ក្មេងប្រុសជនជាតិ Moroccan អាយុ ៥ឆ្នាំម្នាក់ ដែលជាប់ក្នុងអណ្តូងអស់រយៈពេល ៤ថ្ងៃ បានស្លាប់បាត់បង់ជីវិត បើទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជួយសង្គ្រោះក៏ដោយ។ សេចក្តីថ្លែងការណ៍របស់ព្រះមហាក្សត្របានប្រកាសពីការបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីយកគាត់ចេញពីអណ្តូង។ ក្មេងប្រុសនេះបានធ្លាក់ចុះ 32 ម៉ែត្រ តាមរយៈរន្ធតូចចង្អៀតរបស់អណ្តូង។ ការជួយសង្គ្រោះត្រូវបានរារាំងដោយការភ័យខ្លាចការបាក់ដី។ តែទីបំផុតក្រុមអ្នកជួយសង្គ្រោះបាននាំក្មេងប្រុសចេញពីអណ្តូងកាលពីល្ងាចថ្ងៃសៅរ៍។
មិនមានពាក្យណាមួយត្រូវបានផ្តល់ឱ្យនៅពេលនិយាយអំពីស្ថានភាពរបស់គាត់ទេ ហើយការសង្គ្រោះជាក់ស្តែងមានការអបអរសាទរពីហ្វូងមនុស្សជាច្រើនកុះករ។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រជាជនដែលប្រើប្រាស់ hashtag #SaveRayan ដែលកំពុងតែមានពេញប្រទេស និងជុំវិញពិភពលោក បានសម្តែងការសប្បាយរីករាយរបស់ពួកគេ។
ប៉ុន្តែនេះបានក្លាយទៅជាការសោកស្ដាយនៅប៉ុន្មាននាទីក្រោយមក នៅពេលសេចក្តីថ្លែងការណ៍បានមកប្រកាសថា Rayan បានស្លាប់។ បន្ទាប់មក អ្នកប្រើប្រាស់ Twitter បានចាប់ផ្តើមគោរពវិញ្ញាណក្ខន្ធ និងសម្តែងការសោកសៅដោយប្រើ hashtag ដូចគ្នា។ ខ្សែបម្រើសញ្ជាតិអាល់ហ្សេរី Ismael Bennacer របស់ AC Milan បានសរសេរថា "ភាពក្លាហានរបស់ Rayan នឹងស្ថិតនៅក្នុងការចងចាំរបស់យើង ហើយបន្តលើកទឹកចិត្តពួកយើង"។
នៅក្នុងការបង្ហោះ Facebook ប្រធានាធិបតីបារាំង Emmanuel Macron បានសរសេរថា "យប់នេះ ខ្ញុំចង់ប្រាប់គ្រួសារ Rayan និងប្រជាជន Moroccan ថា ពួកយើងចែករំលែកការឈឺចាប់របស់ពួកគេ"។ សេចក្តីថ្លែងការណ៍ពីព្រះបរមរាជវាំងរបស់ប្រទេស Morocco បានពណ៌នាការស្លាប់របស់ Rayan ថាជា "ឧបទ្ទវហេតុសោកនាដកម្ម" ដោយបន្ថែមថា "ព្រះមហាក្សត្រ Mohammed VI បានគាស់ហៅឪពុកម្តាយរបស់ក្មេងប្រុសដែលបានស្លាប់ បន្ទាប់ពីធ្លាក់អណ្តូង"។ ព្រះមហាក្សត្របានសម្តែងនូវមរណទុក្ខ និងក្តីអាណិតអាសូរយ៉ាងស្មោះស្ម័គ្របំផុត។
ឪពុករបស់ Rayan កំពុងជួសជុលអណ្ដូងនៅពេលមានគ្រោះថ្នាក់កាលពីថ្ងៃអង្គារ។ គាត់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅថ្ងៃបន្ទាប់ថា កូនប្រុសរបស់គាត់បានធ្លាក់ចូលកន្លែងនោះ "ត្រឹមតែមួយពព្រិចភ្នែកដែលខ្ញុំមិនបានមើលគាត់" ដោយបន្ថែមថា "ខ្ញុំមិនទាន់បានដេកមួយភ្លែតទេ" ។
វីដេអូកាលពីថ្ងៃព្រហស្បតិ៍ពីកាមេរ៉ាដែលបានទម្លាក់ចូលទៅក្នុងអណ្តូងបង្ហាញថា ក្មេងប្រុសនោះនៅរស់ និងដឹងខ្លួន ប៉ុន្តែមិនមានការអាប់ដេតអំពីស្ថានភាពរបស់គាត់ចាប់តាំងពីពេលនោះមក។ ក្រុមអ្នកជួយសង្គ្រោះបានព្យាយាមយកអុកស៊ីហ្សែន អាហារ និងទឹកទៅក្មេងប្រុសនេះ ប៉ុន្តែវាមិនទាន់ច្បាស់ថាតើគាត់អាចប្រើប្រាស់វាបានឬអត់នោះទេ។
ដោយសារតែល្បាយនៃដីថ្ម និងដីខ្សាច់, អ្នកជួយសង្គ្រោះបានចាត់ទុកថា ការបើករន្ធតូចចង្អៀតរបស់អណ្តូងទឹក មានគ្រោះថ្នាក់ខ្លាំងពេក។ ផ្ទុយទៅវិញ គ្រឿងចក្រឈូសឆាយត្រូវបានប្រើដើម្បីកាយដីដ៏ធំមួយនៅជាប់នឹងអណ្តូងនោះ។ បន្ទាប់មកក្រុមអ្នកជួយសង្គ្រោះបានចាប់ផ្តើមជីកផ្តេកដើម្បីទៅដល់ក្មេងប្រុសនោះ។ អ្នកខ្លះធ្វើការពេញមួយថ្ងៃ ដោយប្រើភ្លើងបំភ្លឺនៅពេលយប់។
ប្រតិបត្តិការនេះត្រូវផ្អាកមួយរយៈខ្លីជាច្រើនដង ដើម្បីឱ្យក្រុមការងារពិនិត្យមើលថា ជម្រាលដីនោះមានសុវត្ថិភាពមិនឱ្យបាក់ស្រុត ហើយគ្មានដីចូលក្នុងអណ្តូង។ បំពង់ធំៗក៏ត្រូវបានប្រើប្រាស់ដើម្បីការពារក្រុមជួយសង្គ្រោះដោយផ្តល់ផ្លូវសុវត្ថិភាព។ មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាដើម្បីមើលប្រតិបត្តិការនេះ ព្រមទាំងច្រៀងចម្រៀងសាសនា បួងសួង និងសូត្រថា "Allahu Akbar (ព្រះជាម្ចាស់ដ៏អស្ចារ្យបំផុត)" ។ អ្នកខ្លះថែមទាំងបោះជំរុំនៅកន្លែងនោះ។
ឧបទ្ទវហេតុនេះគឺរំលឹកពីសោកនាដកម្មស្រដៀងគ្នានេះនៅក្នុងប្រទេសអេស្ប៉ាញក្នុងឆ្នាំ 2019 ដែលក្មេងប្រុសអាយុ 2 ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីធ្លាក់ចូលទៅក្នុងអណ្តូងមួយនៅជិតទីក្រុង Malaga ៕
អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue