1. អេហ្ស៊ីបថ្លឹងថ្លែងអនុញ្ញាតឱ្យប៉ាឡេស្ទីនចេញពីហ្គាហ្សា
យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី១៥ ខែតុលាបានអោយដឹងថា ប្រទេសអេហ្ស៊ីបកំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងក្លាដើម្បីអនុញ្ញាតឱ្យជនភៀសខ្លួនឆ្លងកាត់ព្រំដែន និងគេចចេញពីយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងការឈ្លានពានដីដែលគេរំពឹងទុក។ អេហ្ស៊ីបដើរតួនាទីពិសេសជាមួយក្រុមហាម៉ាសដោយសម្រុះសម្រួលជម្លោះរបស់ពួកគេជាមួយអ៊ីស្រាអែល ខណៈពេលដែលក៏បានជួយទប់ស្កាត់ក្រុមភេរវករដែលត្រូវបានតាមកំណត់គោលដៅដោយសហរដ្ឋអាមេរិកជាមួយនឹងការបិទផ្លូវទំនិញ និងការធ្វើដំណើរចេញពីតំបន់ហ្គាហ្សាស្ទ្រីប។ យ៉ាងណាមិញពួកគេមានការស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យភាពតានតឹង និងបញ្ហានៃតំបន់ហ្គាហ្សាចូលទៅក្នុងឧបទ្វីបស៊ីណៃក្នុងប្រទេសរបស់ខ្លួនក្នុងទម្រង់ជាជនភៀសខ្លួនដ៏ច្រើន។ ប៉ុន្តែមន្ត្រីលោកខាងលិចមួយចំនួននិយាយថា អេហ្ស៊ីបមិនបានជួយអ្វីបានច្រើននោះទេ ហើយកំពុងស្វែងរកជំនួយពីប្រទេសកាតា ហើយក៏ដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាសផងដែរ។
2. ហេតុអ្វីបានជាការឈ្លានពានតំបន់ហ្គាហ្សាគឺជាកំហុសសម្រាប់អ៊ីស្រាអែល?
យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី១៦ ខែតុលាបានអោយដឹងថា ប្រសិនបើអ៊ីស្រាអែលចូលទៅក្នុងតំបន់ហ្គាហ្សាឥឡូវនេះ វានឹងបំផ្លាញកិច្ចព្រមព្រៀងអាប្រាហាំ និងបង្កឱ្យមានអស្ថិរភាពបន្ថែមទៀតដល់សម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់អាមេរិក (គឺអេហ្ស៊ីប និងហ្ស៊កដានី) និងធ្វើឱ្យការផ្សះផ្សារទំនាក់ទំនងឡើងវិញជាមួយអារ៉ាប៊ីសាអូឌីតកាន់តែមិនអាចទៅរួចនោះទេ។ វាក៏នឹងអាចធ្វើឱ្យក្រុមហាម៉ាសវាយប្រហារតំបន់ West Bank ដែលនឹងនាំអោយផ្ទុះសង្គ្រាមរវាងអ្នកតាំងទីលំនៅជនជាតិជ្វីហ្វ និងជនជាតិប៉ាឡេស្ទីន។ ហើយវាក៏នឹងរងការវាយលុកដោយផ្ទាល់ទៅក្នុងយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ក្នុងការជញ្ជក់ឈាមអ៊ីស្រាអែល ដោយការធ្វើឱ្យប្រជាធិបតេយ្យជ្វីហ្វចុះខ្សោយពីខាងក្នុងមក។ គោលដៅយុទ្ធសាស្ត្រទី1 របស់អ៊ីរ៉ង់ជាមួយអ៊ីស្រាអែលគឺតែងតែដើម្បីធានាបានថាអ៊ីស្រាអែលនៅតែជាប់គាំងនៅតំបន់ West Bank ហើយនឹងកាន់កាប់តំបន់ភាគខាងត្បូងលីបង់ឡើងវិញ និងនៅក្នុងសុបិនដ៏ក្តៅគគុកបំផុតរបស់អ៊ីរ៉ង់ គឺការប្រាថ្នាកាន់កាប់តំបន់ហ្គាហ្សាឡើងវិញនេះហើយ។ អ៊ីស្រាអែលដែលកំពុងមានភាពទន់ខ្សោយផ្នែកសតិអារម្មណ៍ សេដ្ឋកិច្ច និងយោធាបែបនេះ ច្បាស់ជាមិនអាចគំរាមកំហែងដល់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងមហិច្ឆតារបស់អ៊ីរ៉ង់បានឡើយ។
3. ស៊ីរ៉ែនបន្លឺឡើងរំខានដល់ការបើកសភាអ៊ីស្រាអែល
យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី១៧ ខែតុលាបានអោយដឹងថា សំលេងស៊ីរ៉ែនបានបន្លឺឡើងបង្អាក់ដល់ការបើកសម័យប្រជុំរដូវរងានៃសភាអ៊ីស្រាអែលកាលពីល្ងាចថ្ងៃច័ន្ទ ខណៈដែលរ៉ុក្កែតមួយចំនួនត្រូវបានទទួលដឹងឡើងថាកំពុងស្ថិតនៅជិតទីក្រុងហ្សេរុយសាឡឹម។ សមាជិកសភាត្រូវបានស្នើឱ្យចាកចេញពីអង្គជំនុំជម្រះ ហើយជម្លៀសទៅកាន់កន្លែងការពារពីគ្រាប់បែក។ វាមិនអាចដឹងភ្លាមៗបានទេ ថាមីស៊ីលទាំងនោះត្រូវបានស្ទាក់ចាប់ដោយខែលការពាររបស់ Iron Dome អ៊ីស្រាអែលរឺយ៉ាងណា។ សេវាសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែលបាននិយាយថា ពួកគេមិនបានដឹងពីការវាយប្រហារ ឬការរងរបួសណាមួយឡើយ។ មុននេះនៅក្នុងសម័យប្រជុំទាំងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងប្រធានាធិបតីរបស់ប្រទេសគឺលោក Isaac Herzog បានថ្លែងទៅកាន់សភាដែលត្រូវបានហៅថាKnesset។ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានចេញការព្រមានដល់ក្រុម Hezbollah និងអ៊ីរ៉ង់ដែលនៅពីក្រោយពួកគេ អោយពួកគេនៅខាងក្រៅខ្សែប្រយុទ្ធ ខណៈដែលកងកម្លាំងការពារអ៊ីស្រាអែលនឹងត្រៀមបើកប្រតិបត្តិការជើងគោកនៅតំបន់ Gaza Strip ក្នុងគោលបំណងដើម្បីកម្ចាត់ក្រុមហាម៉ាស។