កាលពីថ្ងៃទី១៣ ខែមេសាកន្លងទៅនេះ ម្ចាស់បទចម្រៀងដ៏ល្បីកក្រើកទាំងបីរូប«អូនបែកលេងរឺក៏បងបែកង៉ាង» ដែលរួមមានលោក Raksa, លោក Young $pider និងលោក Van Renh បានពញ្ញាក់អារម្មណ៍ទស្សនិកជនតាមរយៈការចេញផ្សាយបទចំរៀងដំបូងរបស់ពួកគេនៅក្នុងផលិតកម្ម Galaxy Navatra ដោយមានចំណងជើងថា«ចង់បានប្រពន្ធដែរ»។ ដោយមានផលិតកម្ម Galaxy Navatra បានសរសេរឡើងនូវខេបសិនលើPlatformsចែកចាយចំរៀងផ្សេងៗរបស់ពួកគេឡើងថា«សូមស្វាគមន៍មកកាន់គ្រួសារ Galaxy Navatra ជាផ្លូវការ»នៅអមនឹងបទចំរៀងរបស់ពួកគេដែលបានចេញផ្សាយ។ សង្កេតឃើញផងដែរថា តាមរយៈបទចំរៀងថ្មី«ចង់បានប្រពន្ធដែរ» របស់តារាចំរៀងពន្លកថ្មីទាំងបីរូបនោះ គឺបានផ្តើមឡើងដោយភាពកន្រ្តាក់អារម្មណ៍យ៉ាងខ្លាំង ដោយមានប្រើ Hook បទចំរៀងចាស់ដ៏ល្បីរបស់លោកខេមរៈសិរីមន្ត«ចង់បានប្រពន្ធខ្មែរ» ដែលជាអ្នកចំរៀងរាមច្បងរួមផលិតកម្ម និងបានចេញផ្សាយបទនេះតាំងពីកាលទសវត្សរ៍មុន។ កាលពីពេលថ្មីៗនេះផងដែរ លោកខេមរៈសិរីមន្តក៏ទើបតែបានជ្រើសរើសបទបទចម្រៀងចាស់មួយបទនេះ ឡើងសម្តែងនៅក្នុងការប្រគំតន្រ្តីសង្ក្រាន្តឆ្នាំថ្មី Ganzberg នៅឯខេត្តកំពង់ស្ពឺផងដែរនៅក្នុងឳកាសពិធីបុណ្យចូលឆ្នាំកន្លងទៅនេះ។ រីឯលោក Raksa, លោក Young $pider និងលោក Van Renh វិញ ក៏បានបង្ហាញវត្តមានជារឿយៗនៅក្នុងការប្រគំតន្រ្តីនាពេលថ្មីៗនេះ។ កត់សម្គាល់ផងដែរនៅលើបទថ្មីរបស់ពួកគេនេះ ត្រូវបាននិពន្ធទំនុកច្រៀង និងបទភ្លេងឡើងដោយពួកគេផ្ទាល់តែម្តង។ ម្យ៉ាងវិញទៀតសោតកត់សម្គាល់ឃើញថា បទចម្រៀងចុងក្រោយរបស់ពួកគេដែលបានចេញផ្សាយនៅលើឆាណែលយូធូបផ្លូវការផ្ទាល់ខ្លួនគឺជាបទ«អញ្ជើញរាំ» ដែលបានចេញផ្សាយតាំងពីថ្ងៃទី៧ ខែមេសាកន្លងទៅ។ គួរបញ្ជាក់ផងដែរថា គិតមកទល់ពេលនេះ បទ«ចង់បានប្រពន្ធដែរ» របស់ពួកគេទទួលបានចំនួនចូលទស្សនាប្រហែល៣សែន៥ម៉ឺុននាក់ហើយត្រឹមរយៈពេល៦ថ្ងៃប៉ុណ្ណោះ។ តើទស្សនិកជនយល់ឃើញយ៉ាងណាចំពោះបទថ្មីរបស់ពួកគេមួយនេះ?