Reuters-
ប្រធានាធិបតីរុស្សី Vladimir Putin ទទួលស្គាល់តំបន់ចំនួន២ នៅអ៊ុយក្រែនភាគខាងកើតថា ជារដ្ឋឯករាជ្យកាលពីថ្ងៃច័ន្ទ ព្រមទាំងបានបញ្ជាឲ្យកងទ័ពរុស្សីឲ្យរៀបចំនូវអ្វីដែលក្រុងមូស្គូហៅថា ជាប្រតិបត្តិការណ៍ថែរក្សាសន្តិភាពនៅក្នុងទីកន្លែងនោះ ដែលបង្កើននូវវិបត្តិធ្វើឲ្យលោកខាងលិចយល់ថា អាចបង្កើតទៅជាសង្រ្គាមមួយដ៏ធំ។ Putin បានបញ្ជាឲ្យក្រសួងការពារជាតិដាក់ពង្រាយកងទ័ពចូលទៅក្នុងតំបន់ទាំង ២នោះ ដើម្បិថែរក្សាសន្តិភាព នៅក្នុងក្រិតមួយដែលបានចេញក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីបានប្រកាសទទួលស្គាល់ក្រុមបំបែករដ្ឋ ដែលគាំទ្រដោយរុស្សីនៅទីនោះ។
វានៅមិនទាន់ច្បាស់លាស់នៅឡើយ ថាតើសកម្មភាពរបស់រុស្សីនឹងត្រូវបានចាត់ទុកដោយបស្ចឹមប្រទេសថា ជាការចាប់ផ្តើមឈ្លានពានអ៊ុយក្រែនដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានព្រមានជាច្រើនសប្តាហ៍មកហើយ ចាប់តាំងពីទីកន្លែងនោះបានកាន់កាប់រួចជាស្រេច ដោយក្រុមបំបែករដ្ឋដែលគាំទ្រដោយរុស្សី។ មិនទាន់មានពាក្យសំដីនិយាយអំពីទំហំនៃកងកម្លាំង ដែលរុស្សីបានឆ្ពោះទៅទេ ប៉ុន្តែក្រិតបាននិយាយថា រុស្សីមានសិទ្ធនឹងកសាងនូវមូលដ្ឋានយោធានៅក្នុងតំបន់បំបែកខ្លួនហើយ បេសកកម្មនៃកងទ័ពទាំងនោះគឺដើម្បីទ្រទ្រង់សន្តិភាព។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ដ៏វែងជាមួយនឹងការបង្ហាញនូវការឈឺចាប់ជាមួយបស្ចឹមប្រទេស Putin មើលទៅហាក់ដូចជាខឹងសម្បារ ដោយបានពណ៌នាថាអ៊ុយក្រែន វាជាផ្នែកទាំងមូលនៃប្រវត្តិសាស្ត្ររុស្សី និងនិយាយថា ភាគខាងកើតអ៊ុយក្រែនជាអតីតទឹកដីរុស្សី ហើយលោកជឿជាក់ថាប្រជាពលរដ្ឋរុស្សីនឹងគាំទ្រនូវសេចក្តីសំរេចនេះ។ ទូរទស្សន៍រដ្ឋរុស្សីបានបង្ហាញ Putin ដែលចូលរួមដោយមេដឹកនាំបំបែករដ្ឋ ចុះហត្ថលេខាលើក្រិតទទួលស្គាល់ឯករាជ្យលើតំបន់បំបែករដ្ឋអ៊ុយក្រែនទាំង២ដែលប្រកាសដោយខ្លួនឯង គឺសាធារណរដ្ឋ ប្រជាជន Donetsk និង Luhansk ។
ដោយមិនគោរពតាមការព្រមានរបស់លោកខាងលិចប្រឆាំងទៅនឹងទង្វើរដូចនេះ Putin បានប្រកាសនូវការសំរេចចិត្តតាមរយៈការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំអាល្លឺម៉ង់និងបារាំងថ្មីៗនេះ ធ្វើឲ្យលោកទាំង២សំដែងនូវការខកចិត្ត វិមានក្រឹមឡាំងបាននិយាយ៕