អតីតប្រធានាធីបតីលោក ឌីមីទ្រី មេដវេដេវ បាននិយាយថា មូស្គូនឹងប្រយុទ្ធប្រឆាំងទៅនឹងការប៉ុនប៉ងក្នុងការចាប់យកទ្រព្យសម្បត្តិរបស់រុស្សីនៅឯបរទេសនៅក្នុងតុលាការជុំវិញពិភពលោក។ Medvedev ដែលបានផ្តល់ប្រឹក្សាដល់ Putin នៅក្នុងរឿងសន្តិសុខជាតិ បាននិយាយនៅក្នុងការផុសតាម Telegram កាលពីថ្ងៃពុធថា មុខជំនួញរបស់រុស្ស៊ីដែលកម្មសិទ្ធរបស់គេ ដែលត្រូវរងនូវទណ្ឌកម្មនឹងត្រូវចាត់វិធានការណ៍តាមផ្លូវច្បាប់នៅក្នុងសហរដ្ឋអាមេរិកសហគមន៍អឺរ៉ុប និងកន្លែងផ្សេងទៀត។ លោកបានសរសេរថា “គូរប្រឆាំងរបស់យើងត្រូវតែយល់ថា ពួកគេនឹងប្រឈមទៅនឹងបណ្តឹងជាច្រើនករណីនៅក្នុងតុលាការ ទាំងតុលាការជាតិនៅសហរដ្ឋអាមេរិក និងអឺរ៉ុប និងតុលាការអន្តរជាតិ”។ ចាប់តាំងពី Putin បានធ្វើការឈ្លានពានមកលើអ៊ុយក្រែននៅខែកុម្ភៈ សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តដទៃទៀត បានដាក់មុខព្រួញទណ្ឌកម្មជាបន្តបន្ទាប់ ទៅលើអ្នករកស៊ី និងក្រុមហ៊ុនដែលមានចាប់ពីធនាគារ ដែលត្រួតត្រាដោយរដ្ឋរហូតដល់ទៅក្រុមហ៊ុនរកស៊ីលក់អាវុធ។
Medvedev ដែលធ្លាប់បំរើការជាប្រធានាធិបតីចាប់តាំងពី ២០០៨ រហូតដល់ ២០១២ មុនពេលដែល Putin បានចូលកាន់តំណែងឡើងវិញគឺជាអនុប្រធាននៃក្រុមប្រឹក្សាសន្តិសុខរបស់រុស្សី ដែលដឹកនាំដោយ Putin នឹងបានផ្តល់នូវការប្រឹក្សាដល់លោកប្រធានាធិបតីផ្នែកសន្តិសុខជាតិ និងបានប្រើប្រព័ន្ធ Telegram ដើម្បីបញ្ចេញនូវការគំរាមកំហែងរួមគ្នា និងការធ្វើអត្ថាធិប្បាយអំពីការដាក់ទណ្ឌកម្មមកលើរុស្សី ចាប់តាំងពីមានការឈ្លានពានមកលើអ៊ុយក្រែន។ Medvedev ខ្លួនឯងផ្ទាល់ក៏ត្រូវបានបន្ថែមចូលទៅក្នុងបញ្ជីរនៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធនិងសហគមន៍អឺរ៉ុប និងអង់គ្លេសផងដែរ។ ភាគច្រើននៃទណ្ឌកម្មប្រឆាំងទៅនឹងផលប្រយោជន៍របស់រុស្សី មានរួមបញ្ចូលនូវការបង្កកទ្រព្យសម្បត្តិ។ នៅក្នុងអង់គ្លេសការបង្កកទ្រព្យសម្បត្តិគឺការពារមិនឲ្យម្ចាស់ទ្រព្យដែលមានដី អគារ ភាគហ៊ុននៅក្នុងក្នុងក្រុមហ៊ុនឬក៏ការងារសិល្បះដែលធ្វើឲ្យមានភាគលាភអំពីវា រួមបញ្ចូលទាំងការលក់។ ទោះជាយ៉ាងណាក៏ដោយ កម្មសិទ្ធទាំងអស់នោះនឹងមិនត្រូវដកហូតដោយខុសច្បាប់នោះទេ៕