានាធិបតីបានបន្ថែមថា លោក Sisi បានស្វាគមន៍លោក Ahmed នៅឯវិមានប្រធានាធិបតីក្នុងទីក្រុង Cairo ។
ប្រទេសអេហ្ស៊ីបបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសជិតខាងរបស់ស៊ូដង់កាលពីថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាអំពីវិធីដើម្បីបញ្ចប់ជម្លោះរយៈពេល12 សប្តាហ៍រវាងក្រុមគូប្រជែងយោធាស៊ូដង់ ដែលបានបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធំមួយនៅក្នុងតំបន់។
ប្រទេសអេហ្ស៊ីប និងអេត្យូពី ដែលជាប្រទេសជិតខាងដ៏ធំបំផុតពីររបស់ស៊ូដង់ មានជម្លោះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះជុំវិញការសាងសង់ទំនប់វារីអគ្គិសនីដ៏ធំនៅលើទន្លេ Blue Nile ជិតព្រំដែនជាមួយប្រទេសស៊ូដង់។