បន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងពិព័រណ៌ប្រទេសថៃ កាលពីថ្ងៃទី២១ មីនា ឆ្នាំ២០២៤ គេចាប់អារម្មណ៌ថា ប្រេនកូនខ្មែរ ឃ្វីនស៊ីជូលីហ្វេសសិន Queency Julie Fashion ដែលបង្កើតឡើងដោយលោកស្រី នៅ សុខ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែគ្រប់ឈុតដែលលោកស្រី បានយកទៅដាក់តាំងបង្ហាញនៅក្នុងពិព័រណ៌អន្តរជាតិ នៅទីក្រុងបាងកកនោះ ត្រូវបានជនជាតិថៃ និង ភ្ញៀវចូលទស្សនា ស្ទើរមិនជឿថា គឺជាម៉ូដដែលបង្កើតឡើងដោយលោកស្រី ដែលជាកូនខ្មែរ។
ក្រៅពីត្រូវបានជនបរទេស ជាពិសេសភ្ញៀវថៃកុម្ម៉ង់ទិញ ដែលធ្វើអោយគេមើលឃើញពីភាពជោគជ័យ នៃការបង្ហាញខ្លួននៅក្នុងពិព័រណ៌ទាំងមូល ប្រេនដែលលោកស្រី នៅ សុខ បានបង្កើតនេះ ក៏នឹងគ្រោងត្រូវបានគេទិញសិទ្ធិនាំយកទៅលក់នៅប្រទេសថៃ ឬអាចនឹងមានគម្រោងបើកសាខាមួយនៅប្រទេសថៃផងដែរ ដើម្បីពង្រីកទីផ្សារសំលៀកបំពាក់នារីម៉ាក ឃ្វីនស៊ីជូលីហ្វេសសិន Queency Julie Fashion ខណៈដែលឈុតរបស់កូនខ្មែរយីហោនេះ ក៏ផ្ទុះការគាំទ្រស្ទើរចេញម៉ូដមិនទាន់នៅកម្ពុជា និងមានការកុម្ម៉ង់ទិញច្រើននៅបណ្ដាប្រទេសមួយចំនួន។
នេះក៏ចាត់ថា គឺជាមោទនភាពរបស់កូនខ្មែរផងដែរ ដែលអាចបង្កើតប្រេនផ្ទាល់ខ្លួន ហើយបានវាយចូលទីផ្សារពិព័រណ៌អន្តរជាតិថៃ ដែលកាន់តែធ្វើអោយម៉ាកយីហោមួយនេះ ផ្ទុះការគាំទ្រ។ លោកស្រី នៅ សុខ ក៏ត្រូវគេស្គាល់ថា គឺជាអ្នកចេញម៉ូដដ៏ឆ្នើម ដែលធ្វើអោយឈុតនារី ឃ្វីនស៊ីជូលីហ្វេសសិន Queency Julie Fashion ពេញនិយមក្នុងស្រទាប់អតិថិជនចាស់ និង អតិថិជនថ្មី។
គួរបញ្ជាក់ផងដែរថា ពិព័រណ៍អន្តរជាតិ ដែលបានធ្វើនៅក្នុងទីក្រុងបាងកក ប្រទេសថៃនេះ ត្រូវបានរៀបចំរយៈពេល២ថ្ងៃ កាលពីថ្ងៃទី២១ និង ២២ មីនា ដោយក្រៅពីផលិតផលថៃ ក៏មានផលិតមកពីបណ្ដាប្រទេសផ្សេង ចូលរួមផងដែរ។ ក្រោយបញ្ចប់ពិព័រណ៍អន្តរជាតិនេះ លោកស្រីក៏មានគម្រោងចូលរួមពិព័រណ៍នៅបណ្ដាប្រទេសផ្សេងផងដែរ។