Benzinga-
អ៊ុយក្រែនបានចោទប្រកាន់កងកម្លាំង Vladimir Putin បានវាយប្រហារទៅលើស្ថានីយ៍ទឹកនិងភ្លើងនៅក្នុង Kharkiv បន្ទាប់ពីកងកម្លាំងអ៊ុយក្រែនបានបង្ខំឲ្យរុស្សីបោះបង់ទីតាំងសំខាន់នៅក្នុងតំបន់ ដែលជាផ្នែកមួយការវាយបកនៅក្នុងចុងសប្តាហ៍នេះ។ លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថា រុស្សីបានវាយប្រហារទៅលើហេដ្ឋារចនាសម័ន្ធស៊ីវិលនៅក្នុង Kharkiv បណ្តាលឲ្យមានការដាច់ភ្លើងនៅក្នុងតំបន់ Kharkiv និង Donetsk និងការដាច់ភ្លើងនៅកន្លែងខ្លះនៅក្នុង Zaporizhzhia, Dnipropetrovsk និងតំបន់ Sumy ។ លោកបានបន្ថែមទៀតថា វាជាអំពើដ៏កំសាកដែលប៉ះពាល់ទៅដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋប្រហែល៩លាននាក់ ដែលរស់នៅក្នុងតំបន់ Kharkiv និង Donetsk ។
"គ្មានស្ថានីយ៍យោធាស្ថិតនៅទីនោះទេ គោលបំណងគឺដកហូតអគ្គីសនីនិងកំដៅពីប្រជាពលរដ្ឋ" Zelensky បាននិយាយនៅលើ Twitter នៅល្ងាចថ្ងៃអាទិត្យ។ ទីប្រឹក្សា Zelensky, Mykhailo Podolyak បាននិយាយថាស្ថានីយ៍អគ្គីសនីយ៍ CHPP-5 នៅ Kharkiv ដែលជាស្ថានីយ៍មួយដ៍ធំនៅក្នុងអ៊ុយក្រែន ត្រូវបានរងការវាយប្រហារ "ការឆ្លើយតបដ៏កំសាក បន្ទាប់ពីការរត់គេចចេញនៃកងទ័ពរបស់គេចេញពីសមរភូមិ" លោកនិយាយនៅលើ Twitter ។ ទន្ទឹមគ្នានោះដែរ តំណាងសហរដ្ឋអាមេរិកនៅអ៊ុយក្រែន Bridget Brink បាននិយាយប្រឆាំងទៅនឹងការវាយប្រហារដ៏កំសាកនេះ “រុស្សីប្រហែលជាឆ្លើយតបទៅនឹងការរំដោះរបស់អ៊ុយក្រែនចំពោះក្រុងនិងភូមិនៅក្នុងតំបន់ខាងកើត ដោយបានបាញ់មីស៊ីល ដើម្បីប៉ុនប៉ងបំផ្លាញហេដ្ឋារចនាសម្ព័នដ៏សំខាន់របស់ពលរដ្ឋ"។
រឿងនេះចេញមកបន្ទាប់ពីអ៊ុយក្រែនបានប្រកាសថា វាជាការធ្លាក់ចុះឬត្រឡប់ក្រោយដ៏ធ្ងន់ធ្ងរសំរាប់វិមានក្រឹមឡាំង, បន្ទាប់ពីកងកម្លាំងអ៊ុយក្រែនបានធ្វើការវាយបកនៅក្នុងប៉ែកឥសាន្ត ដែលជាសក្តានុពលក្នុងការវាយទម្លុះបកទៅវិញលើទីតាំងរបស់រុស្សី ដែលបានវាយកាន់កាប់អស់រយៈពេល៦ខែកន្លងមក និងបាននិយាយថា នៅក្នុងរដូវរងាគេនឹងបានឃើញអ៊ុយក្រែនវាយកាន់កាប់ទឹកដីបន្ថែមទៀត បើសិនជាទិក្រុង Kyiv ទទួលបាននូវអាវុធដ៏ខ្លាំងក្លាបន្ថែមទៀតពីសម្ព័នមិត្តលោកខាងលិចនិងអាមេរិក។ នៅក្នុងការចាញ់យ៉ាងធ្ងន់ធ្ងររបស់កងកម្លាំងទីក្រុងមូស្គូនេះ កងទ័ពរុស្សីបានបន្សល់ទុកនូវគ្រឿងអាវុធយុទ្ធភ័ណ្ឌជាច្រើន។
មេបញ្ជាការកងទ័ពអ៊ុយក្រែន លោកឧត្តមសេនីយ៍ Valery Zaluzhnyi បាននិយាយថា កងទ័ពបានវាយកាន់កាប់ឡើងវិញនូវទឹកដីចំនូនជាង៣,០០០គ.ម.ការ៉េ ចាប់តាំងពីចាប់ផ្តើមនៅដើមខែនេះ។ ដែលជានយោបាយ ការកើនឡើងនៃទឹកដីរបស់អ៊ុយក្រែន វាមានសារៈសំខាន់ណាស់សំរាប់ Zelensky ខណៈដែលលោកកំពុងតែស្វែងរកដើម្បីរក្សានូវសាមគ្គីភាពរបស់អឺរ៉ុបឲ្យរួបរួមគ្នានៅពីក្រោយអ៊ុយក្រែន បន្តផ្គត់ផ្គង់អាវុធនិងថវិការ ទោះបីជាវិបត្តិឋាមពលកំពុងតែពុះកញ្ជ្រោលឡើងនៅក្នុងរដូវរងារនេះ បន្ទាប់ពីរុស្សីបានកាត់ផ្តាច់នូវការផ្គត់ផ្គង់ឧស្ម័នទៅកាន់អតិថិជនអឺរ៉ុប។ អគ្គសេនាធិការអ៊ុយក្រែន បាននិយាយកាលពីថ្ងៃច័ន្ទថា កងកម្លាំងការពារជាតិបានដកហូតយកទីតាំងពីសត្រូវច្រើនជាង២០កន្លែងនៃទីតាំងក្នុងអម្លុងពេល២ថ្ងៃមុននេះ៕